ទម្លាប់ល្អៗ 5យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​រៀងរាល់ថ្ងៃ

ការ​មាន​សុខភាព​ដែល​ល្អ​បាន​នោះ ជួនកាល​យើង​ក៏​ចាំបាច់​ត្រូវ​សាកល្បង​ផ្លាស់ប្តូរ​ទង្វើផ្សេងៗ ដើម្បីឱ្យ​ខ្លួនឯង​កើតមាន​ភាពស៊ាំ​ធ្លាប់ និង​ធ្វើ​រហូត​ក្លាយជា​ទម្លាប់  ដែល​ការ​សាង​ទម្លាប់ល្អៗជាមួយនឹង​សុខភាព​របស់​យើង​នេះ ប្រាកដ​ណាស់​ថា លទ្ធផល​ដែល​ទទួលបាន​មកវិញ គឺ​ពិតជា​ធ្វើឱ្យ​សុខភាព​របស់​យើង​ល្អ​ប្រសើរឡើង​ទ្វេគុណ។  ថ្ងៃនេះ យើង​មាន​ទម្លាប់ល្អៗ 5យ៉ាង​ដែល​អ្នក​គួរ​សាង​ឡើង ឬក៏​សាកល្បង​ផ្លាស់ប្តូរ មក​ជម្រាប​ប្រី​យ​មិត្ត​អ្នកអាន​ដូចខាងក្រោម។

  1. ញ៉ាំ​អាហារ​ពេលព្រឹក ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន: ក្នុងអំឡុងពេល 30នាទី​ក្រោយ​ភ្ញាក់​ពី​ដំណេក ទាំងអស់គ្នា​ប្រហែលជា​បានដឹង​ច្បាស់​ស្រាប់​ហើយ​ថា អាហារ​ពេលព្រឹក គឺជា​ពេល​អាហារ​មួយ​ដែល​សំខាន់បំផុត​របស់​ថ្ងៃ​ថ្មី ហើយ​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ នឹង​បង្កើន​ការដុត​បំផ្លាញ​កាន់តែខ្លាំង​ឡើង បើ​ប្រៀបធៀប​នឹង​អាហារ​ពេលព្រឹក​បែប​សម្បូរ​ខា​បូ​ហាយ​ដ្រេ​ត​នោះ។
  2. បង្កើន​ភាពយឺត​យារ​របស់​សាច់ដុំ: យើង​ច្រើនតែ​ភ្ញាក់​ពី​ដំណេក​ឡើង​ដោយ​រាងកាយ​រឹង​ស្តូក ព្រោះ​ស្ថិតនៅក្នុង​ឥរិយាបថ​តែមួយ ពេញ ១យប់​មកហើយ ការ​ពន្យឺត​សាច់ដុំ​បែបស្រាលៗ នឹង​ជួយ​បន្ធូរបន្ថយ​សាច់ដុំ បង្កើន​ភាពស្វាហាប់ និង​កាត់បន្ថយ​អាការ​ចុក​រួយ​សាច់ដុំ​បាន​ក្នុង​រយៈពេល​វែង ដូចពេលមុន​គេង​បាន។ ការ​ពន្យឺត​សាច់ដុំ ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​បែបស្រាលៗ ក៏​អាចជួយ​ក្នុង​រឿង​ប្រព័ន្ធ​ឈាម​រត់ ជួយ​ឱ្យមាន​អារម្មណ៍​ធូរស្រាល និង​ធ្វើឱ្យ​គេង​លក់បាន​កាន់​ស្រួល​ឡើង​ទៀតផង។
  3. ចេញទៅ​ខាងក្រៅ​ផ្ទះ​យ៉ាងហោចណាស់​ក្នុង 1ថ្ងៃ​ឱ្យបាន 30នាទី: ការបានទទួល​ពន្លឺ​ថ្ងៃស្រទន់ៗនៅពេល​ព្រឹក ធ្វើឱ្យ​រាងកាយ​បាន​ផលិត​វីតាមីន​D ដែល​យើង​មិនអាច​ទទួលបាន​ពី​អាហារ និង​សំខាន់​ចំពោះ​សុខភាព​ឆ្អឹង រោគ​បេះដូង និង​រោគ​មហារីក​ប្រភេទ​ខ្លះ។ ចូរ​សាកល្បង​ចេញទៅ​ខាងក្រៅ​ផ្ទះ ឱ្យបាន​យ៉ាងតិច ក្នុង 1ថ្ងៃ 30នាទី ដើម្បី​ទទួលយក​ពន្លឺ​ថ្ងៃ និង​បាន​ស្រូបយក​ធាតុអាកាស​បរិសុទ្ធ​ផង។
  4. រក​កន្លែងស្ងាត់ៗនៅ​ម្នាក់ឯង: បណ្តាញ​សង្គម ធ្វើឱ្យ​យើង​អាច​ចូលដល់​បាន​គ្រប់កន្លែង គ្រប់ពេលវេលា និង​ការទទួលបាន​ព័ត៌មាន​ច្រើន រហូតដល់​ហៀរហូរដូច្នេះ​សូម​សាកល្បង​រក​ពេលវេលា និង​ទីកន្លែង​ណាស្ងាត់ៗ នៅតែ​ម្នាក់ឯង ទោះជា 5 ឬ 10នាទី​ក៏បាន​ដែរ  ដោយ​ធ្វើ​ការបិទ​ទូរស័ព្ទ  បិទ​ភ្នែក និង​បន្ធូរ​អារម្មណ៍​ដោយ​ការតាំង​សមាធិ​ជាមួយ​ការដកដង្ហើម ឈប់​នឹក​កង្វល់​ពីអ្វី​ទាំងអស់ មួយរយៈ​ជាដើម។ ការតាំង​សមាធិ ជួយ​កាត់បន្ថយ​ភាព​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍ បង្កើន​សេចក្តីសុខ  បង្កើន​ភាព​ប្រឆាំងនឹង​ជំងឺ និង​កាត់បន្ថយ​ភាព​ប្រថុយ​នឹង​ការកើត​ជំងឺ​បេះដូង។
  5. ក្រោក​ចេញពី​តុ​ធ្វើការ​ម្តងម្កាល​ផង: សាកល្បង​គិត​ទៅ​មើលថា តើ​អ្នក​ប្រើ​ពេលវេលា​អង្គុយ​នៅ​នឹង​តុ​ធ្វើការ យូរ​ប៉ុនណា​ហើយ? ចូរ​ក្រោកឈរឡើង ហើយ​ដើរ​ទៅនេះ ទៅនោះ ឱ្យបាន​ញឹកញាប់  ដើម្បី​ការពារ​ភាព​ធុញថប់​ខាង​ខ្សែ​ភ្នែក និង​ឱ្យ​សាច់ដុំ​ភ្នែក​បាន​សម្រាក​ផង។ ការ​អង្គុយ​នៅ​ម​យ​យ​កន្លែង​យូរ​ជ្រុល​ពេក ក៏​អាច​សាង​កម្លាំង​សង្កត់ ឱ្យ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម​ឈឺចាប់​បានដែរ៕
Advertisement