វ៉ាក់សាំង Sinopharm ចំនួន 7សែន​ដូ​សនឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ

វ៉ាក់សាំង Sinopharm កញ្ចប់​ទី 1 ចំនួន 6សែន​ដូ​ស​ដែល​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន ​បាន​មកដល់​កម្ពុជា​ កាល​ពី​​ថ្ងៃទី7 ខែកុម្ភៈ

កម្ពុជា បាន និង​កំពុង​រៀបចំ​ពិធី​ត្រៀម​ទទួល​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ជា​ជំនួយ​លើក​ទី​ពីរ​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ។

រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួង​ការពារ​ប្រទេស នៅ​ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 នេះ នឹង​ផ្តល់ជូន​ជា​លើក​ទី​ពីរ​នូវ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) បង្ការ​ជំងឺ Covid-19 ចំនួន 7សែន​ដូ​ស ដល់​កម្ពុជា។ ជំនួយ​នេះ​នឹងត្រូវ​បាន​ដឹក​តាម​យន្តហោះ​របស់​កងទ័ពអាកាស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោក វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

វ៉ាក់សាំង Sinopharm របស់​ចិន ត្រូវបាន​ក្រុមហ៊ុន​ផលិត​ប្រកាសថា មាន​ប្រសិទ្ធភាព​ក្នុង​អត្រា 79.34% ក្នុងការ​សាកល្បង​ដំណាក់កាល​ទី​បី​លើ​មនុស្ស។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកគ្រប់គ្រង​យុទ្ធនា​ការចាក់​វ៉ាក់សាំង កាលពីពេលថ្មីៗនេះ ក៏​ធ្លាប់មាន​ប្រសាសន៍ថា កន្លងមក វ៉ាក់សាំង Sinopharm របស់​ចិន មិនទាន់មាន​សេចក្ដីរាយការណ៍​ណា​បង្ហាញថា បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​បាន​ចាក់​នៅឡើយ។

សូម​រំលឹក​ថា វ៉ាក់សាំង Sinopharm កញ្ចប់​ទី 1 ចំនួន 6សែន​ដូ​ស​ដែល​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន ​បាន​មកដល់​កម្ពុជា​ កាល​ពី​​ថ្ងៃទី7 ខែកុម្ភៈ ក្នុងនោះ វ៉ាក់សាំង​ចំនួន 3សែន​ដូ​ស​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ក្រសួងសុខាភិបាល និង 3សែន​ដូ​ស​ទៀត​សម្រាប់​ក្រសួងការពារជាតិ៕

ប្រភព​៖ ក្រសួង​ព័ត៌មាន​
ដកស្រង់៖ បុត្រា

Advertisement