ពង្រាប​ក្បាលពោះ​បែបងាយៗ សម្រាប់​បុរស​ដែល​ចង់​មាន​រូបរាង​សង្ហា

ឡា​រ៉ែ​ន ធ្លាប់​ណែនាំ​វិធី​ពង្រាប​ក្បាលពោះ សម្រាប់នារីៗ មក​ច្រើនណាស់​ហើយ ពេលនេះ​សូម​ណែនាំ វិធី​ពង្រាប​ក្បាលពោះ ដល់​បុរសៗយើង​ម្តង តើ​មាន​វិធី​អ្វីខ្លះ សូម​តាមដាន​ដូចតទៅ៖

  1. រាងកាយ​មិនអាច​ជ្រើសរើស​កម្ចាត់​ចំពោះតែ​ខ្លាញ់ ដែល​កក​ច្រើន​នៅក្នុង​ក្បាលពោះ​បានទេ អ្នក​ត្រូវតែ​ជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ទូទាំង​រាងកាយ ដែល​អាចធ្វើ​បាន​ដោយ​ងាយ តាមរយៈ​ការធ្វើ​ចលនា​គ្រប់ពេលវេលា ពេញ 1ថ្ងៃ ដូចជា​ដើរ​ឡើង​ចុះ​ជណ្តើរ ជំនួស​ការឡើង​ចុះ​តាម​ជណ្តើរយន្ត ឬ​ចត​រថយន្ត​នៅ​ឆ្ងាយ ហើយ​ដើរ​យ៉ាង​លឿន ដើម្បី​ទៅឱ្យ​ទាន់​ម៉ោង​ចូលធ្វើការ ឬ​ទិញ​ទឹកបរិសុទ្ធ 2ដបធំៗ យួរ​នៅ​ដៃ​ទាំងសងខាង ពេល​ដើរ​ទិញ​អីវ៉ាន់​ជាមួយ​គូ​ស្នេ​ហ៏ និង​បើ​នាង​មាន​កន្លែងធ្វើការ​នៅ​ជិត ចូរ​សាកល្បង​កុំ​ទូរស័ព្ទ​ទៅរក តែ​ប្រើ​វិធី​ដើរទៅរ​កនាង​វិញ គឺជា​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ បាន​សព្វ​ក្នុង​រាងកាយ។
  2. ការងារ​ស្រាវជ្រាវ​មួយ​បាន​អះអាងថា ជាតិ​ខ្លាញ់​នឹង​រំលាយខ្លួន​បាន​យ៉ាង​ងាយ បើ​ស្ថិតក្នុង​បរិយាកាស​ជុំវិញខ្លួន​ដែល​ត្រជាក់ ដូច្នេះ​អំឡុងពេល​សម្រក​ក្បាលពោះ អ្នក​អាច​ត្រូវ​តម​ការ​ស្ទី​មសៅ​ណា ឬ​ស្ទី​ម​ខ្លួន​ប្រហែល 1ខែ ដោយ​ងាក​មក​ងូតទឹក​ត្រជាក់ ក្រោយ​ការហាត់​ប្រាណ​វិញ​ម្តង។
  3. ស្រា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង មាន​ឥទ្ធិពល​ធ្វើឱ្យ​ក្បាលពោះ​របស់​អ្នក​ប៉ោង​បាន ដូច្នេះ​ចាប់ផ្តើម​ចាត់ការ​បញ្ហា​ទាំងនេះ ចាប់ពី​ថ្ងៃនេះ​ទៅ​តែម្តង (កុំ​ចាំ​យូរ)។
  4. ឆាប់​ចូល​គេង បិទ​ភ្លើង តម​មើល​ទូរ​ទស្ស​ន៏​មុន​គេង ហាត់​តាំងសមាធិ ដើម្បី​ការ​គេង​លក់​ដ៏​ល្អឥតខ្ចោះ នេះ គឺជា​កូនសោ​សំខាន់ ដែល​ព​ន្លឿ​ន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ឆាប់រហ័ស។
  5. ទទួលទាន​អាហារ​ពេល​ល្ងាច​ឱ្យ​រួច យ៉ាងតិច 4ម៉ោង មុនពេល​ចូល​គេង ព្រោះ​វា​មាន​ផល​ដល់​ការហូរ​ចេញ​នូវ​ហ្គ្រោ​ថ៍​អ័រម៉ូន ដូច្នេះ​ចូរ​រៀបចំ​អាហារ​ពេល​ល្ងាច​ឱ្យបាន​លឿន​ជាង​មុន តម​ពិធីជប់លៀង ឬ​អាហារ​ប៊ុ​ហ្វ​ហ្វេ​ពេលយប់ (ភ្លេចៗខ្លួន​ចុងខែ អាច​នៅសល់​លុយ​ទិញ​ខោ​ថ្មី​មួយ​ស្វា​គម​ន៏​ក្បាលពោះ​រាបស្មើ និង​ចង្កេះ​រួម​តូច​របស់​អ្នក បាន​ទៀតផង)។
  6. គ្រប់គ្រង​ការធ្វើការងារ​របស់​ប្រអប់មាត់​របស់​អ្នក នៅ​រាល់​ពេលបាយ…ការបរិភោគ​អាហារ​ពេលព្រឹក នឹង​ជួយ​គ្រប់គ្រង​ដល់​បរិមាណ​អាហារ​ក្នុងពេល​បន្ទាប់មកទៀត និង​គួរ​ជ្រើសរើស​បរិភោគ​អាហារ ឱ្យបាន​គ្រប់​ប្រភេទ​ក្រុម រៀងរាល់​ពេលបាយ បើសិនជា​អាចទៅរួច។
  7. កុំ​រវល់​តែ​ចាត់ការ​រឿង​ក្បាលពោះ​តែ​ម្យ៉ាង​នោះ អ្នក​ត្រូវ​ជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ទូទាំង​រាងកាយ​ផងដែរ។ អ្នកជំនាញ​ខាង​លំ​ហាត់ប្រាណ​បំបាត់​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បាន​និយាយថា ការហាត់​ប្រាណ​ដោយ​សង្កត់ធ្ងន់​លើ​សាច់ដុំ​ភ្លៅ និង​ត្រគាក គឺជា​ការជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បាន​យ៉ាង​ល្អ​បំផុត។
  8. មិនចាំបាច់​ពង្រឹង​សាច់ដុំ​ក្បាលពោះ​រាល់ថ្ងៃ​នោះទេ តែ​ចូរ​សាកល្បង​រៀបចំ​ប្រូ​ក្រាម ពង្រឹង​សាច់ដុំ​ក្បាលពោះ 2-3ឈុត ទុកជាមុន ក្នុង​រយៈពេល​ប្រមាណ 2ស​ប្តា​ហ៏។ ធ្វើ​ឆ្លាស់គ្នា​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​លើ​អវយវៈ​ដទៃទៀត ដោយ​ការហាត់​ដ៏​សមល្មម អាចធ្វើឱ្យ​សាច់ដុំ មាន​ពេលវេលា​ពង្រឹង​ខ្លួន​បាន​ខ្លះ ទើប​ប្រសើ​ជាង និង​ថែមទាំង​ធ្វើឱ្យ​សាច់ដុំ​ក្បាលពោះ​កើតឡើង បាន​លឿន​ទៀតផង។
  9. ចំណុចខ្សោយ ដែល​ធ្វើឱ្យ​កើតមាន​ក្បាល​ពោះធំ​ជានិច្ច​នោះ​គឺ អ្នក​ចូលចិត្ត​ឈរ​ខ្នង​កោង ធ្វើឱ្យ​សាច់​ក្បាលពោះ មើលទៅ​ក្លាយជា​គំនរ​ខ្លាញ់​គួរឱ្យ​ភ័យខ្លាច ទោះជា​មិន​ធាត់​ក៏ដោយ។ ការ​ឈរ​ខ្នង​ត្រង់ ពើងទ្រូង នឹង​ជួយ​ជំរុញ​សាច់ដុំ​ក្បាលពោះ​ឱ្យ​តឹង​រាល់​ពេលវេលា។ ចូរ​ហ្វឹកហាត់​ឈរ ដើរ និង​ហាត់ប្រាណ​ក្នុង​ឥរិយាបថ​ខ្នង​ត្រង់​ជានិច្ច នឹង​ធ្វើឱ្យ​អ្នកមាន​រាង​សង្ហា​តាំង​ពីលើ​ដល់​ក្រោម។
  10. ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ ដែល​គេ​និយម​ជាងគេ​បំផុត​នោះ គឺ​ក្បាច់​គេង​លើកជើង​ទាំង2 ផ្អឹប​គ្នា បណ្តែត​ជង្គង់ ងើប​ក្បាល ដែល​ហៅថា Abs Crunch with Leg Lift៕
Advertisement