ព្រមាន! វីរុស​បំប្លែង​ខ្លួន​ថ្មី «របស់» ឥណ្ឌា ដែល កម្ពុជា ទើបតែ​រកឃើញ កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ កាណាដា

ប្រភពព័ត៌មាន​ពី​ទីក្រុង Ottawa បានឱ្យដឹងថា វីរុស​Covid-19 បំប្លែង​ខ្លួន​ថ្មី ប្រភេទ B.1.617 ដែល​ត្រូវបាន​រកឃើញ​ដំបូង​គេ​នៅ​ប្រទេស ឥណ្ឌា ហើយ​ដែល កម្ពុជា បាន​រកឃើញ​កាលពី​ថ្ងៃទី4 ខែមិថុនា ឆ្នាំ2021 បច្ចុប្បន្ន កំពុងតែ «ចាក់ឫស» ជ្រៅ ក្នុង​សហគមន៍ និង​ឆ្លង​ក្នុង​ល្បឿន​យ៉ាង​លឿន នៅ​ប្រទេស កាណាដា។

សម្បុក​វីរុស​Covid-19 មួយ នៅ​ខេត្ត Newfoundland & Labrador នៃ​ប្រទេស កាណាដា ថ្មីៗនេះ ត្រូវបាន​គេ​រកឃើញ​ករណី​ឆ្លង B.1.617 យ៉ាងតិច 60នាក់ ស្រប​ពេលដែល​ការផ្ទុះ​ឆ្លង​រាលដាល​នៃ​វីរុស​ប្រភេទ​នេះ ក៏ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ខេត្ត British Columbia, Quebec, Alberta និង Ontario ផងដែរ។

អ្នកជំនាញ Troy Day មកពី​សាកលវិទ្យាល័យ Quen នៅ​ទីក្រុង Kingston នៃ​ខេត្ត Ontario ប្រទេស កាណ​ដា បានឱ្យដឹងថា B.1.617 ទំនងជា​នឹង​ក្លាយជា​វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល «គ្រប់គ្រង» Ontario ជា​ខេត្ត​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​នៅ កាណាដា នា​ខែក្រោយ។

ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង មានការ​ព្រួយបារម្ភ​ថា B.1.617 នឹង «រកឃើញ» ចំណុចខ្សោយ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ម្ជុល​ដំបូង​របស់ កាណាដា ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ការបើកទ្វារ​សេដ្ឋកិច្ច​ឡើងវិញ។

វេជ្ជបណ្ឌិត Isaac Bogoch និយាយថា B.1.617 (រកឃើញ​ដំបូង​នៅ ឥណ្ឌា) និង B.1.1.7 (រកឃើញ​ដំបូង​នៅ អង់គ្លេស) មាន​ចំណុច​ប្រហាក់ប្រហែល​ជាច្រើន ទាក់ទិន​នឹង​ការឆ្លង​រាលដាល​ឆាប់រហ័ស។ យោងតាម Isaac Bogoch កាណាដា ត្រូវការ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ​ឱ្យបាន​លឿន​ជាង​មុន។

គិត​មកដល់​ថ្ងៃទី5 ខែមិថុនា កាណាដា បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ដល់​ពលរដ្ឋ​ជាង 2.7លាន​នាក់ ស្មើនឹង 7.1% នៃ​ប្រជាជន​សរុប​ទូទាំងប្រទេស។ កាណាដា បច្ចុប្បន្ន ជាប់​ចំណាត់ថ្នាក់​លេខ3 នៅក្នុង​ចំណោម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​ Covid-19 ដោយ​អត្រា 67.29ដូ​ស/100នាក់ ខណៈដែល អង់គ្លេស (ប្រទេស​នាំមុខគេ​នៅ G7) ចាក់​បាន 98.33ដូ​ស/100នាក់។

នៅ កាណាដា គិត​ត្រឹម​ព្រឹក​​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 1,392,563​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 25,724នាក់ និង​កំពុង​ព្យាបាល​ចំនួន 24,194នាក់៕

ប្រភព៖ CBC
ប្រែ​សម្រួល៖ បុត្រា

Advertisement