អ៊ីស្រាអែល បញ្ជាក់ថា វ៉ាក់សាំង​ដូ​ស​បន្ថែម កាត់បន្ថយ​ហានិភ័យ​ឆ្លង​វីរុស COVID-19

ក្រសួងសុខាភិបាល អ៊ីស្រាអែល កាលពី​ថ្ងៃទី 22 សីហា បានប្រកាស​អំពី​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​ទី​បី និង​បាន​បញ្ជាក់ថា ដូ​ស​បន្ថែម​នេះ បាន​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​របស់ COVID-19។

លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​គ្រប់គ្រង​ការចាក់​វ៉ាក់សាំង កាលពី​ថ្ងៃទី 19 សីហា និង​ត្រូវបាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រសួងសុខាភិបាល អ៊ីស្រាអែល កាលពី​ថ្ងៃទី 23 សីហា ក៏​ប៉ុន្តែ បច្ចុប្បន្ន​នេះ​ សេចក្ដីលម្អិត​នៃ​ការស្រាវជ្រាវ​នេះ មិនទាន់​ត្រូវបាន​ធ្វើឡើង​ពេញលេញ​នៅឡើយ។

ការរកឃើញ​នេះ​គឺ​ត្រូវ​ទៅនឹង​ស្ថិតិ​ដែល​ត្រូវ​បានលើកឡើង​កាលពី​សប្ដាហ៍​មុន ដោយ Maccabi ដែលជា​អ្នកផ្ដល់​សេវាកម្ម​សុខាភិបាល របស់ អ៊ីស្រាអែល និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ដើម្បី​ទប់ស្កាត់​វ៉ា​រ្យ៉​ង់ Delta។

ក្រោយ​ការពិនិត្យ​ទៅលើ​ទិន្នន័យ​ដែល​បាន​ដកស្រង់​ពី​ស្ថិតិ របស់​វិទ្យាស្ថាន Gertner និង​វិទ្យាស្ថាន KI ក្រុមមន្ត្រី​សុខា​ភី​បាល អ៊ីស្រាអែល ឱ្យដឹងថា ក្នុងចំណោម​មនុស្ស​ដែលមាន​វ័យ​លើសពី 60 ឆ្នាំ លទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​វីរុស បន្ទាប់ពី​បាន​ចាក់​ម្ជុល​ទី​បី បាន 10 ថ្ងៃ គឺ​ខ្ពស់ជាង 4 ដង ធៀប​នឹង​អ្នក​ចាក់​តែ​ពីរ​ម្ជុល។

ការចាក់​ដូ​ស​ទី​បី​ដល់​ពលរដ្ឋ​វ័យ​លើសពី 60 ឆ្នាំ ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​អាការ​ធ្ងន់ធ្ងរ ចាប់ពី 5 ដល់ 6 ដង​ឯណោះ។ នេះ​គឺជា​ក្រុម​ដែល​ងាយ​រងគ្រោះ​ដោយសារ COVID-19 និង​ជា​ក្រុម​ពលរដ្ឋ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដំបូង​គេ​នៅ អ៊ីស្រាអែល កាលពី​ខែធ្នូ ឆ្នាំ 2020។

អ៊ីស្រាអែល គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 990,428 នាក់ ក្នុងនោះ​មាន 6,830 នាក់ បាន​ស្លាប់៕

Advertisement