អស្ចារ្យ!!  រកឃើញ​វ៉ាក់សាំង​កូ​វីដ-19 របស់ Pfizer មាន​ប្រសិទ្ធភាព 100% លើ​កុមារ​អាយុ12 ដល់ 15ឆ្នាំ

BioNtech និង Pfizer បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ ទី31 មីនា​ម្សិលមិញ​ថា វ៉ាក់សាំង​របស់​ពួកគេ មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី 100% ចំពោះ​កុមារ​អាយុ 12ដល់15ឆ្នាំ ព្រមទាំង​សង្ឃឹម​បានទទួល​ការអនុម័ត​ឱ្យប្រើ​ទៅលើ​មនុស្ស​វ័យ​ជំទង់ មុន​ការបើក​ឆ្នាំ​សិក្សា​បន្ទាប់​ទៀត។

ទាំង 2ក្រុមហ៊ុន បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ការសាកល្បង​ដំណាក់កាល​ទី3 ជាមួយ​ក្រុម​យុវវ័យ​ចំនួន 1,260នាក់​នៅក្នុង​សហរដ្ឋអាមេរិក បាន “ពិសោធ​ឃើញ​ប្រសិទ្ធភាព 100% និង​ការ​តបស្នង​របស់​អង្គ​បដិបក្ខប្រាណ​ដ៏​រឹងមាំ”

ចំណែក​លោក អាល់​ប៊ើ​ត បួ​ឡា ប្រធាន​ក្រុម​ភ្នាក់ងារ​ប្រតិបត្តិ​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ បាន​បញ្ជាក់ថា “យើង​មាន​ផែនការ​ដាក់​បង្ហាញ​ទិន្នន័យ​នេះ​ទៅ FDA (គណៈកម្មការ​គ្រប់គ្រង​របៀប​ច្បាប់​សហរដ្ឋអាមេរិក) ស្នើសុំ​កែសម្រួល​ការអនុញ្ញាត ឱ្យប្រើ​ក្នុងករណី​អាសន្ន​របស់​យើង ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត និង​ដាក់​បង្ហាញ​ទិន្នន័យ​ទៅ​គណៈ​អ្នកគ្រប់គ្រង​របៀប​ច្បាប់ផ្សេងៗទៀត ទូទាំង​ពិភពលោក ដោយ​ក្ដី​សង្ឃឹមថា នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ឱ្យ​ក្រុមមនុស្ស​អាយុ​នេះ មុន​ចាប់ផ្ដើម​ឆ្នាំ​ការសិក្សា​ខាងមុខ”

ចំណែក​ប្រធាន​ប្រតិបត្តិ​របស់ បៃ​អូ​អេ​ន​ថេ​ក ក្រុមហ៊ុន​សញ្ជាតិ​អាល្លឺម៉ង់ បាន​បន្ថែមថា លទ្ធផល​ការសាកល្បង​ដែល​បង្ហាញឱ្យឃើញ​អំពី​ប្រសិទ្ធភាព​ក្នុងការ​ការពារ​កម្រិត​ខ្ពស់ សម្រាប់​មនុស្ស​វ័យ​ជំទង់​នេះ “គឺជា​រឿង​មួយ ដែល​សាង​កម្លាំងចិត្ត និង​កម្លាំង​ស្មារតី​យ៉ាងខ្លាំង ជាពិសេស​ក្នុង​សញ្ញា​ដែល​យើង​បាន​ប្រទះឃើញ​ក្នុង​ច្រើន​សប្ដាហ៍​កន្លងមកនេះ ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស B.1.1.7”

វ៉ាក់សាំង​របស់ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ ផលិត​ពី​ការប្រើ​រូបមន្ត​មូលដ្ឋាន​របស់​តិច​ណូ​ឡូ​ជី mRNA និង​ជា​វ៉ាក់សាំង​កូ​វីដ-19 ដំបូង​គេ​ដែល​បានទទួល​ការអនុម័ត​នៅក្នុង​ប្រទេស​លោកខាងលិច កាលពី​អំឡុង​ចុងឆ្នាំ​កន្លងទៅ។

ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សុទ្ធតែ​ឯកភាព​យល់ព្រម​អនុម័ត​ឱ្យប្រើ​ក្នុងករណី​អាសន្ន ជាមួយ​បុគ្គល​ដែលមាន​អាយុ 16ឆ្នាំ​ឡើងទៅ ដែល​ចាប់តាំងពី​ពេល​នោះមក វា​ត្រូវបាន​គេ​ប្រើ​ទៅលើ​មនុស្ស​ជាច្រើន​លាន​នាក់ នៅក្នុង​ប្រទេសផ្សេងៗ ច្រើនជាង 65ប្រទេស​ទូទាំង​ពិភពលោក។

លទ្ធផល​ការសិក្សា​ស្រាវជ្រាវ នៅក្នុង​ពិភពលោក ដែល​ពាក់ព័ន្ធ​នឹង​ប្រជាជន 1.2លាន​នាក់ នៅក្នុង​ប្រទេស​អ៊ីស្រាអែល បាន​រកឃើញថា វ៉ាក់សាំង​របស់ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ មាន​ប្រសិទ្ធភាព​ខ្ពស់ ដល់​ទៅ 94%។

ក្នុងខណៈដែល​ពិភពលោក​កំពុង​ស្ទុះស្ទា​ចាក់​វ៉ាក់សាំង ក្រុមហ៊ុន​បៃ​អូ​អេ​ន​ថេ​ក បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី30 មីនា​ថា ពួកគេ​កំពុងស្ថិត​លើ​ដំណើរ​ផ្លូវ​នៃ​ការផលិត​វ៉ាក់សាំង​ឱ្យបាន 2,500លាន​ដូ​ស​ក្នុងឆ្នាំនេះ។

កម្លាំង​ផលិត​ដែល​ខ្ពស់​ឡើង​នេះ បានកើត​ឡើង​ពី​ការ​ទើបនឹង​បើក​ប្រភព​ផលិត​ថ្មី​កាលពីពេលថ្មីៗនេះ នៅក្នុង​ទីក្រុង​ម៉ា​បួ​ក របស់​ប្រទេស​អាល្លឺម៉ង់ ដែល​ពេលនេះ​បាន​ក្លាយជា​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​ផលិត​វ៉ាក់សាំង​រូបមន្ត mRNA ដែល​ធំ​បំផុត​ក្នុង​ពិភពលោក។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រម​ហ៊ុន​ខាងលើ។

ក្រៅពីនេះ នៅមាន​ការផលិត​វ៉ាក់សាំង​ប្រភេទ​ខាងលើ នៅឯ​រោក​ចក្រ​មួយ​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ នៅក្នុង​ប្រទេស​បែលហ្ស៊ិក និង​រោងចក្រ 3ទៀត​នៅក្នុង​សហរដ្ឋអាមេរិក។

បៃ​អូ​អេ​ន​ថេ​ក បាន​បញ្ជាក់ថា ប្រសិទ្ធភាព​ដែល​ល្អប្រសើរ​ឡើង​នេះ និង​កិច្ចព្រមព្រៀង​សហការ​ថ្មី ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​ខាងក្រៅ នឹង​ជួយ​លើកកម្ពស់​គោលដៅ​ការផលិត​វ៉ាក់សាំង​រប​ស់​ពួកគេ​ដូចគ្នា។

កាលពី​សប្ដាហ៍​កន្លងទៅ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ប្រសិទ្ធភាព​វ៉ាក់សាំង​ជាមួយ​កុមារ​អាយុ​តិច ដោយបាន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ចន្លោះ​ពី 5ដល់11ឆ្នាំ 1ក្រុម​ដំបូង​គេ រួចរាល់​ហើយ។

ទាំងអស់នេះ គេ​រំពឹងថា នឹង​បានចាប់ផ្ដើម​ផ្ដល់​វ៉ាក់សាំង ដូ​ស​ដំបូង​ទៅឱ្យ​កុមារ​ក្នុង​ក្រុម​អាយុ 2ដល់5ឆ្នាំ ក្នុង​សប្ដាហ៍​ខាងមុខ ដែល​នឹង​គ្របដណ្ដប់​ទៅដល់​ទារក​វ័យ​តេះតះ អាយុ​ទាប​បំផុត 6ខែ​ផងដែរ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement