កម្ពុជា​រកឃើញ​អ្នក​ឆ្លង​Covid-19 ថ្មី 55នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ 8,593ករណី

ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 25មីនា​នេះ បានឱ្យដឹងថា មនុស្ស​ចំនួន 55នាក់​ទៀត ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 24មីនា​ថា មាន​ផ្ទុក​វីរុស​Covid-19។

អ្នកជំងឺ​ថ្មី​ទាំង 55នាក់​ខាងលើ សុទ្ធតែជា​ករណី​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍20កុម្ភៈ»។ ក្នុង​ថ្ងៃទី 24មីនា 2021 កន្លងទៅ ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 25នាក់ បានជា​សះស្បើយ។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជ​មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,872នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 5នាក់, ជាសះស្បើយ 1,056នាក់ និង​កំពុង​ព្យាបាល​ចំនួន 809នាក់។

នៅ​ទូទាំង​ពិភពលោក តួលេខ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​បាន​កើន​ដល់ 125,424,480នាក់ ក្នុងនោះ​មាន 101,288,273នាក់​បានជា​សះស្បើយ, 2,756,662នាក់​បាន​ស្លាប់ និង21,379,545នាក់​កំពុង​ព្យាបាល។ ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 24មីនា ពិភពលោក​ទាំងមូល​ក៏បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន 8,593នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 595នាក់​ផងដែរ៕

ប្រភព​៖ ក្រសួងសុខាភិបាល
ដកស្រង់​ដោយ​៖ បុត្រា

Advertisement