វ៉ាក់សាំង COVID-19! កូរ៉េខាងត្បូង ផ្ដល់ជំនួយ 10លាន​វ៉ុ​ន/ម្នាក់ បើសិន​ពលរដ្ឋ​ជួប​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ ក្រោយ​ចាក់​វ៉ាក់សាំង

ប្រភពព័ត៌មាន​ពី​រដ្ឋធានី សេ​អ៊ូ​ល បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី17 ខែឧសភា ប្រជាជន​កូរ៉េខាងត្បូង នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ផ្នែក​សុខាភិបាល​ច្រើន​បំផុត​ត្រឹម 10លាន​វ៉ុ​ន (8,820 ដុល្លារ​អាមេរិក) /ម្នាក់ បូល​រួមទាំង​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 មុន​ថ្ងៃទី 17 ខែឧសភា បើសិន​ជាមាន​អាការ​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ដោយសារ​ប្រតិកម្ម​នឹង​វ៉ាក់សាំង។

ជំនួយ​ខាងលើនេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​របស់​ប្រជាជន ហើយ​តាមរយៈ​នេះ ក៏​នឹង​ជួយ​ឱ្យ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង អាច​សម្រេច​ផែនការ ក្នុងការ​ទទួលបាន​ភា​ព​ស៊ាំ​នៅក្នុង​សហគមន៍​ទូទាំងប្រទេស ចាប់ពី​ខែវិច្ឆិកា ឆ្នាំ2021។

ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បានឱ្យដឹងថា បច្ចុប្បន្ន​ប្រទេស​នេះ មាន​ពលរដ្ឋ 3,733,000នាក់ បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ទីមួយ គឺ​ស្មើនឹង 7.3% នៃ​ប្រជាជន​សរុប។ ចំណែក​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ មាន 935,000នាក់។ តាម​ផែនការ ចាប់ពី​ថ្ងៃទី22 ខែឧសភា កូរ៉េខាងត្បូង នឹង​ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Pfizer ឡើងវិញ ក្រោយពី​បាន​ផ្អាក​មួយរយៈ ដោយសារតែ​បាត់បង់​តុល្យភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​តម្រូវការ។

មណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19 មួយ​កន្លែង​ នៅ​កូរ៉េខាង​ត្បូង

ក្នុង​រយៈពេល 3ខែ កន្លងទៅ កូរ៉េខាងត្បូង បាន​ប្រើ​អង្គ​ប​ដិ​ប្រាណ Regkirona Inj (960mg) ដើម្បី​ព្យាបាល​ដល់​អ្នកជំងឺ​ចំនួន​ជាង 3,000ករណី ហើយ​លទ្ធផល​ដំបូង​បង្ហាញថា មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកជំងឺ​កម្រិត​ស្រាល។  Regkirona Inj. 960mg ឬ​ហៅថា Regdanvimab (លេខ​កូដ CT-P59) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Celltrion គឺជា​ថ្នាំ​ព្យាបាល Covid-19 ដោយ​ប្រើ​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​អភិវឌ្ឍ​នៅ​កូរ៉េខាងត្បូង​ដំបូង​គេ ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់។

លទ្ធផល​នៃ​ការប្រើប្រាស់​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ Covid-19 វ័យ​ចំណាស់ និង​អ្នកជំងឺ Covid-19 ដែលមាន​ជំងឺ​ប្រចាំកាយ គឺមាន​តែមួយ​ករណី​ប៉ុណ្ណោះ​ដែល​ប្រែ​ជាមាន​អាការ​ធ្ងន់ធ្ងរ ប៉ុន្តែ ពុំមាន​ករណី​ស្លាប់​នោះទេ។ Regkirona Inj. ត្រូវបាន​ប្រើ​សម្រាប់​អ្នកជំងឺ​ដែល​ទើបតែ​ឆ្លង​វីរុស ខណៈដែល​អាការរោគ​នៅមានកម្រិត​ស្រាល ហើយ​ថ្នាំ​នេះ​នឹង​ត្រូវបាន​ចាក់ឱ្យ​អ្នកជំងឺ​នៅ​ថ្ងៃ​ចូល​ពេទ្យ​ដំបូង។

ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង ឱ្យដឹងថា ថ្នាំ Regkirona Inj. មាន​ប្រសិទ្ធភាព​ទៅលើ​វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​សហរដ្ឋអាមេរិក, អង់គ្លេស និង​នី​ហ្សេ​រី​យ៉ា​ផងដែរ។ ក៏ប៉ុន្តែ ដោយសារ​ថ្នាំ​នេះ​ត្រូវបាន​អនុញ្ញាត​ដោយមាន​លក្ខខណ្ឌ​ភ្ជាប់​មកជា​មួយ ដូច្នេះ ក្រុមហ៊ុន​ផលិត ត្រូវតែ​ផ្ដល់​របាយការណ៍​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់​ទី​បី ទើប​វា​ត្រូវការ​ការ​ផ្ទៀ​ត​ផ្ទាត់​សុវត្ថិភាព និង​ប្រសិទ្ធភាព​បន្តទៀត នាពេលខាងមុខ៕

ប្រភព៖ tbs.seoul
ប្រែសម្រួល​៖ បុត្រា

Advertisement