ប្រជាជន​ចិន 81% ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ ព្រោះ​ជឿថា អាច​ការពារ​មេរោគ​មរណៈ​នេះ​បាន

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន បាន​រាយការណ៍​នៅថ្ងៃនេះ (ទី26 មេសា) ថា 81ភាគរយ នៃ​ក្រុម​អ្នកធ្វើ​ប្រជាមតិ បាន​រកឃើញថា ប្រជាជន​ចិន​ស្វាគមន៍​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-19 ជា​វ៉ាក់សាំង ដែល​ពួកគេ​ត្រូវ​ការចាក់ ខ្លាំង​ជាង​វ៉ាក់សាំង​ដទៃទៀត។

ការធ្វើប្រជាមតិ​ការយល់ឃើញ​នេះ បានរៀបចំ​ធ្វើ​ដោយ​ទស្សនាវដ្ដី Southern Weekly និង DXY ផ្លាត​ហ្វ៉​ម ការមើល​ថែទាំ​សុខភាព​អន​ឡាញ ដែល​ធំជាងគេ​បំផុត​របស់​ប្រទេស​ចិន តាមរយៈ​ការសាកសួរ​គំនិត​យោបល់​ប្រជាជន​ជាង 12,674នាក់ ដែល​ក្នុង​ចំនួន​នេះ មាន​គ្រូពេទ្យ 622នាក់​ផង។

អ្នកឆ្លើយ​ក្នុង​ទម្រង់​សួរ-ឆ្លើយ មាន 85% ជឿថា វ៉ាក់សាំង​អាច​ការពារ​ជំងឺ​កូ​វីដ-19បាន កើនឡើង​ពី​លទ្ធផល​ធ្វើ​ប្រជាមតិ​កាលពី​ឆ្នាំទៅ ដែលមាន​ចំនួន​ត្រឹមតែ 47%ប៉ុណ្ណោះ។

ក្រៅពី​វ៉ាក់សាំង​កូ​វីដ-19ហើយ ក្រុម​ប្រជាមតិ ថែមទាំង​ត្រូវការ​បានទទួល​វ៉ាក់សាំង​ការពារ​វីរុស​រលាក​ថ្លើម B, HIV និង​គ្រុន​ផ្ដាសាយធំ​ផងដែរ។

កាលពី​ថ្ងៃទី21 មេសា ឆ្នាំ2021 លោក មី ហ្វឹ​ង អ្នកនាំពាក្យ​ការិយាល័យ​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ឱ្យដឹងថា ប្រទេស​ចិន​កំពុង​បង្កើន​ការព្យាយាម​ក្នុងការ​ចាក់​វ៉ាក់សាំង ដោយមាន​ការចាក់​វ៉ាក់សាំង កូ​វីដ-19 បាន​ច្រើនជាង 200លាន​ដូ​ស​ហើយ។

រឿងនេះ បានធ្វើឱ្យ​ប្រទេស​ចិន មាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​សហរដ្ឋអាមេរិក ក្នុង​រឿង​ការចាក់​វ៉ាក់សាំង ដោយ​​សហរដ្ឋ​អាមេរិក​ បាន​ចាក់​វ៉ាក់សាំង​រួចហើយ បាន​ចំនួន 200លាន​ដង​ដូចគ្នា តែ​យ៉ាងណាក្ដី ភាពខុសប្លែក​គ្នា​នៃ​ចំនួន​ប្រជាជន ធ្វើឱ្យ​ពេល​គិត​ជា​អត្រា​ភាគរយ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ទាំងអស់​វិញ ធ្វើឱ្យ​ប្រទេស​ចិន នៅតែ​តាម​ពីក្រោយ​សហរដ្ឋអាមេរិក​ដដែល។

អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​វាយតម្លៃថា ត្រូវតែមាន​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​យ៉ាងតិចណាស់ 65-70% ទើប​អាច​សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុងសង្គម​បាន។

កាលពី​សប្ដាហ៍​កន្លងទៅ លោក ជឹ​ង ចុង​វើ​យ អគ្គនាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​តិច​ណូ​ឡូ​ជី និង​ការិយាល័យ​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ថ្លែង​នៅក្នុង​ពិធី Boao Forum for Asia 2021 ថា “ប្រទេស​ចិន បាន​រៀប​ផែនការ​ក្នុង​ការផលិត​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-19 ជាង 3ពាន់​លាន​ដូ​ស ក្នុងអំឡុង​ដំណាច់​ឆ្នាំនេះ និង​បង្កើន​កម្លាំង​ការផលិត​ឱ្យបាន​ប្រមាណ 5ពាន់​លាន​ដូ​ស​ថែមទៀត”៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement