វៀតណាម ជោគជ័យ​ជំហាន​ដំបូង ក្នុងការ​អភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ ដែល​ដឹក​នា​ដោយ​វេជ្ជបណ្ឌិត​ Le Quang Huan

ថ្នាំ​ផ្សំ​ឡើង​ពី​ឱសថ​បុរាណ ដែល វៀតណាម ទើបតែ​បានប្រកាសថា ជោគជ័យ​ជំហាន​ដំបូង និង​មាន​សមត្ថភាព​ទប់ស្កាត់​ការកើនឡើង​នៃ​បរិមាណ​វីរុស COVID-19 នៅក្នុង​កោសិកា នេះ កំពុង​រង់ចាំ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដើម្បី​ធ្វើការ​ពិសោធ​លើ​អ្នកជំងឺ។

ព្រឹក​ថ្ងៃទី 10 សីហា នេះ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា វៀតណាម បានប្រកាស​បង្ហាញ​ឱសថ​ឈ្មោះ Vipdervir ដែល​ប្រើ​សម្រាប់​បង្ការ និង​ព្យាបាល​ជំងឺ​ដែល​កើត​ដោយសារ​វីរុស RNA (ribonucleic acid) ពិសេស​គឺ COVID-19។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ទទួលបាន​ការយល់ព្រម​ពី​ក្រុមប្រឹក្សា​ជាតិ​ស្តីពី​ក្រមសីលធម៌​ក្នុងការ​ស្រាវជ្រាវ​ជីវសាស្ត្រ នៃ​ក្រសួងសុខាភិបាល ក្នុង​ការដាក់​សំណើសុំ​ពិសោធ​លើ​មនុស្ស ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​លើ​ការព្យាបាល COVID-19។

«Vipdervir ត្រូវបាន​ផលិតឡើង​ពី​ឱសថ​បុរាណ មាន​ផ្ទុក​សមាសធាតុ​ដែល​អាច​គ្រប់គ្រង​ម៉ូលេគុល​គោលដៅ​ដែល​ទាក់ទិន​នឹង​ដំណើរការ​នៃ​ការ​លុកលុយ និង​ការកកើត​កូនចៅ​របស់ COVID-19។ ទន្ទឹមនឹងនេះ ឱសថ​នេះ​ក៏មាន​សមាសធាតុ​ដែល​ជួយ​រំញោច​ទៅលើ​បណ្ដា​កោសិកា​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ជួយ​បង្កើន​សមត្ថភាព​ប្រឆាំងនឹង​វីរុស​របស់​អ្នកជំងឺ» នេះ​បើតាម​វេជ្ជបណ្ឌិត Le Quang Huan សាស្ត្រាចារ្យ​រង និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ។

លោក Quang អនុប្រធាននាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​បណ្ដុះបណ្ដាល នៃ​ក្រសួងសុខាភិបាល វៀតណាម បាន​និយាយថា៖ «ក្រសួងសុខាភិបាល​សង្ឃឹម​ថា ចាប់ពីពេលនេះ​ដល់​ចុងឆ្នាំ ការពិសោធ​លើ​មនុស្ស​នឹងត្រូវ​បានធ្វើ​ឡើង​រួចរាល់។

ឱសថ​ Vipdervir

បច្ចុប្បន្ន Vipdervir ត្រូវបាន​ផលិត​ឡើងជា​ទម្រង់​គ្រាប់​រឹង។ ក្រុម​ស្រាវជ្រាវ​នឹង​អាច​ចាប់ផ្ដើម​ពិសោធ​លើ​អ្នកជំងឺ COVID-19 ក្នុងពេលឆាប់ៗនេះ ដោយសារ​វា​ជា​ថ្នាំ​រុក្ខជាតិ។ លោក Quang និយាយថា៖ «តាម​ផែនការ នៅ​ចុងឆ្នាំ 2021 អាច​ផ្ដល់​ការអនុញ្ញាតឱ្យ​ចរាចរណ៍​ថ្នាំ នេះ បន្ទាប់ពី​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ទទួលបាន​ជោគជ័យ»។

ក្រុម​អ្នកវិទ្យាសាស្ត្រ វៀតណាម បានចាប់ផ្ដើម​ស្រាវជ្រាវ​លើ​ឱសថ​បុរាណ​ដែល​អាចជួយ​ព្យាបាល COVID-19 តាំងពី​ដើមឆ្នាំ 2020 ដោយយោង​ទៅលើ​បទពិសោធន៍​នៃ​ការស្រាវជ្រាវ និង​ការ​ផ្សំ​ឱសថ​បុរាណ​ព្យាបាល​ជំងឺមហារីក រួម​នឹង​ថ្នាំ​ជួយ​ព្យាបាល​ជំងឺ​ច្រើន​មុខ​ផ្សេងទៀត។ លទ្ធផល​នៃ​ការពិសោធន៍​លើស​ត្វ​កន្លងមក បាន​បង្ហាញថា Vipdervir មាន​សុវត្ថិភាព។

លោក Quang បានឱ្យដឹងថា ក្រុម​ស្រាវជ្រាវ​កំពុង​រង់ចាំ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដើម្បី​អាច​ពិសោធ​ថ្នាំ​នេះ​នៅលើ​អ្នកជំងឺ COVID-19។ តាម​គម្រោង ក្រោយពី​ទទួលបាន​ការអនុញ្ញាត ឱសថ​នេះ​នឹងត្រូវ​បាន​យកទៅ​ពិសោធ​នៅក្នុង​មន្ទីរពេទ្យ National Hospital of Tropical Diseases នា​រដ្ឋធានី​ហាណូយ៕

Advertisement