អាមេរិក ចែករំលែក​វ៉ាក់សាំង 55លាន​ដូ​ស ដល់​បណ្ដា​ប្រទេស ក្នុងនោះ​មាន កម្ពុជា ផងដែរ

លោក​ Joe Biden

កាលពី​ថ្ងៃទី21 ខែមិថុនា សេត​វិមាន បានប្រកាស​គម្រោង​ផ្ដល់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ចំនួន 55លាន​ដូ​ស នៅក្នុង​ចំណោម 80លាន​ដូ​ស ដែល​សហរដ្ឋអាមេរិក សន្យា​ផ្ដល់​ឱ្យដល់​បណ្ដា​ប្រទេស​នៅលើ​ពិភពលោក។

សេចក្ដីប្រកាស​របស់ សេត​វិមាន ឱ្យដឹងថា វ៉ាក់សាំង​ប្រហែល 41លាន​ដូ​ស ក្នុងចំណោម 55លាន​ដូ​ស​ខាងលើ (75%) នឹងត្រូវ​បានផ្ដល់​ឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន និង​តំបន់ ការី​ប៊ី​ន អាស៊ី និង អាហ្វ្រិក តាមរយៈ​កម្មវិធី COVAX ខណៈដែល 14លាន​ដូ​ស​ទៀត (25%) នឹងត្រូវ​បាន​ចែក​ឱ្យ «តំបន់​អាទិភាព» រួមមាន កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន អ៊ីរ៉ាក់ អ៊ុយ​ក្រែ​ន វែ​សបែង និង ហ្គា​ហ្សា។

តាម​គម្រោង បណ្ដា​ប្រទេស​នៅ អាស៊ី ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 16លាន​ដូ​ស ក្នុងចំណោម 55លាន​ដូ​ស​ខាងលើ ពី​សហរដ្ឋអាមេរិក រួមមាន ប្រទេស ឥណ្ឌា នេ​ប៉ាល បង់​ក្លា​ដែ​ស ប៉ា​គី​ស្ថាន ស្រីលង្កា អា​ហ្វ​ហ្គា​នី​ស្ថាន ម៉ា​ឌី​វ ប៊ូ​តាន ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី ឡាវ ប៉ា​ពួ​ញូ​ហ្គី​ណេ តៃវ៉ាន់ កម្ពុជា និង ប្រជុំ​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

វ៉ាក់សាំងប្រហែល 41លានដូស ក្នុងចំណោម 55លានដូសខាងលើ (75%) នឹងត្រូវបានផ្ដល់ឱ្យបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន និងតំបន់ ការីប៊ីន អាស៊ី និង អាហ្វ្រិក តាមរយៈកម្មវិធី COVAX

សេចក្ដីប្រកាស​ខាងលើ គឺជា​ការអនុវត្ត​ទៅតាម​អ្វីដែល​ប្រ​ធានា​ធីប​តី​អាមេរិក លោក Joe Biden បាន​សន្យា​នាពេល​កន្លង ។ វ៉ាក់សាំង 60លាន​ដូ​ស ក្នុងចំណោម 80លាន​ដូ​ស ដែល អាមេរិក ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​ខាងលើ រួមមាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer Inc., ក្រុមហ៊ុន Moderna Inc. ឬ Johnson & Johnson (កន្លងមក Johnson & Johnson ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ក្នុងស្រុក​ប៉ុណ្ណោះ) និង 60លាន​ដូ​ស​ទៀត​គឺជា​វ៉ាក់សាំង របស់ AstraZeneca។

កាលពី​ដើមខែ​នេះ សហរដ្ឋអាមេរិក បានប្រកាស​គម្រោង​ចែករំលែក​វ៉ាក់សាំង Covid-19 ចំនួន 25លាន​ដូ​ស​ដំបូង ក្នុងចំណោម 80លាន​ដូ​ស ដែល​សហរដ្ឋអាមេរិក សន្យា​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ក្នុងនោះ​មាន 19លាន​ដូ​ស ត្រូវបាន​ចែករំលែក​ទៅតាម​កម្មវិធី COVAX ដែល​សហការ​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក៕

ប្រភព៖ CNBC
ប្រែ​សម្រួល៖ បុត្រា

Advertisement