ក្រុមមន្ត្រី សហរដ្ឋអាមេរិក អំពាវនាវ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះ ទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយបញ្ជាក់ថា ទិន្នន័យនៃការស្រាវជ្រាវនានាបង្ហាញថា វ៉ាក់សាំង COVID-19 មិនធ្វើឱ្យហានិភ័យនៃបញ្ហារលូតកូន កើនឡើងនោះទេ។
Rochelle Walensky ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ននេះ «លើកទឹកចិត្តដល់ស្ត្រីដែលកំពុងមានផ្ទៃពោះ ស្ត្រីកំពុងគិតដល់ការមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីវីរុស COVID-19»។
«វ៉ាក់សាំងសុទ្ធតែមានសុវត្ថិភាព និងប្រសិទ្ធភាព។ ការបង្កើនការចាក់វ៉ាក់សាំង បានក្លាយជារឿងចាំបាច់ជាងពេលណាៗទាំងអស់ នៅពេលដែលយើងកំពុងប្រឈមនឹងវ៉ារ្យ៉ង់ Delta ដែលមានលទ្ធភាពឆ្លងរាលដាលខ្ពស់ និងប៉ះពាល់ធ្ងន់ធ្ងរដល់ស្ត្រីមានផ្ទៃពោះដែលមិនបានចាក់វ៉ាក់សាំង» Walensky ថ្លែងដូច្នេះ។
ថ្មីៗនេះ ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ក្នុងចំណោមស្ត្រីមានផ្ទៃពោះ 4 នាក់ គឺមានតែ 1 នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូស។ CDC របស់ សហរដ្ឋអាមេរិក ឱ្យដឹងថា ហានិភ័យនៃបញ្ហារលូតកូនមិនបានកើនឡើងនោះទេ ចំពោះស្ត្រីមានផ្ទៃពោះជិត 2,500 នាក់ ដែលបានចាក់វ៉ាក់សាំងប្រភេទ mRNA (Pfizer ឬ Moderna) នៅ សហរដ្ឋអាមេរិក មុនសប្ដាហ៍ទី 20 នៃវដ្ដរបស់គភ៌។
ពួកគេបានឱ្យដឹងថា អត្រានៃបញ្ហារលូតកូនចំពោះស្ត្រីដែលបានចាក់វ៉ាក់សាំង COVID-19 គឺ 13% ពោលគឺប្រហាក់ប្រហែលនឹងអត្រារលូតកូនធម្មតា (11-16%)។ «ការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ស្ត្រីមានផ្ទៃពោះគឺមានផលប្រយោជន៍ច្រើនជាងហានិភ័យទាំងឡាយដែលត្រូវបានគេដឹងកន្លងមក» CDC អាមេរិក សង្កត់ធ្ងន់យ៉ាងដូច្នេះ។
សហរដ្ឋអាមេរិក ដែលជាសម្បុកវីរុស COVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក បានរកឃើញអ្នកវិជ្ជមានសរុបចំនួនជាង 37 លានករណី ចំណែកអ្នកស្លាប់ដោយសារឆ្លងវីរុសនេះ មានចំនួនជាង 635,000 ករណី។ បច្ចុប្បន្ន ប្រទេសនេះ មានអ្នកជំងឺ COVID-19 ជាង 6,414,000 កំពុងទទួលការព្យាបាល៕