WHO កំពុង​ពិសោធ​ថ្នាំ 3 ប្រភេទ សម្រាប់​ព្យាបាល COVID-19

ប្រធាន WHO លោក​ Tedros Adhanom Ghebreyesus

អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា កំពុងធ្វើការ​ពិសោធ​លក្ខណៈ​អន្តរជាតិ ចំពោះ​ថ្នាំ​ចំនួន 3 ប្រភេទ សម្រាប់​ព្យាបាល​ជំងឺ COVID-19 ដើម្បី​ស្វែងយល់​ឱ្យដឹងថា តើ​វា​អាចជួយ​ព្យាបាល​អ្នកជំងឺ​បាន​កម្រិតណា។

ថ្នាំ​ទាំង 3 ប្រភេទ ដែល​រួមមាន artesunate, imatinib និង infliximab នេះ នឹងត្រូវ​បានធ្វើ​តេស្ត​លើ​អ្នកជំងឺ COVID-19 នៅឯ​មន្ទីរពេទ្យ​ជាង 600 កន្លែង ក្នុងប្រទេស​ចំនួន 52។ នេះ​បើតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 11 សីហា របស់ WHO។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែងថា៖ «ការស្វែងរក​ថ្នាំ​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព និង​ងាយស្រួល​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ COVID-19 នៅតែ​ជា​តម្រូវ​ការសំខាន់»។

Artesunate គឺជា​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ ចំណែក imatinib គឺជា​ថ្នាំ​ប្រើ​សម្រាប់​អ្នកជំងឺ​មហារីក​មួយចំនួន ខណៈដែល infliximab វិញ គឺជា​ថ្នាំ​ព្យាបាល​បញ្ហា​ច្របូកច្របល់​នៃ​អង់​ទីករ ដូចជា​ជំងឺ Crohn (រលាក​ពោះវៀន​រ៉ាំរ៉ៃ) ឬ​រលាក​សន្លាក់​រ៉ាំរ៉ៃ។

ថ្នាំ​ចំនួន 3 ប្រភេទ​នេះ ត្រូវបាន​ក្រុម​អ្នក​ផលិត​បរិច្ចាគ​ដល់ WHO ដើម្បី​ធ្វើការ​ពិសោធ និង​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​បណ្ដា​មន្ទីរពេទ្យ​ដែល​បានកំណត់។

នៅ​ទូទាំង​សកលលោក បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ COVID-19 ប្រមាណ 4.54 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់ ក្នុងនោះ ជា​មធ្យម វ៉ាក់សាំង​ចំនួន 36.66 លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ។ ក្នុងចំណោម​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក មាន 30.4% ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស និង 15.8% បាន​ចាក់​រួចរាល់៕

Advertisement