វ៉ាក់សាំង Sinopharm 4សែន​ដូ​ស ជា​ជំនួយលើក​ទីបី​​របស់​ចិន បានមក​ដល់​កម្ពុជា​ហើយ

នា​យប់​ថ្ងៃទី28 ខែមេសា ឆ្នាំ2021 វ៉ាក់សាំង Sinopharm ចំនួន 4សែន​ដូ​ស ដែលជា​ជំនួយ​របស់​ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់​កម្ពុជា ហើយ​វ៉ាក់សាំង​ទាំងនេះ នឹងត្រូវ​បាន​យកទៅ​ចាក់​ជូន​ពលរដ្ឋ​នៅក្នុង «តំបន់​ក្រហម»។

មកដល់​បច្ចុប្បន្ន កម្ពុជា បានទទួល​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 ពី​ប្រទេស​ចិន ចំនួន 3លើក​រួចហើយ ដែល​សរុប​មាន​ចំនួន 1.7សែន​ដូ​ស។ នេះ​បើតាម លោកជំទាវ យក់ សម្បត្តិ។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រូបនេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុក​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន​នេះ​គឺជា វ៉ាក់សាំង​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​Covid-19។

វ៉ាក់សាំង Sinopharm ចំនួន 1.7លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​ទទួលបាន​កន្លងមក រួមមាន លើកទីមួយ​ក្នុង​ខែកុម្ភៈ 6សែន​ដូ​ស, លើក​ទី​ពីរ​ក្នុង​ខែមីនា 7សែន​ដូ​ស និង​លើក​ទី​បី​ក្នុង​ខែមេសា​នេះ មាន​ចំនួន 4សែន​ដូ​ស។

នៅ​ទូទាំងប្រទេស​កម្ពុជា គិត​មកដល់​បច្ចុប្បន្ន (29 ខែមេសា) តួលេខ​អ្នក​ឆ្លង​ Covid-19 សរុប​បាន​កើន​ដល់ 11,761នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 4,698នាក់, អ្នកស្លាប់ 88នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 6,968​​នាក់៕

ប្រភព​៖ វិទ្យុជាតិ
ដកស្រង់​៖ បុត្រា

Advertisement