WHO សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ជំងឺ​រាតត្បាត ដើម្បី​ទប់ទល់​នឹង​វីរុស​អនាគត

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel បានចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលស៊ើបការណ៍រោគរាតត្បាត នៅរដ្ឋធានី ប៊ែរឡាំង កាលពីថ្ងៃទី 1 កញ្ញា។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ស្ដីពី​រោគរាតត្បាត​នៅ​រដ្ឋធានី ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ក្នុង​បំណង​ជួយ​ព្យាករ​បាន​ឆាប់រហ័ស​អំពី​មហា​រោគរាតត្បាត​នាពេល​អនាគត។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus និង​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel បាន​ចូលរួម​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​រោគរាតត្បាត នៅ​រដ្ឋធានី ប៊ែ​រ​ឡាំង កាលពី​ថ្ងៃទី 1 កញ្ញា។

មជ្ឈមណ្ឌល​ខាងលើនេះ​គឺជា​កន្លែង​ប្រមូលផ្ដុំ​អ្នកវិទ្យាសាស្ត្រ និង​ជាទី​សម្រាប់ធ្វើ​ការគូសវាស​គោលនយោបាយ​សកល ត្រូវបាន​បង្កើតឡើង​ដើម្បី​វិភាគ​ទិន្នន័យ​បាន​លឿន ក្នុង​បំណង​ព្យាករ ទប់ស្កាត់ រកឃើញ ត្រៀម និង​ទប់​ទល់នឹង​រាល់​ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​វីរុស នៅ​ទូទាំង​ពិភពលោក។

លោក Chikwe Ihekweazu

លោក Tedros និយាយថា «វីរុស​ឆ្លង​រាលដាល​លឿន ប៉ុន្តែ ទិន្នន័យ​អាច​បញ្ជូន​បាន​លឿន​ជាង​វីរុស។ ជាមួយនឹង​ព័ត៌មាន​សមស្រប បណ្ដា​ប្រទេស និង​សហគមន៍ នឹង​អាច​ទប់​ទល់នឹង​ហានិភ័យ​ថ្មី​ដែល​ទើបបាន​កើតឡើង និង​សង្គ្រោះ​មនុស្ស​បាន​ទាន់ពេល»។

មេដឹកនាំ​មជ្ឈមណ្ឌល​នេះ​គឺ​លោក Chikwe Ihekweazu ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស នី​ហ្សេ​រី​យ៉ា។ ក្នុង​រយៈពេល 3 ឆ្នាំ​ដំបូង មជ្ឈមណ្ឌល​ស៊ើបការណ៍​នេះ​នឹង​ត្រូវបាន​រដ្ឋាភិបាល​អាល្លឺម៉ង់ ឧបត្ថម្ភ​មួយផ្នែក​ដែលមាន​តម្លៃ​ប្រមាណ 100 លាន​ដុល្លារ​អាមេរិក។ ទីស្នាក់ការ​នៃ​មជ្ឈមណ្ឌល​នេះ បច្ចុប្បន្ន​ស្ថិតនៅក្នុង​រដ្ឋធានី​ប៊ែ​រ​ឡាំង។

នាយករដ្ឋមន្ត្រី Merkel សង្ឃឹមថា មជ្ឈមណ្ឌល​ថ្មី​នេះ​នឹង​ជួយ​ពិភពលោក «ត្រៀមខ្លួន​បានល្អ​ជាង​មុន សម្រាប់​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នាពេល​អនាគត»៕

Advertisement