ទឹកចិត្ត​គួរឱ្យ​សរសើរ!! CEO របស់​ “Google និង Microsoft”  កើត​នៅ​ឥណ្ឌា ប្រកាស​ជួយ​ប្រទេស​កំណើត តស៊ូ​កូ​វីដ-19

CEO 2នាក់ របស់​ក្រុមហ៊ុន​យក្សធំៗល្បីឈ្មោះ ដែល​កើត​នៅ​ប្រទេស​ឥណ្ឌា លោក សាន់​តា ភិ​ឆៃ របស់​ក្រុមហ៊ុន Google និង​លោក សា​តា​យ៉ា ណា​ដេ​ល​ឡា របស់ Microsoft បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា​ថា នឹង​ផ្ដល់​ការជួយ​សង្គ្រោះ​យ៉ាង​ប្រញាប់​ចំពោះ​ប្រទេស​ឥណ្ឌា ដើម្បី​តស៊ូ​ប្រឆាំងនឹង​វិបត្តិ​កូ​វីដ-19 ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាងធ្ងន់ធ្ងរ​ក្នុងខណៈ​ពេលនេះ។

CNN ប្រព័ន្ធ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​នៅ​ថ្ងៃទី26 ម្សិលមិញ​ថា លោក​សាន​តា ភិ​ឆៃ និង​លោក សា​តា​យ៉ា ណា​ដេ​ល​ឡា អ្នកគ្រប់គ្រង​លំដាប់​ខ្ពស់​របស់​ក្រុមហ៊ុន ហ្គូ​ហ្គ​ល និង​ក្រុមហ៊ុន ម៉ៃ​ក្រូ​សូ​ហ្វ​ត៍ ដែល​កើត​នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា បាន​ចេញមក​ប្រកាស​ជួយ​ទីក្រុង​នី​វ​ដេលី ក្នុងការ​ដោះស្រាយ​វិបត្តិ​ការខ្វះខាត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​នខា​ង​វេជ្ជសាស្ត្រ ត្រៀម​ជាស្រេច​ក្នុងការ​ផ្ដល់ជំនួយ​ផ្នែក​តិច​និក​កម្រិត​ខ្ពស់ និង​រួមទាំង​ការ​ផ្ដុំ​កម្លាំង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន ក្នុងខណៈដែល​ប្រទេស​ឥណ្ឌា​កំពុង​ស្ថិតក្នុង​វិបត្តិ មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ដ៏​ច្រើន​រៀងរាល់ថ្ងៃ។

លោក ណា​ដេ​ល​ឡា CEO ក្រុមហ៊ុន​មៃ​ក្រូ​សូ​ហ្វ​ត៍ បាន​ថ្លែង​តាម​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា “បេះដូង​ខ្ញុំ​ស្ទើរតែ​រលាយ ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​ឥណ្ឌា”

និង​បាន​បន្ថែមថា “ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដែល​សហរដ្ឋអាមេរិក បានផ្ដល់​ការជួយ​សង្គ្រោះ ហើយ​ខាង​ម៉ៃ​ក្រូ​សូ​ហ្វ​ត៍ នឹង​ប្រើប្រាស់​សំឡេង​របស់ខ្លួន រួមទាំង​ធនធានមនុស្ស និង​តិច​ណូ​ឡូ​ជី​ដែលមាន ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក និង​គាំទ្រ​ការទិញ​ឧបករណ៍​អុក​ស៊ី​ហ្ស៊ែ​ន​ដែលមាន​ភាព​សំខាន់”

ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក CEOធំ របស់​ក្រុមហ៊ុន​ហ្គូ​ហ្គ​ល លោក សាន​តា ភិ​ឆៃ បាន​សម្ដែង​ការសហការ ដោយ​ការ​ថ្លែង​តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា លោក​មាន​អារម្មណ៍​សោកសៅ​យ៉ាងខ្លាំង នៅពេល​បានឃើញ​ភាព​ដ៏​អាក្រក់​របស់​ស្ថានការណ៍​កូ​វីដ-19 នៅក្នុង​ប្រទេស​ឥណ្ឌា ព្រមទាំង​ប្រកាស​ផ្ដល់ប្រាក់​ជួយសង្គ្រោះ​ប្រទេស​ឥណ្ឌា​ចំនួន 1.35ពាន់​លាន​រូពី ឬ​ប្រមាណ 18លាន​ដុល្លារ ដែលជា​ការជួយ​ដោយ​ក្រុមហ៊ុន Google និង​បុគ្គលិក Google ទាំងអស់។

CNN បាន​រាយការណ៍​ថា Google នឹង​ប្រគល់​ជំនួយ តាមរយៈ​អង្គការ អ៊ុយ​នី​សេ​ហ្វ របស់​អង្គការសហប្រជាជាតិ សម្រាប់​ឧបករណ៍​ខាង​វេជ្ជសាស្ត្រ​ដែល​ចាំបាច់ ដែល​រួមទាំង​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន និង​ឧបករណ៍​ពិសោធន៍ ដែល​ឱ្យ​គ្រោងការ “Give India” ជា​ផ្លាត​ហ្វ៉​ម ការបរិច្ចាគ​អន​ឡាញ ឱ្យទៅ​ក្រុមគ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ-19។ ក្រៅពីនេះ ខាង Google នៅបាន​ផ្ដល់​បន្ថែម 15លាន​ដុល្លារ​ទៀត សម្រាប់​ការលើកលែង​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​ខាង​សុខភាព​សាធារណៈ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា លោក​ណា​ដេ​ល​ឡា និង​លោក​ភិ​ឆៃ គឺជា​អ្នកគ្រប់គ្រង​ខ្សែស្រឡាយ​ឥណ្ឌា ដែល​ទទួលបាន​ជោគជ័យ​លំដាប់​ពិភពលោក ដោយ​លោក​ណា​ដេ​ល​ឡា មកពី​ទីក្រុង​ហៃ​ដឺ​រ៉ា​បាត់ ភាគខាងត្បូង​របស់​ឥណ្ឌា និង​ចូលធ្វើការ​ជាមួយ​ម៉ៃ​ក្រូ​សូ​ហ្វ​ត៍​កាលពី​ឆ្នាំ1992 និង​ក្លាយជា​អ្នកគ្រប់គ្រង​ម៉ៃ​ក្រូ​សូ​ហ្វ​ត៍​នៅ​ឆ្នាំ2014។

ចំណែក​លោក​ភិ​ឆៃ កើត​នៅ​រដ្ឋ​ទមិឡ​ណា​ឌូ លោក​មិនមាន​កុំព្យូទ័រ​ប្រើប្រាស់ រហូត​ទាល់តែ​ផ្លាស់​ទៅ​នៅ​អាមេរិក ដើម្បី​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ស្ទែ​ន​ហ្វ៉​ដ ដ៏​ល្បីល្បាញ និង​បាន​ចូលធ្វើ​ការឱ្យ Google ក្នុង​ឆ្នាំ2014 និង 1ឆ្នាំ​បន្ទាប់មក លោក​ក៏ត្រូវ​បានស្នើ​ឈ្មោះ ឱ្យ​គ្រង​តំណែង CEO នៅ​ទីនោះ និង​ក្រោយមក ក្នុង​ឆ្នាំ2019 លោក​ចូល​ទទួល​តំណែង​ជា CEO របស់​ក្រុមហ៊ុន Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google។

ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា ចំនួន 352,991នាក់ និង​ស្លាប់​ក្នុង 24ម៉ោង​ចុងក្រោយ ចំនួន 2,812នាក់៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement