លោកតា​អូស្ត្រាលី អាយុ 111ឆ្នាំ ប្រាប់​គន្លឹះ​អាយុ​វែង ថែមទាំង​ខួរក្បាល​ល្អ នៅចាំ​គ្មាន​ភ្លេច​ទៀតផង

កាលពី​ថ្ងៃទី17 ឧសភា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោកតា ដេក​ស្ទ័​រ ឃ្រូ​គើ​រ ជនជាតិ​អូស្ត្រាលី អ្នក​ដែលមាន​អាយុ 111ឆ្នាំ ច្រើនជាងគេ​បំផុត​ក្នុងប្រទេស​អូស្ត្រាលី បាន​បង្ហើប​ឱ្យដឹងពី​ការរស់នៅ ដែល​ធ្វើឱ្យ​លោកតា​មាន​អាយុ​វែង និង​ការចងចាំ​នៅ​ល្អ គ្មាន​ភ្លេច​អ្វី​ទាំងអស់​ទៀតផង។

លោកតា ឃ្រូ​គើ​រ ជា​ពេទ្យសត្វ ដែល​ចូលនិវត្តន៍​យូរហើយ បច្ចុប្បន្ន​អាយុ 111ឆ្នាំ និង 124ថ្ងៃ គឺជា​បុគ្គល​ដែលមាន​អាយុ​ច្រើន ជាង​លោកតា ជែក ឡុ​កកេ​ត​ត៍ ទាហាន​ចូលនិវត្តន៍ ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី1 ចំនួន 1ថ្ងៃ ដែល​បានទទួល​អនិច្ចកម្ម កាលពី​ឆ្នាំ2012។

លោកតា ឃ្រូ​គើ​រ បានផ្ដល់​បទ​សម្ភាស​ពិសេស ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន ABC News របស់​អូស្ត្រាលី នៅឯ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា ក្នុង​រដ្ឋ​ឃ្វី​ន​ស្លែ​ន​ដ៍ ដោយបាន​បង្ហើប​ឱ្យដឹង​អំពី គន្លឹះ​សម្ងាត់ ដែល​ធ្វើឱ្យ​លោកតា មាន​អាយុ​វែង និង​ខួរក្បាល​នៅតែ​រហ័សរហួន​ភ្លឺ​ថ្លា​នោះ​ថា មកពី​ការ​ទទួលទាន​អាហារ​បំប៉ន​រាងកាយ​រៀងរាល់​សប្ដាហ៍។

លោកតា​ឃ្រូ​គើ​រ ថ្លែងថា “ខួរ​មាន់​ហ្នឹងឯង គឺមាន់​វា​មាន​ក្បាល ហើយ​នៅក្នុង​ក្បាល​ពួកវា មាន​ខួរ ដុំតូចៗ រសជាតិ​ឆ្ងាញ់​ខ្លាំងណាស់ ល្មមៗ 1ម៉ាត់​តែម្ដង”

ចំណែក​លោកតា ក្រេ​ក ឃ្រូ​គើ​រ កូនប្រុស អាយុ 74ឆ្នាំ បាន​រៀបរាប់​ពី​ឪពុក ដែលមាន​អាយុ​វែង​នេះ​ថា អាច​នឹង​មកពី​អាជីព​ជា​គ្រូពេទ្យ​បសុសត្វ ព្រោះ​ត្រូវ​បញ្ចេញ​កម្លាំងកាយ ធ្វើ​ការងារ​ជាប់​រហូត ទើប​ធ្វើឱ្យ​រាងកាយ​រឹងមាំ​ហ្នឹងឯង។

លោកស្រី មេ​ឡា​នី ខាល់​វើត ជំនួយការ​វេជ្ជបណ្ឌិត​អាជីព និង​ជា​អ្នកចាត់ការ​ទូទៅ​មណ្ឌល​ថែទាំ​ជន​ចាស់ជរា បាន​ថ្លែងថា លោកតា ឃ្រូ​គើ​រ ជា​សមាជិក​ម្នាក់​របស់​មណ្ឌល​ថែទាំ​ជន​ចាស់ជរា ដែល​ឆ្លាត​វាងវៃ​បំផុត ព្រោះ​មានការ​ចងចាំ​ដ៏​ល្អ​អស្ចារ្យ សម្រាប់​មនុស្ស​ដែលមាន​អាយុ​ដល់ 111ឆ្នាំ​ហើយ​នោះ។

ទាំងអស់នេះ លោក ច​ន ថេ​លើរ ស្ថាបនិក​កំណត់ត្រា​ស្ថិតិ​នៃ​ប្រទេស​អូស្ត្រាលី បាន​អះអាងថា  លោកតា​ឃ្រូ​គើ​រ ជា​ពលរដ្ឋ​ម្នាក់ ដែលមាន​អាយុ​ច្រើន​បំផុត និង​នៅមាន​ជីវិត​របស់​ប្រទេស​អូស្ត្រាលី​នាពេល​បច្ចុប្បន្ន ចំណែក​ស្ថិតិ​ខ្ពស់បំផុត​វិញ​នោះ នៅតែ​ជា​របស់​លោកយាយ គ្រិ​ស្ទី​ណា ឃុ​ក ដែល​បានទទួល​អនិច្ចកម្ម កាលពី​ឆ្នាំ2012  ក្នុង​អាយុ 114ឆ្នាំ និង 148ថ្ងៃ៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement