មិន​ចប់ងាយៗទេ!  ឥណ្ឌា​រកឃើញ​កូ​វីដ​ប្រភេទ​ថ្មី ក្លាយ​ពូជ 2ជាន់ ខណៈ​ចំនួន​អ្នកស្លាប់ និង​ឆ្លង​មេរោគ​ប្រចាំថ្ងៃ នៅតែ​ខ្ពស់​ក្នុងឆ្នាំនេះ

ប្រទេស​ឥណ្ឌា បាន​រាយការណ៍​អំពី​ការរកឃើញ មេរោគ​ក្លាយ​ពូជ​ថ្មី 1ទៀត​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​ក្លាយ​ពូជ 2ជាន់(Double mutant) កាលពី​ថ្ងៃ​ពុធ ទី24 មីនា ក្នុងខណៈដែល​ប្រទេសមួយ​នេះ ត្រូវ​ប្រឈម​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ និង​ស្លាប់​ប្រចាំថ្ងៃ ច្រើន​បំផុត ចាប់តាំងពី​ឈានចូល​ឆ្នាំ2021 មក។

មេរោគ​ក្លាយ​ពូជ ដែល​ក្រុម​អ្នកជំនាញ​ហៅថា “ក្លាយ​ពូជ 2ជាន់ ឬ Double mutant” នេះ ត្រូវបាន​រកឃើញ​នៅក្នុង​សំណាក ច្រើនជាង 200សំណាក​នៅក្នុង​រដ្ឋ​មហារាស្ត្រៈ រដ្ឋ​ភាគ​ខាងលិច ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ-19 យ៉ាងធ្ងន់ធ្ងរ និង​ជាទី​តាំងរបស់​មុម​បៃ ទីក្រុង​ចម្បង​ខាង​ហិរញ្ញវត្ថុ របស់​ប្រទេស​ឥណ្ឌា។

យ៉ាងណាក្ដី បណ្ដា​ក្រុមមន្ត្រី​សុខភាព​សាធារណៈ បាន​បញ្ជាក់ថា មេរោគ​ក្លាយ​ពូជ​ថ្មី​នេះ នៅ​មិនទាន់​ត្រូវបាន​ពិនិត្យ​រកឃើញ​ក្នុង​ចំនួន​ច្រើន​គ្រប់គ្រាន់ ដែល​អាច​ថា ជាប់​ទាក់ទិន​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ ដែល​កើនឡើង​យ៉ាងច្រើន​នៅក្នុង​រដ្ឋ​មហារាស្ត្រៈ និង​រដ្ឋផ្សេងៗ ដែល​ក្នុងនោះ​រួមទាំង​រដ្ឋ​ក្រេ​ឡាក់ និង​រដ្ឋ​ប៉ាន់​ចាប​នោះ​នៅឡើយ។

លោក រ៉ា​ម៉ា​ណាន់ ល័ក​ស្ម៊ី​ណា​រ៉ា​យ៉ាន់ ស្ថាបនិក​មជ្ឈមណ្ឌល​ថាមពល​របស់​ជំងឺ សេដ្ឋកិច្ច និង​នយោបាយ ក្នុង​ទីក្រុង​នី​វ​ដេលី បាន​ថ្លែងថា “ការ​ក្លាយ​ពូជ 2ជាន់ មិនមែនជា​វាក្យ​ស័ព្ទ​ខាង​វិទ្យាសាស្ត្រ​ទេ វា​គ្រាន់តែ​ជា​មេរោគ​ក្លាយ​ពូជ​មួយទៀត ដែល​មើលទៅ​ហាក់ដូចជា​មានតែ​នៅក្នុង​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ”

លោក​បាន​ថ្លែង​ទៀតថា “សួរថា តើ​មាន​ហេតុផល ដែល​ត្រូវ​កង្វល់​ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ​មួយ​នេះ ជាពិសេស​ដែរឬទេ? វា​មិនទាន់​ប្រាកដ​ដែរ ព្រោះ​យើង​រក​មិនឃើញ​ភ័ស្តុតាង​ថា មេរោគ​ក្លាយ​ពូជ​មួយ​នេះ វា​ចម្លង​សាយភាយ​បាន​ងាយ​ជាង ឬ​ធ្ងន់ធ្ងរ​ជាង​វីរុស​ដែល​យើង​កំពុង​ប្រឈម​នោះ​ឬ​យ៉ាងណា​នៅឡើយ”

បណ្ដា​សំណាក ដែល​ពិនិត្យ​រកឃើញ​មេរោគ​ក្លាយ​ពូជ​កូ​វីដ-19ថ្មី នៅក្នុង​រដ្ឋ​មហារាស្ត្រៈ ក្នុងនោះ​ប្រមាណ​ជា 20% ជា​សំណាក​មកពី​ទីក្រុង​ណាក​ពុ​រៈ មជ្ឈមណ្ឌល​កណ្ដាល​ខាង​ពាណិជ្ជកម្ម និង​ឡូ​ជិ​ស្ទិ​ក។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ស៊ុ​ជី​ត គូ​ម៉ារ ស៊ី​ង​ហ៍ អគ្គនាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​នៃ​ប្រទេស​ឥណ្ឌា។

“មេរោគ​ក្លាយ​ពូជ កំពុង​បង្ហាញខ្លួន​ឡើង សន្សឹម” លោក​ស៊ី​ង​ហ៍ បាន​ថ្លែង ព្រមទាំង​បញ្ជាក់ថា សំណាក9 របស់​មេរោគ​ក្លាយ​ពូជ​ប្រភេទ​ថ្មី ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​នី​វ​ដេលី​ដូចគ្នា ខណៈដែល​ទីក្រុង​ចម្បង​មួយ​នេះ បាន​រកឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 កើន​ឡើងជា​បន្តបន្ទាប់ ក្នុងអំឡុង​ច្រើន​សប្ដាហ៍​កន្លងមកនេះ។

សូម​ជម្រាប​ដែរ​ថា ប្រទេស​ឥណ្ឌា បានអនុម័ត​វ៉ាក់សាំង​រួចហើយ 2ប្រភេទ មាន​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា និង​មហាវិទ្យាល័យ​អុក​ស្វដ និង 1ប្រភេទ​ទៀត ដែល​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ដោយ​ក្រុមហ៊ុន ភា​រ៉ាត់ បៃ​អូ​ថេ​ក ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​មេរោគ​ក្លាយ​ពូជ​កូ​វីដ-19 ដែល​រកឃើញ​ដំបូង​នៅក្នុង​ចក្រភព​អង់គ្លេស និង​ប្រេ​ស៊ី​ល។

កាលពី​ថ្ងៃ​ពុធ ទី24 មីនា ឥណ្ឌា​បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី 47,262នាក់ ក្នុងអំឡុង 24ម៉ោង ជា​ចំនួន​ខ្ពស់បំផុត គិត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ បណ្ដាលឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​មាន 11.7លាន​នាក់ ខ្ពស់បំផុត ជាប់​លំដាប់​លេខ3 ក្នុង​ពិភពលោក ក្រោម​តែ​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​ប៉ុណ្ណោះ។

ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ក្នុង​ជុំ 24ម៉ោង​កន្លងទៅ ស្ថិតក្នុង​ចំនួន 275នាក់ ខ្ពស់បំផុត​ក្នុង​ជុំ 1ឆ្នាំនេះ បណ្ដាលឱ្យ​ចំនួន​អ្នកស្លាប់​សរុប ស្ថិតក្នុង​ចំនួន 160,441នាក់។

រដ្ឋ​ជាច្រើន បានចេញ​បទបញ្ជា​ហាម​ប្រមូលផ្ដុំ​ជួបជុំគ្នា មុន​រដូវ​កាល ហូ​លី របស់​ជនជាតិ​ហ៊ិ​ណ្ឌូ ក្នុងអំឡុង​ចុង​សប្ដាហ៍​នេះ ខណៈពេល​ជាមួយគ្នា ខាង​រដ្ឋបាលកណ្ដាល បានប្រកាស​ពង្រីក​គ្រោង​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស រួមទាំង​មនុស្ស​គ្រប់រូប ដែលមាន​អាយុ 45ឆ្នាំ​ឡើងទៅ ចាប់តាំងពី​ខែមេសា​ទៅ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement