Novavax វ៉ាក់សាំង​កូ​វីដ-19 ប្រសិទ្ធ​ភាព​​មិនធម្មតា!

ក្រៅពី Pfizer និង Moderna ដែល​មនុស្ស​ភាគច្រើន ផ្ដល់​ការចាប់អារម្មណ៍​ហើយ​នោះ នៅមាន​វ៉ាក់សាំង 1ប្រភេទ​ទៀត​គឺ Novavax ឬ​ណូ​វ៉ា​វ៉េ​កស៍ ដែលមាន​ប្រសិទ្ធ​ភាពល្អ មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ ទោះជា​កំពុងស្ថិត​ក្នុងការ​សាកល្បង និង​ប្រមូល​ទិន្នន័យ និង​មិនទាន់​ទទួលបាន​ការធានារ៉ាប់រង​ពី WHO ក៏ដោយ តែ​ដោយ​តិច​ណូ​ឡូ​ជី​ក្នុង​ការផលិត​បែប Protein-based ដែល​ហាក់ដូចជា​វិធី​បែប​បុរាណ​នោះ ទើប​ធ្វើឱ្យ ក្លាយជា​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព មាន​ផលប៉ះពាល់​តិចតួច និង​មានតម្លៃ​មិន​ថ្លៃ។

អី​លូវ​យើង​នាំគ្នា​មក​ស្គាល់ “ណូ​វ៉ា​វ៉េ​កស៍” (Novavax) ដូចតទៅ៖

ឈ្មោះ​ផ្លូវការ៖ វ៉ាក់សាំង NVX-CoV2373

ផលិត​ដោយ៖ ក្រុមហ៊ុន Novavax រដ្ឋ Maryland ប្រទេស​សហរដ្ឋអាមេរិក

ប្រភេទ​របស់​វ៉ាក់សាំង៖ Protein-based ផលិត​ដោយ​បង្កើត​ប្រូតេអ៊ីន​របស់​មេរោគ​វីរុស ដោយ​ប្រព័ន្ធ cell culture, yeast, baculovirus ជាដើម ហើយ​នាំយកមក​ផ្សំ​ជាមួយ​សារធាតុ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ។ នៅពេល​ចាក់​ចូលទៅក្នុង​រាងកាយ​មនុស្ស នឹង​ជំរុញ​ឱ្យ​រាងកាយ​បង្កើត​អង់ទីគ័រ ប្រឆាំង​ប្រូតេអ៊ីន​ស្ប៉ៃ​ខ៍ របស់​វីរុស​ជំងឺ​កូ​វីដ-19 ដោយ​តិច​ណូ​ឡូ​ជី​នេះ ត្រូវបាន​ប្រើប្រាស់​ក្នុង​ការផលិត​វ៉ាក់សាំង​ជាច្រើន​ប្រភេទ ដូចជា វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយធំ វ៉ាក់សាំង​ការពារ​វីរុស​រលាក​ថ្លើម ប្រភេទ​B ជាដើម។

អាយុ​ដែល​អាច​ចាក់​បាន៖ ចាប់ពី 18ឆ្នាំ​ឡើងទៅ តែ​កំពុង​សាកល្បង​ជាមួយ​អាយុ 14-17ឆ្នាំ។

ចំនួន​ដែល​ត្រូវ​ចាក់៖ 2ម្ជុល ដោយ​ឆ្ងាយ​ពីគ្នា​ប្រមាណ 3សប្ដាហ៍។

ផលប៉ះពាល់​ដែល​ជួបប្រទះ៖ មិនទាន់​រកឃើញ​អាការ​បន្ទាប់បន្សំ​ដែល​ធ្ងន់ធ្ងរ​នៅឡើយ ជួបតែ​អាការ​បន្ទាប់បន្សំ​ដូច​វ៉ាក់សាំង​ទូទៅ​ដែរ ដូចជា ឈឺ និង​ហើម​កន្លែង​ចាក់ គ្រុនក្ដៅ​ខ្លួន អស់កម្លាំង ឈឺក្បាល ជាដើម។

ប្រសិទ្ធភាព​ក្នុងការ​ការពារ​ការឆ្លង​មេរោគ​វីរុស៖ ការពារ​កូ​វីដ-19 ប្រភេទ​ចាស់ បាន 96.4%, ប្រភេទ​អាល់​ហ្វា 86% និង​ប្រភេទ​បេ​តា ការពារ​បាន 55% និង​ដោយសារតែ​អាច​ការពារ​កូ​វីដ-19 បាន​ច្រើន​ប្រភេទ​នេះហើយ ទើប​ក្លាយជា​វ៉ាក់សាំង​មួយ ដែល​មនុស្ស​ទូទាំង​ពិភពលោក​កំពុង​ចាប់អារម្មណ៍។

ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​អាការ​ធ្ងន់ធ្ងរ​ដល់​ជីវិត៖ 100%

ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការចម្លង​មេរោគ៖ មិនមាន​ទិន្នន័យ

ប្រទេស​ដែល​ចាក់៖ មិនទាន់​បានទទួល​ការអនុញ្ញាត​ឱ្យប្រើ​ជា​ផ្លូវការ នៅក្នុង​ប្រទេស​ណាមួយ​នៅឡើយ ដោយសារតែ​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង តែមាន​ការសាកល្បង​ប្រើ​ជាមួយ​អ្នកជំងឺ​នៅក្នុង​ប្រទេស​ជាច្រើន​រួចមកហើយ ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង មិ​ក​ស៊ិ​ក និង​ពើ​តូ​រី​កូ ជាដើម។

ឋានៈ​ការធានារ៉ាប់រង​ដោយ WHO មិនទាន់​បានទទួល​ការចុះបញ្ជី ឱ្យ​ក្លាយជា​វ៉ាក់សាំង ដែល​ប្រើ​បាន​ក្នុងករណី​អាសន្ន​ដោយ WHO នៅឡើយ។

ចំណុច​ល្អ៖ ដោយសារ​តិច​ណូ​ឡូ​ជី​ក្នុង​ការផលិត បែប Protein-based ជា តិច​ណូ​ឡូ​ជី ដែល​អ្នកស្រាវជ្រាវ និង​គ្រូពេទ្យ​ធ្លាប់​ស្គាល់​ស្រាប់​មកហើយ​នោះ ទើប​ហាក់ដូច​ជាមាន​សុវត្ថិភាព មាន​ប៉ះពាល់​តិចតួច ហើយ​លទ្ធផល​សាកល្បង ដែល​ចេញមក រហូតដល់​បច្ចុប្បន្ន(ថ្ងៃ13 កក្កដា 2021) នៅតែ​ស្ថិតក្នុង​កម្រិត​គួរឱ្យ​ពេញចិត្ត ព្រោះ​ជា​ប្រូតេអ៊ីន​បន្លា ដែល​ចាក់​ចូលទៅក្នុង​រាងកាយ​ដោយផ្ទាល់ មិនចាំបាច់​ឆ្លងកាត់​តួ​ផ្សំ​កណ្ដាល ឬ​កម្មវិធី​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ឡើយ។ ក្រៅពីនេះ តម្លៃ​ថែមទាំង​ធូរ​ថ្លៃ​ទៀតផង ដោយ 2ដូ​ស(ឬ 2ម្ជុល) តម្លៃ​ត្រឹមតែ 16ដុល្លារ​អាមេរិក ឬ​ប្រមាណ​តែ​ជាង 60,000រៀល​ប៉ុណ្ណោះ។

ចំណុច​គួរ​ប្រយ័ត្ន៖ នៅ​ត្រូវ​រង់ចាំ​លទ្ធផល​សរុប នៃ​ការសាកល្បង​ក្នុងដំណាក់កាល​ចុងក្រោយ​សិន រួមទាំង​រង់ចាំ​ការទទួលស្គាល់ និង​ចុះបញ្ជី ជា​វ៉ាក់សាំង ដែល​ប្រើ​ក្នុងករណី​អាសន្ន​បាន ពី WHO ម្ដងទៀត៕

ប្រែ​សម្រួល​ដោយ​អ្នកគ្រូ ឆវី

Advertisement