កាណាដា​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់ AstraZeneca សម្រាប់​មនុស្ស​អាយុ​ក្រោម 55ឆ្នាំ

យោងតាម​ប្រភពព័ត៌មាន​ពី​ទីក្រុង Ottawa ក្រុមមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 29មីនា បានឱ្យដឹងថា ប្រទេស​នេះ​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​មនុស្ស​វ័យ​ក្រោម 55ឆ្នាំ និង​ស្នើ​ឱ្យមាន​ការវិភាគ​ថ្មី​អំពី​ផលប្រយោជន៍ ក៏ដូចជា​ហានិភ័យ​ដែល​បង្កឡើង​ដោយ​វ៉ាក់សាំង​នេះ ដោយយោង​ទៅលើ​វ័យ និង​ភេទ។

ឥរិយាបថ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​ពី​អឺរ៉ុប​ទាក់ទង​នឹង​ករណី​កកឈាម​ដ៏​កម្រ​ជួប ប៉ុន្តែ​មាន​ភាព​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់​មួយចំនួន​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដែល​ភាគច្រើន​កើត​ឡើងលើ​ស្ត្រី​វ័យក្មេង។ បច្ចុប្បន្ន មិនទាន់មាន​ករណី​ដូចនេះ​ត្រូវបាន​រាយការណ៍​នៅ​កាណាដា​នៅឡើយ ក្រោយពី​វ៉ាក់សាំង AstraZeneca ប្រមាណ 307,000ដូ​ស ត្រូវបាន​ប្រើប្រាស់។

«យើង​កំពុង​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca សម្រាប់​មនុស្ស​ដែលមាន​វ័យ​ក្រោម 55ឆ្នាំ ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការវិភាគ​អំពី​ផលប្រយោជន៍ និង​ហានិភ័យ​របស់​វ៉ាក់សាំង​នេះ» Haoard Njoo មន្ត្រី​សុខាភិបាល​មួយរូប​របស់​កាណាដា ឱ្យដឹង​ដូច្នេះ។ លោក Njoo សង្កត់ធ្ងន់ថា កាណាដា​សម្រេច​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​មាន​វ៉ាក់សាំង​ផ្សេង​ពីនេះ​សម្រាប់​ជំនួស។ វ៉ាក់សាំង​បង្ការ Covid-19 ដែល​កាណាដា​កំពុង​ប្រើប្រាស់ ភាគច្រើន​គឺ​វ៉ាក់សាំង​របស់ Pfizer Inc និង Moderna Inc.។

ក្រុមប្រឹក្សា​ជាតិ​ស្ដីអំពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង (National​ Advisory​ Committee​ on ​Immunization/​NACI) របស់​កាណាដា បានឱ្យដឹងថា អត្រា​នៃ​ការកើត​បញ្ហា​កកឈាម​ក្រោយ​ការចាក់​វ៉ាក់សាំង AstraZeneca នៅតែ​មិនទាន់​ច្បាស់លាស់។

ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca ក្នុង​រយៈពេល​ខ្លី​កាលពី​ដើមខែ​នេះ ដើម្បី​ស្រាវជ្រាវ​លើ​បញ្ហា​កកឈាម។ ប៉ុន្តែ ក្រោយមក ស្ទើរតែ​ទាំង​អស់នៃ​ប្រទេស​ទាំងនេះ បាន​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ឡើងវិញ។ ដោយឡែក ប្រទេស​បារាំង​យល់ថា គួរតែ​ចាក់​វ៉ាក់សាំង​របស់ AstraZeneca ដល់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 55ឆ្នាំ​ឡើងទៅ​តែប៉ុណ្ណោះ ដោយយោង​ទៅតាម​ភ័ស្ដុតាង​ដែល​បង្ហាញថា បញ្ហា​កកឈាម​មាន​ផលប៉ះពាល់​ដល់​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង។

គិត​ត្រឹម​ថ្ងៃទី 28មីនា មនុស្ស​យ៉ាងតិច 666,635នាក់​នៅ​កាណាដា បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ដែល​នេះ​គឺ​ស្មើនឹង 1.8% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។ បច្ចុប្បន្ន តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កាណាដា បាន​ឡើងដល់​ជាង 971,700នាក់ ក្នុងនោះ​មាន 22,900នាក់​បាន​បាត់​បង់ជីវិត។

នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30មីនា 2021 មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន​ជាង 128,231,000នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ប្រមាណ 2,803,900នាក់ និង​កំពុង​ព្យាបាល​ចំនួន​ជាង 21,987,800នាក់៕

ប្រភព៖ CBC
ប្រែ​សម្រួល៖ បុត្រា

Advertisement