ប្រទេស​ចិន​ចែក​ប័ណ្ណ​ទិញ​ទំនិញ​ដល់​អ្នក​បាន​ចាក់​វ៉ាក់សាំង Covid-19

ពលរដ្ឋ​ចិន​កំពុង​រង់​ចាំ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​មួយ​នា​ទីក្រុង​ប៉េកាំង​

ខណ្ឌ Daxing នៃ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដែលមាន​ប្រជាជន​សរុប​ចំនួន 1.8លាន​នាក់ បានផ្ដល់​ប័ណ្ណ​ទិញ​ទំនិញ​ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចាប់ពី​ថ្ងៃទី 24មីនា 2021។

«ប័ណ្ណ​ទិញ​ទំនិញ​ដែលមាន​តម្លៃ​ចាប់ពី 8 ដល់ 30យុន (1.23-4.6ដុល្លារ​អាមេរិក) ក្នុង​មួយ​សន្លឹក ត្រូវបាន​បែង​ចែក​ទៅតាម​លក្ខខណ្ឌ​មួយចំនួន និង​អាច​ប្រើប្រាស់​នៅក្នុង​ផ្សារ​ទំនើប​នានា​ក្នុង​ខណ្ឌ» នេះ​បើតាម​​​ក្រុម​មន្ត្រី​​នៅ​ខណ្ឌ Daxing។ សារព័ត៌មាន Beijing Daily បាន​រាយការណ៍​ថា ប័ណ្ណ​ទិញ​ទំនិញ​ទាំងនេះ​មានតម្លៃ​សរុប​ជាង 200លាន​យុន (30.7លាន​ដុល្លារ​អាមេរិក)។

ក៏ប៉ុន្តែ មនុស្ស​មួយចំនួន​បាន​សំដែង​ការព្រួយបារម្ភ​អំពី​កម្មវិធី​ផ្ដល់​ប័ណ្ណ​ទិញ​ទំនិញ​ខាងលើ។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Weibo ថា៖ «ការលើកទឹកចិត្ត​តាម​វិធី​នេះ​ដើម្បីឱ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង នឹង​ធ្វើឱ្យ​ការជឿជាក់​ទៅលើ​វ៉ាក់សាំង​មានការ​ថយចុះ»។

ពលរដ្ឋ​ជាង 73% ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ នៅក្នុង​ខណ្ឌ Daxing បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19​ យ៉ាងតិច​មួយ​ម្ជុល នេះ​បើតាម Beijing Daily។ វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​នៅ​ប្រទេស​ចិន នោះ​គឺ BBIBP-CorV របស់ Sinopharm និង CoronaVac របស់ Sinovac ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​ស្រុក និង​ត្រូវ​ចាក់​ជា​ពីរ​ម្ជុល។

មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស​ចិន បានកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ឱ្យបាន 40%​ នៃ​ចំនួន​ប្រជាជន​សរុប ពោលគឺ​ប្រហាក់ប្រហែល​នឹង 560លាន​នាក់ នៅក្នុង​ខែមិថុនា។ ប៉ុន្តែ គិត​មកដល់​ត្រឹម​ថ្ងៃទី 8មីនា ប្រទេស​នេះ​ចាក់​បានតែ 65លាន​នាក់​ប៉ុណ្ណោះ។

ចិន​ត្រូវបាន​វាយតម្លៃថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​គ្រប់គ្រង Covid-19 បានល្អ ដោយមាន​អត្រា​នៃ​ការស្លាប់​ទាប ព្រោះតែ​វិធានការ​តឹងរ៉ឹង និង​ការផលិត​វ៉ាក់សាំង​ផ្ទាល់ខ្លួន។ បច្ចុប្បន្ន ប្រទេស​ចិន​មាន​សមត្ថ​ភាព​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 បាន 5លាន​ដូ​ស/ថ្ងៃ កើនឡើង​ច្រើនជាង 3ដង បើ​ធៀប​នឹង 1.5លាន​ដូ​ស​/​ថ្ងៃ កាលពីដើម​ខែកុម្ភៈ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement