ទស្សនា​របៀប​ដែល​សាលារៀន​នៅ កូរ៉េខាងជើង ទប់ស្កាត់ COVID-19

សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Jang Chol Gu នៅ​រដ្ឋធានី ព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង បាន និង​កំពុង​អនុវត្ត​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19។

ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បានធ្វើ​បទ​យកការណ៍​ខ្លី​មួយ ស្ដីពី​យុទ្ធនាការ​ទប់ស្កាត់ COVID-19 នៅក្នុង​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Jang Chol Gu។

សាកលវិទ្យាល័យ Jang Chol Gu នា​រដ្ឋធានី​ព្យុងយ៉ាង បាន និង​កំពុងតែ​អនុវត្ត​គ្រប់​វិធានការ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស COVID-19។

ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់​ជាង 200 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជាង 4 លាន​នាក់។ An Jong Choi ជា​អ្នកត្រួតពិនិត្យ​លើ​ការបាញ់​ថ្នាំ​សម្លាប់​វីរុស​នៅក្នុង​សាលា​សាកលវិទ្យាល័យ Jang Chol Gu បាន​និយាយថា៖ «ក្នុង​គ្រានេះ ខ្ញុំ​គិតថា ការគំរាមកំហែង​ធំ​បំផុត នោះ​គឺ​ការមើលស្រាល​បញ្ហា ការមិន​យកចិត្តទុកដាក់ ភាព​ធូររលុង​នៅក្នុង​យុទ្ធនា​ការប្រឆាំង​រោគរាតត្បាត»។

និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ សុទ្ធតែ​គាំទ្រ និង​អនុវត្តតាម​វិធានការ​ទប់ស្កាត់ COVID-19 របស់​សាលា។ និស្សិត​ម្នាក់​ឈ្មោះ Cha Jin Myong បាន​ប្រាប់ AFP ថា៖ «យើង​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​យល់ច្បាស់​អំពី​សារប្រយោជន៍​នៃ​ការ​វាស់​កំដៅ​រាងកាយ ការលាង​សម្អាត​ដៃ និង​ការចូលរួម​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​វីរុស»។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​កូរ៉េខាងជើង មិនទាន់មាន​ករណី​វិជ្ជមាន​នឹង COVID-19 ណាមួយ ដែល​ត្រូវបាន​រកឃើញ​នៅឡើយ៕

Advertisement