មិនទាន់​ចប់ងាយៗទេ!!  វិបត្តិ​កូ​វីដ-19 ទូទាំង​ពិភពលោក នៅតែ​អាក្រក់ រកឃើញ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​សប្ដាហ៍​ច្រើន​បំផុត

រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 ថ្មី​ទូទាំង​ពិភពលោក ក្នុងអំឡុង 7ថ្ងៃ​កន្លងមក ច្រើន​ដល់​ទៅ​ជាង 5.2លាន​នាក់ ច្រើនជាង​សប្ដាហ៍ណាៗទាំងអស់ គិត​ចាប់តាំងពី​រោគរាតត្បាត​ដ៏​ធំ​នេះ​ចាប់​ផ្ដើមឡើង ដោយ​ស្ថានការណ៍​ការឆ្លង​រាលដាល កាន់តែ​តែ​អាក្រក់ឡើងៗ យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​ទាំងឡាយ ដែល​ខ្វះខាត​ឧបករណ៍ និង​សម្ភារ សម្រាប់​ចាត់ការ​ជាមួយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដ៏​សាហាវ​នេះ។

សញ្ញា​អាក្រក់ ដែល​គួរឱ្យ​ភ័យខ្លាច​នេះ បានចាប់ផ្ដើម​ឡើង តែ​ប៉ុន្មាន​ថ្ងៃ ក្រោយពី​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ទូទាំង​ពិភពលោក បាន​ហក់​ឡើងដល់​ជាង 3លាន​នាក់ និង​កើតឡើង​ក្នុងខណៈដែល​ប្រទេសផ្សេងៗជាច្រើន កំពុងដំណើរការ​គ្រោង​ការចាក់​វ៉ាក់សាំង ក្នុង​ក្ដី​ព្យាយាម​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ឱ្យបាន។

យ៉ាងណាក្ដី ទិន្នន័យ​ពី​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍ ដែល​រកឃើញ​អ្នក​ឆ្លង​មេរោគ កើនឡើង កាលពី ១សប្ដាហ៍​មុន​ហ្នឹង ដល់​ទៅ 12%នោះ បាន​បំផ្លាញ​សេចក្ដីសង្ឃឹម​ដែលថា ទីបញ្ចប់​របស់​ជំងឺ​រាលដាល​ដ៏​ធំ​នេះ អាច​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ ខ្ទេចខ្ទី​អស់រលីង។

តួលេខ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំ​សប្ដាហ៍​ទាំងនោះ បាន​បំបែក​ឯកទគ្គកម្ម​ចាស់ ដែល​ធ្លាប់​កើតឡើង​កាលពី​អំឡុង​ពាក់កណ្ដាល​ខែធ្នូ កន្លងទៅ ដែល​ទោះ​ជាង​អត្រា​ការឆ្លង​មេរោគ បាន​បង្អង់​ល្បឿន​ភាគច្រើន​នៅក្នុង​សហរដ្ឋអាមេរិក​ហើយក៏​ដោយ តែ បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ទាំងឡាយ ជាពិសេស​បំផុត ឥណ្ឌា និង​ប្រេ​ស៊ី​ល បែរជា​កំពុង​ប្រឈម​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ ដែល​កើនឡើង​ខ្ពស់ យ៉ាង​ឥតឈប់ឈរ​ទៅវិញ។

ចំនួន​អ្នកស្លាប់​ទូទាំង​ពិភពលោក ក៏​វិលត្រឡប់​មករក​ស្ថានការណ៍​ដ៏​អាក្រក់​ម្ដងទៀត​ដូចគ្នា​ដែរ ក្រោយពី​រកឃើញ​អ្នកស្លាប់ កើនឡើង​កាលពី​ខែ​កន្លងទៅ និង​ចំនួន​អ្នកស្លាប់​ក្នុង​ជុំ 7ថ្ងៃ គិត​ត្រឹម​ថ្ងៃទី18 មេសា ស្ថិតក្នុង​តួលេខ​ជាង 82,000នាក់ គិត​ជា​មធ្យម ជិត 12,000នាក់ ក្នុង 1ថ្ងៃ។ កើនឡើង​យ៉ាងច្រើន ពី​កម្រិត​ប្រមាណ​ជា 60,000នាក់ ក្នុង 1សប្ដាហ៍ គិត​ត្រឹម​ថ្ងៃទី14 មីនា ឬ​គិត​ជា​មធ្យម ប្រមាណ 8,600នាក់ ក្នុង ១ថ្ងៃ។

ឥណ្ឌា និង​ប្រេ​ស៊ី​ល ជា​ប្រទេសយក្ស2 ដែល​បាន​ក្លាយជា​កត្តា​ជំរុញ ឱ្យចំ​នួន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​ទូទាំង​ពិភពលោក…គឺជា​ការប្រកួតប្រជែង ដែល​គ្មាន​អ្នកណា​ចង់​ឈ្នះ។ ទាំងអស់នេះ ក្រោយពី​ប្រឈម​នឹង​ការកើនឡើង​នៃ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 យ៉ាង​ឆាប់រហ័ស​នោះ ប្រទេស​ឥណ្ឌា បាន​វិល​មក​វ៉ា​ដាច់ នាំមុខ​ប្រទេស​ប្រេ​ស៊ី​ល ក្លាយជា​ប្រទេស​ដែល​បាន​រង​ផលប៉ះពាល់​ពី​ការឆ្លង​រាលដាល​ខ្លាំងជាងគេ​បំផុត លំដាប់​លេខ2 របស់​ពិភពលោក​ជាថ្មី​ម្ដងទៀត ក្រោយ​បាត់បង់​តំណែង​នេះ​ទៅឱ្យ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ខែមីនា។

រហូតមកដល់​ពេលនេះ ឥណ្ឌា និង​ប្រេ​ស៊ី​ល មាន​ប្រជាជន​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ គិត​ជា​ភាគរយ 4.5% និង 8.3% នៃ​ចំនួន​ប្រជាជន​តាម​លំដាប់ ដែល​នេះ អាច​និយាយបានថា នៅ​តិចតួច​ណាស់ បើ​ធៀប​នឹង​សហរដ្ឋអាមេរិក 33% និង​ចក្រភព​អង់គ្លេស 32%។

យ៉ាងណាក៏ដោយ មិនមែន​ត្រឹមតែ​ប្រទេស​កំពុងអភិវឌ្ឍន៍​ប៉ុណ្ណោះ​ទេ ដែល​ជួបនឹង​បញ្ហា​ក្នុងការ​ព្យាយាម​គ្រប់គ្រង​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ​ឱ្យបាន​នោះ  តែ​ករណី​រកឃើញ​បញ្ហា​ដុំ​ឈាម​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម នៅក្នុង​ប្រជាជន ដែល​ចាក់​វ៉ាក់សាំង​របស់ ច​ន​សុន អ៊ែន ច​ន​សុន និង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា កំពុង​ធ្វើឱ្យ​រដ្ឋបាល​ប្រទេសផ្សេងៗទូទាំង​ពិភពលោក កើតមាន​ក្ដី​ស្រពេចស្រពិល និង​សង្ស័យ​ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំងនោះ។

មេរោគ​ក្លាយ​ពូជ​ថ្មី​របស់​កូ​វីដ-19 ក៏​ជា​បច្ច័យ 1ទៀត ដែល​ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​មេរោគ ហក់​ខ្ពស់​ឡើង​ដូចគ្នា ដោយ​ប្រទេស​ប្រេ​ស៊ី​ល បាន​រកឃើញ​មេរោគ​ក្លាយ​ពូជ P.1 ដែល​គេ​ជឿថា គឺជា​មេរោគ​ក្លាយ​ពូជ ដែលមាន​ភាពខ្លាំង​ក្លា​បំផុត កាលពី​ខែធ្នូ កន្លងទៅ ខណៈដែល​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ បាន​បញ្ជាក់ថា មេរោគ​ក្លាយ​ពូជ 1នេះ ដូចគ្នា​នឹង​មេរោគ​ក្លាយ​ពូជ ដែល​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ចក្រភព​អង់គ្លេស ដែល​អាច​ចម្លង​សាយភាយ​បាន​ងាយ​ជាង និង​លឿន​ជាង​មេរោគ​ចាស់​ច្រើនដង​ណាស់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Bloomberg
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement