វីរុស​ផ្ដាសាយ​អាច​ទប់ស្កាត់​ការ «copy-​past» ​របស់​វីរុស Covid-19

ការ​វិភាគ​នៅ​លើ​កុំព្យូទ័រ

ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​រកឃើញថា ប្រព័ន្ធ​ភាពស៊ាំ​ដែល​កើតឡើង​បន្ទាប់ពី​បាន​ឆ្លង rhinovirus ដែលជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា អាចបង្កើត​បានជា​ការ​ការពារ​មួយចំនួន ជួយ​ឱ្យ​រាងកាយ​ប្រឆាំងនឹង​វីរុស Covid-19។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វីរុស (CVR) នៃ​សាកលវិទ្យាល័យ Glasgow (អង់គ្លេស) បាន​រកឃើញថា វីរុស rhinovirus ដែល​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា មានលទ្ធភាព​ដាស់​ប្រព័ន្ធ​ការពារ​រាងកាយ​ពី​កំណើត ឱ្យមាន​សកម្មភាព ដើម្បី​ទប់ស្កាត់​ដំណើរការ​នៃ​ការ «ថតចម្លង» (បង្កើត​កូនចៅ) របស់ Covid-19 នៅក្នុង​កោសិកា​នៃ​ប្រព័ន្ធ​ដង្ហើម។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Journal of Infectious Diseases កាលពី​ថ្ងៃទី 23មីនា 2021។

ក្នុងការ​ស្រាវជ្រាវ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ចម្លង​វីរុស Covid-19 ទៅកាន់​កោសិកា​នៃ​ប្រព័ន្ធ​ដង្ហើម​របស់​មនុស្ស​នៅក្នុង​បន្ទប់ពិសោធន៍ និង​បង្កើត​បរិស្ថាន​ដូច​ទៅនឹង​កោសិកា​ដែល​ជំងឺឆ្លង​ធម្មតា​បានកើត​មាន។ ក្រោយមក ពួកគេ​វិភាគ​ទៅលើ​ការកកើត​កូនចៅ​របស់ Covid-19 នៅក្នុង​បរិស្ថាន​នេះ ហើយ​វា​ត្រូវបាន​ចែកជា​ពីរ​ករណី​គឺ «មាន» និង «មិនមាន​វីរុស​ផ្ដាសាយ»។

សាស្ត្រាចារ្យ Pablo Murcia ដែលជា​សមាជិក​ម្នាក់រ​បស់​ក្រុម​ស្រាវជ្រាវ​ខាងលើ បានឱ្យដឹងថា ការពិសោធន៍​បាន​បង្ហាញថា វីរុស rhinovirus នៅក្នុង​រាងកាយ​មនុស្ស ធ្វើឱ្យ​សកម្ម​លើ​ប្រព័ន្ធ​ភាពស៊ាំ​ពី​កំណើត​នៅក្នុង​កោសិកា​ផ្លូវដង្ហើម​របស់​មនុស្ស ហើយ​តាមរយៈ​នេះ ក៏​ទប់ស្កាត់​ការកកើត​កូនចៅ​របស់ Covid-19។

លោក Pablo Murcia ថ្លែងថា៖ «ប្រការនេះ​មានន័យថា ការឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​បង្កើតឡើង​ដោយ​ដំណើរការ​នៃ​ការឆ្លង​វីរុស​ផ្ដាសាយ អាច​ផ្ដល់នូវ​ការការពារ​ច្រើន​កម្រិត​ដើម្បី​ប្រឆាំងនឹង Covid-19 ដោយ​វា​មាន​សក្ដានុពល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស​នេះ និង​កាត់បន្ថយ​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ដែល Covid-19 អាច​បង្កឡើង»។

ការវិភាគ​នៅលើ​កុំព្យូទ័រ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា អន្តរ​កម្ម​រវាង​វីរុស​នានា អាចមាន​ឥទ្ធិពល​ទៅលើ​បរិ​មាណនៃ​បណ្ដុំ​របស់​វីរុស ពោលគឺ​ការឆ្លង​វីរុស​ផ្ដាសាយ​មាន​អត្រា​ខ្ពស់​កម្រិតណា តួលេខ​នៃ​ការឆ្លង Covid-9 ក៏​អាច​ថយចុះ​កម្រិត​នោះ។

របកគំហើញ​នេះ ជួយ​ឱ្យ​ក្រុម​ស្រាវជ្រាវ ស្វែងយល់​អំពី​យន្តការ និង​កម្រិត​នៃ​អន្តរ​កម្ម​របស់​វីរុស​ផ្ដាសាយ ជាមួយនឹង Covid-19 ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​Covid-19 នៅក្នុង​កម្រិត​ម៉ូ​លិ​គុល។ «ប៉ុន្តែ ការចាក់​វ៉ាក់សាំង អាច​នៅតែ​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​ការពារ​រាងកាយ​ពី​វីរុស» អ្នកវិទ្យាសាស្ត្រ Pablo Murcia បញ្ជាក់បន្ថែម៕

ប្រភព៖ Oxford Academic
ប្រែ​សម្រួល៖ បុត្រា

Advertisement