ម៉ាឡេស៊ី អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង COVID-19

ក្នុង​កាលៈទេសៈ​ដែល​តួលេខ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ដោយសារ COVID-19 ចេះតែ​កើនឡើង ក្រសួងសុខាភិបាល​ប្រទេស ម៉ាឡេស៊ី បាន​អំពាវនាវ​ដល់​ក្រុម​គោលដៅ​នេះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ដើម្បី​ការពារ​អាយុជីវិត​ផ្ទាល់ខ្លួន និង​កូន​ក្នុង​ផ្ទៃ។

វេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ជា 40% បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ MySejahtera។ លោក Noor សង្កត់ធ្ងន់ថា អត្រា​នេះ នៅតែ​ទាប ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​នៅតែមាន​ហានិភ័យ​ឆ្លង COVID-19។

លោក Noor ក៏បាន​ស្នើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​រួចរាល់ មុនពេល​ឈាម​ចូលដល់​ដំណាក់កាល​ចុងក្រោយ​នៃ​វដ្ដ​របស់​គភ៌។

ចាប់តាំងពី​ការផ្ទុះ​ឆ្លង​រាលដាល​របស់ COVID-19 ប្រទេស​ម៉ាឡេស៊ី មាន​ស្ត្រី​ពពោះ​ចំនួន 70 នាក់ បាន​ស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ។ ក្នុងនោះ​មាន 17 នាក់ បាន​ស្លាប់​នៅក្នុង​ខែមិថុនា ហើយ​ក្នុងនោះ​ក៏មាន 15 ករណី​មិនទាន់បាន​ចាក់​វ៉ាក់សាំង និង 2 ករណី​ទើបតែ​បាន​ចាក់​ដូ​ស​ទីមួយ។

ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី បានឱ្យដឹងថា ចាប់ពី​ខែមីនា ឆ្នាំ 2020 ដល់​ខែមិថុនា ឆ្នាំ 2021 ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3,396 នាក់ បាន​ឆ្លង COVID-19។

យោងតាម​អង្គការ​សុខភាព​ពិភពលោក ស្ត្រី​មាន​ផ្ទៃពោះ មាន​ហានិភ័យ​ឆ្លង COVID-19 ធ្ងន់ធ្ងរ និង​ត្រូវ​ការចូល​មន្ទីរពេទ្យ ព្យាបាល​ទៅតាម​ស្ដង់ដា​ពិសេស ហើយ​អត្រា​នៃ​ការប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ក៏​ខ្ពស់ជាង ធៀប​នឹង​ស្ត្រី​មិនមាន​ផ្ទៃពោះ។

នៅ សហរដ្ឋអាមេរិក ក្រុមមន្ត្រី​សុខាភិបាល ក៏បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​បញ្ជាក់ថា ទិន្នន័យ​នៃ​ការស្រាវជ្រាវ​នានា​បង្ហាញថា វ៉ាក់សាំង COVID-19 មិន​ធ្វើឱ្យ​ហានិភ័យ​នៃ​បញ្ហា​រលូត​កូន កើនឡើង​នោះទេ។

Rochelle Walensky ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ន​នេះ «លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ ស្ត្រី​កំពុង​គិតដល់​ការ​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន​ពី​វីរុស COVID-19»៕

Advertisement