ប្រទេស​ណា ដែល​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង COVID-19 ច្រើនជាងគេ​ក្នុង​ពិភពលោក?

សហរដ្ឋ​អាម៉េរិក គឺជា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ពោលគឺ​ច្រើនជាង​មហា​យក្ស​ចិន ជប៉ុន អង់គ្លេស ទៅទៀត នេះ​បើតាម​ទិន្នន័យ​របស់ UNICEF។

ទិន្នន័យ​ដែល​ត្រូវបាន​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) បង្ហាញថា គិត​មកដល់​ថ្ងៃទី 9 កញ្ញា ឆ្នាំ 2021 សហរដ្ឋ​អាម៉េរិក បានផ្ដល់​ជំនួយ​វ៉ាក់សាំង COVID-19 ជាង 114 លាន​ដូ​ស ទៅឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ប្រមាណ 80 នៅ​ទ្វីបអាស៊ី អាហ្វ្រិក និង អាម៉េរិក​ឡាទីន។ តួលេខ​នេះ​ច្រើនជាង 3 ដង ធៀប​នឹង 34 លាន​ដូ​ស ដែល ចិន បានផ្ដល់​ជំនួយ​ដល់​ពិភពលោក។

UNICEF គឺជា​អង្គ​ការដែល​ទទួលបន្ទុក​ការពារ និង​អភិវឌ្ឍ​កុមារ ទន្ទឹមនឹងនេះ UNICEF ក៏​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​ក្នុងការ​បែងចែក​វ៉ាក់សាំង COVID-19 នៃ​យន្តការ COVAX ដើម្បី​រំលែក​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។ ទិន្នន័យ​នេះ​ត្រូវបាន UNICEF បូកសរុប​ពី​ព័ត៌មាន​ជា​សាធារណៈ អាច​មិន​បង្ហាញ​បាន​ទាំងស្រុង​នូវ​កម្រិត​នៃ​ការចូលរួម​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក។

ប្រទេស​ចិន គឺជា​អ្នកផ្ដល់ជំនួយ​វ៉ាក់សាំង COVID-19 ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ខណៈដែល ជប៉ុន ឈរ​លំដាប់​ទី​បី ដោយបាន​ផ្ដល់ជំនួយ​ប្រមាណ 23.3 លាន​ដូ​ស នេះ​បើតាម​ទិន្នន័យ​របស់ UNICEF។

បណ្ដា​ប្រ​ទស​នៅ​អាស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 ច្រើនជាងគេ ក្នុងនោះ ប្រទេស​បង់​ក្លា​ដែ​ស, ហ្វីលីពីន, ឥណ្ឌូនេស៊ី និង​ប៉ា​គី​ស្ថាន សុទ្ធតែ​ទទួលបាន​ជាង 10 លាន​ដូ​ស​ដូចគ្នា។

វ៉ាក់សាំង​ជាង 207 លាន​ដូ​ស ត្រូវបាន​ផ្ដល់​ជា​ជំនួយ​តាមរយៈ​ទ្វេភាគី ឬ​តាម​យន្តការ COVAX ទាប​ជាង​ច្រើន​ធៀប​នឹង​ការស្នើ​របស់​គណៈកម្មកា​រ​ឯករាជ្យ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ នៅក្នុង​របាយការណ៍​ថ្មី​បំផុត​កាលពី​ខែឧសភា គណៈកម្មការ​នេះ​បានស្នើ​ឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ បែងចែក​វ៉ាក់សាំង​យ៉ាងតិច 1 ពាន់​លាន​ដូ​ស ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម នៅមុន​ថ្ងៃទី 1 កញ្ញា និង 1 ពាន់​លាន​ដូ​ស​ផ្សេងទៀត នៅ​ពាក់កណ្ដាល​ឆ្នាំ 2022។

កម្ពុជា​ ក៏ធ្លាប់​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ COVID-19 ដល់​កម្ពុជា​ តាម​រយៈ​យន្តការ​ COVAX

ការស្រាវជ្រាវ​មួយ​របស់​ក្រុមហ៊ុន Airfinity បង្ហាញថា បណ្ដា​ប្រទេស​អ្នកមាន ទិញ​វ៉ាក់សាំង​ច្រើនជាង​តម្រូវការ​ចាំបាច់។ ក្រុមហ៊ុន​នេះ បាន​ព្យាករ​ថា សហរដ្ឋ​អាម៉េរិក, សហភាព​អឺរ៉ុប (EU), អង់គ្លេស, កាណាដា និង ជប៉ុន នឹង​សល់​វ៉ាក់សាំង​ជាង 1.2 ពាន់​លាន​ដូ​ស​នៅក្នុង​ឆ្នាំ 2021 ក្រោយពី​បាន​ចាក់ឱ្យ​ពលរដ្ឋ​រួចរាល់ និង​ចាក់​ដូ​ស​ជំរុញ។

WHO ដាក់​ផែន​ការជួយ​ឱ្យ​គ្រប់​ប្រទេស ចាក់​វ៉ាក់សាំង COVID-19 ដល់​ពលរដ្ឋ​យ៉ាងតិច 10% ក្នុងចំណោម​ពលរដ្ឋ​ទាំងអស់​របស់​ពួកគេ​នៅ​ចុងខែ​នេះ មុនពេល​ដំឡើង​តួលេខ​នេះ​ឱ្យដល់​យ៉ាង​ទាប ត្រឹម 40% នៅ​ចុង​ឆ្នាំនេះ និង 70% នៅ​ពាក់កណ្ដាល​ឆ្នាំ 2022។

ទិន្នន័យ​បានបង្ហាញ​ថា តំបន់​អាហ្វ្រិក បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ប្រមាណ 5.5% នៃ​ចំនួន​ពលរដ្ឋ​សរុប​របស់​ទ្វីប​នេះ ហើយ​នេះ​គឺជា​កម្រិត​ទាប​បំផុត​នៅក្នុង​ពិភពលោក។

ក្រុម​អ្នកជំនាញ រួមមាន​ទាំង​អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង​ដ៏​ល្បីឈ្មោះ Larry Brilliant បាន​និយាយថា ត្រូវ​ការចាក់​វ៉ាក់សាំង COVID-19 ឱ្យបាន​ទូលំទូលាយ​ជាង​នេះ​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​របស់​បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី និង​បញ្ចប់​ការ​រាតត្បាត​របស់​វីរុស COVID-19 នៅ​ទូទាំង​សកលលោក។

ក្រៅពី​ការព្រួយបារម្ភ​អំពី​សុខភាព ការយឺតយ៉ាវ​ក្នុងការ​ចាក់​វ៉ាក់សាំង​ក៏​អាចធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ត្រូវ​ខាតបង់ 2,300,000,000,000 (2.3 សែន​កោដិ ឬ 2.3 ទ្រី​លាន) ដុល្លារ​អាម៉េរិក ចាប់ពី​ឆ្នាំ 2022 ដល់​ឆ្នាំ 2025។ នេះ​បើតាម​ការ​គណនា​របស់​ក្រុមហ៊ុន Economist Intelligence Unit។ ក្រុមហ៊ុន​នេះ​យល់ថា បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទើបតែ​លូតលាស់​នឹងរង​ផលប៉ះពាល់​ប្រមាណ 2/3 នៃ​ខ្ទង់​ខាតបង់​សរុប៕

Advertisement