ព្រះសង្ឃ​ថៃ ដែល​ចូលរួម​ធ្វើជា​កម្លាំង​ជួរមុខ ដើម្បី​ទប់ទល់​នឹង COVID-19៖ ដល់​ពេលដែល​ព្រះសង្ឃ​ត្រូវ​សងគុណ​បរិស័ទ​ហើយ!

ព្រះសង្ឃ​មួយអង្គ ព្រះនាម Mahapromphong ជា​គ្រូសូត្រស្ដាំ នៃ​វត្ត Suthi Wararam ក្នុង​រាជធានី​បាងកក គ្រង​ឈុត​ការពារ​វីរុស មុននឹង​ទៅយក​សំណាក COVID-19 សម្រាប់​ប្រជាជន​ក្នុង​តំបន់ Charoen Krung កាលពី​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021

ព្រះសង្ឃ​ពុទ្ធសាសនា​ជាច្រើន​អង្គ កំពុង​គ្រង​ឈុត​ការពារ​វីរុស ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ដែល​កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​ថៃ។

ប្រទេស​ថៃ កំពុង​រង​ការវាយប្រហារ​ពី​វីរុស COVID-19 ប្រភេទ Delta។ តួលេខ​អ្នក​ឆ្លង​វីរុស COVID-19 កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស នាំឱ្យ​ប្រព័ន្ធ​សុខាភិបាល​ប្រឈម​នឹង​បញ្ហា​លើស​ចំណុះ និង​បង្ក​ការខាតបង់​បន្ថែមទៀត​ដល់​សេដ្ឋកិច្ចជាតិ។

ក្នុង​ស្ថានការណ៍​នេះ ព្រះសង្ឃ​ពុទ្ធសាសនា​ជាច្រើន​អង្គ​នៅ​ប្រទេស​ថៃ បានសម្រេច​ដោះ​ឈុត​ចីពរ​ទុក​មួយ​ឡែក ហើយ​គ្រង​ឈុត​ការពារ​វីរុស​វិញ​ម្ដង ដើម្បី​ចូលរួម​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង COVID-19 ក្នុងនោះ​មាន​អង្គ​ខ្លះ​ជួយ​ដឹកជញ្ជូន​ធុង​អុកស៊ីសែន អង្គ​ខ្លះ​ធ្វើជា​ជំនួយ​ការយក​សំណាក ហើយ​អង្គ​ខ្លះទៀត​ក៏​ស្ម័គ្រចិត្ត​ធ្វើជា​ជំនួយការ​របស់​ក្រុម​ដឹក​សាកសព​អ្នកជំងឺ COVID-19 យកទៅ​កាន់​ឡ​បូជា​ទៀតផង។

«នៅមាន​ប្រជាជន​ថៃ​ជាច្រើន​ទៀត​ដែល​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ។ ពួក​អាត្មា​ថែទាំ​គ្រប់គ្នា​ដែល​ត្រូវការ​ជំនួយ» ព្រះអង្គ Mahapromphong ព្រះជន្ម 33 វស្សា ជា​គ្រូសូត្រស្ដាំ​របស់​វត្ត Suthi Wararam នៅ​ទីក្រុង​បាងកក បាន​មាន​សង្ឃដីកា​ដូច្នេះ។

ចាប់តាំងពី​ថ្ងៃទី 21 កក្កដា ព្រះអង្គ Mahapromphong បាន​និមន្ត​ទៅកាន់​ទីប្រជុំ​ជនក្រីក្រ​បំផុត​នៃ​ទីក្រុង​បាងកក នាំយក​ធុង​អុកស៊ីសែន អាហារ និង​សម្ភារ​វេជ្ជ​សា​ស្រ ប្រគល់ដល់ដៃ​ប្រជាជន ក៏ដូចជា​យក​សំណាក​ទៅធ្វើ​តេស្ត។

ព្រះអង្គ Mahapromphong រៀន​យក​សំណាក COVID-19 ពី​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​ដែល​ធ្វើការ​ក្នុង​វត្ត Suthi Wararam ជា​កន្លែង​ដែល​ត្រូវបាន​យកមក​ធ្វើជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាក់​អ្នកជំងឺ COVID-19។

ចៅអធិការ​រង​វត្ត Suthi Wararam នេះ មាន​សង្ឃដីកា​ថា៖ «ព្រះសង្ឃ​អាចរ​ស់បាន​ក៏​ដោយសារ​ការដាក់​បាត្រ​ពី​ប្រជាជន។ ដូច្នេះ ដល់ពេល​ដែល​ពួក​អាត្មា​ត្រូវ​សងគុណ​ពួកគាត់​វិញ​ហើយ។ យ៉ាងហោចណាស់​ក៏​ពួក​អាត្មា​អាច​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បន្ត​ការប្រយុទ្ធ​ទៅទៀត»។

ចំណែកឯ ព្រះសង្ឃ​មួយអង្គ​​ផ្សេង​ទៀត​ដែលមាន​ព្រះនាម​ថា Supornchaithammo កំពុង​គង់នៅ​វត្ត Chin Wararam Worawiharn ក៏បាន​ចូល​ជា​កម្លាំង​ក្នុងការ​ដឹកជញ្ជូន​សាកសព​អ្នកជំងឺ COVID-19 ទៅកាន់​ឡ​បូជា។ ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​ស្ម័គ្រចិត្ត​ប្រឈម​នឹង​ហានិភ័យ។ បើ​អាត្មា​ឆ្លង​វីរុស អាត្មា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ប្រឈមមុខ​នឹង​វា ដោយ​មិន​មានការ​ស្ដាយក្រោយ​អ្វី​ឡើយ»។

ប្រទេស​ថៃ គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 សរុប​ចំនួន 633,284 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 5,168 នាក់ និង​ជាសះស្បើយ​ចំនួន​ជាង 419,000 នាក់៕

Advertisement