Covid-19! កម្ពុជា ដាក់​ផែនការ​ស្វែង​រក​​វ៉ាក់សាំង​​ចាក់​ជូន​ពលរដ្ឋ ឱ្យ​រួចរាល់​នៅ​ឆ្នាំ2022 ខណៈ​អ្នក​ឆ្លង​វីរុស​នេះ បច្ចុប្បន្ន កើន​ដល់​ជាង 18,170នាក់

រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ ឱ្យបាន​រួចរាល់​នៅ​ឆ្នាំ2022 នេះ​បើ​យោងតាម​ផែនការ​យុទ្ធសាស្ត្រ យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 សំដៅ​បង្កើត​ឱ្យបាន​នូវ​ភាពស៊ាំ​នៃ​សង្គម សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស នា​ឆ្នាំ2021។

កម្ពុជា​បាន និង​កំពុង​ស្វែង​ជំនួយ ក៏ដូចជា​ទិញ​វ៉ាក់សាំង​Covid-19 ពី​បណ្ដា​ប្រទេស​អ្នក​ផលិត និង​ស្ថាប័ន អង្គការ​អន្តរជាតិ​នានា។ ជា​លទ្ធផល កម្ពុជា បាន​ក្លាយជា​ប្រទេស​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​ពី​កម្មវិធី COVAX ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ និង​វ៉ាក់សាំង Sinopharm ពី​ប្រទេស​ចិន។

យោងតាម​ផែនការ​រៀបចំ​សម្រាប់​ការទិញ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល នៅក្នុង​ខែឧសភា ឆ្នាំ2021 នេះ កម្ពុជា គ្រោង​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 3លាន​ដូ​ស, ខែមិថុនា 3លាន​ដូ​ស, ខែកក្កដា 1លាន​ដូ​ស, ខែសីហា 1លាន​ដូ​ស និង​ខែកញ្ញា ឆ្នាំ2021 នឹង​ទទួលបាន 1.5លាន​ដូ​ស។ សម្រាប់​ឆ្នាំ2022 កម្ពុជា គ្រោង​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 សរុប​ចំនួន 10,430,600ដូ​ស។
ទាក់ទង​នឹង​ការបញ្ជាទិញ ក៏ដូចជា​ជំនួយ​ជា​វ៉ាក់សាំង​នេះដែរ គិត​មកដល់​បច្ចុប្បន្ន (ថ្ងៃទី7 ខែឧសភា ឆ្នាំ2021) កម្ពុជា បានទទួល​វ៉ាក់សាំង​សរុប​ចំនួន 4,024,000ដូ​ស​រួចហើយ។

សូម​រំលឹកថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់បាន​មានប្រសាសន៍ថា វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 0.5លាន​ដូ​ស នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី11 ខែឧសភា​ខាងមុខនេះ ខណៈ 0.5លាន​ដូ​ស​ទៀត​ក៏​នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី15 ខែឧសភា ឆ្នាំ2021នេះ​ផងដែរ។

គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 18,179នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 114នាក់, អ្នកជា​សះស្បើយ 6,884នាក់។ ក្នុងអំឡុង​ថ្ងៃទី6 ខែឧសភា ឆ្នាំ2021 កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 558នាក់ ប៉ុន្តែ ពុំមាន​ករណី​ស្លាប់​ដោយសារ Covid-19 នោះទេ៕

ប្រភព​៖ ក្រសួង​សុខាភិបាល​/ក្រសួង​ព័ត៌មាន
ដកស្រង់​៖ បុត្រា

Advertisement