ក្រសួងសុខាភិបាល​វៀត​ណា​ម ត្រៀម​​សេណា​​រី​យ៉ោ សម្រាប់​​ “លិខិត​ឆ្លង​ដែន​​វ៉ាក់​សាំង”

ក្រសួងសុខាភិបាល​វៀត​ណា​ម កំពុង​ត្រៀម​សិក្សា​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​សមស្រប​សម្រាប់​អ្នកដំណើរ​មកពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ទន្ទឹមនឹង​ការត្រៀម​សេណា​រី​យ៉ោ​សម្រាប់​ការប្រើប្រាស់ «លិខិតឆ្លងដែន​វ៉ាក់សាំង» នាពេលខាងមុខ។

គិត​មកដល់​ថ្ងៃទី 31មីនា 2021 នៅ​ប្រទេស​វៀតណាម មនុស្ស​ចំនួន 49,743នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​Covid-19 រួចរាល់​ហើយ ក្នុងនោះ​មាន​មន្ត្រី​ក្រសួងសុខាភិបាល បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​Covid-19, បុគ្គលិក​សុខាភិបាល​ផ្នែក​យក​សំណាក ផ្នែក​ធ្វើតេស្ត​សំណាក និង​អ្នក​តាមរក​អ្នកជំងឺ, សមាជិក​អង្គភាព​គ្រប់គ្រង​សហគមន៍​Covid-19 និង​គណៈកម្មការ​ទប់ស្កាត់​Covid-19។

វៀតណាម បច្ចុប្បន្ន​មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 2,603នាក់ ក្នុងនោះ​មាន 35នាក់​បាន​ស្លាប់ និង 209នាក់​កំពុង​សម្រាក​ព្យាបាល។

ទាក់ទង​នឹង​បញ្ហា «លិខិតឆ្លងដែន​វ៉ាក់សាំង» អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម ឱ្យដឹងថា ក្រសួង​កំពុងធ្វើការ​ជាមួយ​ក្រុមមន្ត្រី​ជំនួញ និង​វិស័យ​សិក្សា​ស្រាវជ្រាវ ពិនិត្យ​របាយការណ៍រ​បស់​គណៈកម្មការ​ទប់ស្កាត់ Covid-19 និង​របាយការណ៍​រប​ស់​រដ្ឋាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាជន​នៅពេល​បើកទ្វារ​សេដ្ឋកិច្ច និង​ទទួល​អ្នកដំណើរ​បរទេស។

ផែនការ​ដំបូង​របស់​វៀតណាម គឺ​ការប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រកបដោយ​ភាពសមស្រប​ចំពោះ​អ្នកដំណើរ​ពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​កំពុងតែ​ត្រៀម​សេណា​រី​យ៉ោ​សម្រាប់​ការប្រើប្រាស់ «លិខិតឆ្លងដែន​វ៉ាក់សាំង» នាពេលខាងមុខ​ផងដែរ។

យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បាន​បញ្ជាក់ថា បញ្ហា «លិខិតឆ្លងដែន​វ៉ាក់សាំង» ត្រូវតែមាន​ការពិនិត្យ ពិចារណា​ឱ្យបាន​ម៉ត់ចត់​រវាង​ផលប្រយោជន៍​នឹង​ហានិភ័យ៕

ប្រភព៖ TP
ប្រែសម្រួល​៖ បុត្រា

Advertisement