​វ៉ាក់សាំង​បង្ការ​ Covid-19 ប្រភេទ​ហិត​តាមផ្លូវ​ដង្ហើម ត្រូវ​បាន​ចិន​អនុម័ត​ឱ្យ​ប្រើ​សាក​ល្បង​

នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​របស់​ចិន បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន CanSino Biologics ប្រើប្រាស់​សាកល្បង​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ប្រភេទ​ហិត ជំនួស​ឱ្យ​ការចាក់​ដូច​ធម្មតា។

នៅក្នុង​ឯកសារ​ដែល​ត្រូវបាន​ប្រកាស​នៅលើ​ផ្សារ​ហ៊ុន​ហុងកុង កាលពី​ថ្ងៃទី 23មីនា ក្រុមហ៊ុន CanSino បានឱ្យដឹងថា ពួកគេ​បានទទួល​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​សាកល្បង​វ៉ាក់សាំង​ប្រភេទ​ហិត​ដែល​ក្រុមហ៊ុន​បាន​សហការ​អភិវឌ្ឍ​ជាមួយនឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជីវសាស្ត្រ​ប៉េកាំង។

CanSino មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ Covid-19 ប្រភេទ​ហិត​នេះ​ទេ ប៉ុន្តែ បាន​ព្រមាន​ថា សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ នឹង «ត្រូវបាន​ទទួលស្គាល់» ក្រោយពី​ការប្រើប្រាស់​សាកល្បង​ជា​ផ្លូវការ​តែប៉ុណ្ណោះ។

វ៉ាក់សាំង​បង្ការ Covid-19 មួយ​ប្រភេទ​របស់​ CanSino

ដំណឹង​ខាងលើនេះ​បាន​លេចឡើង​បន្ទាប់ពី​នាយកដ្ឋាន​គ្រប់គ្រង​ផលិតផល​សុខាភិបាល​ជាតិចិន បានអនុម័ត​ឱ្យប្រើ​ប្រាស់​មាន​លក្ខខណ្ឌ​ចំពោះ​វ៉ាក់សាំង​មួយ​ប្រភេទ​ផ្សេងទៀត​របស់ CanSino កាលពី​ខែ​មុន។ ប្រទេស​ចិន បច្ចុប្បន្ន​មាន​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 5ប្រភេទ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ដោយមាន​លក្ខខណ្ឌ ឬ​ក្នុងស្ថានភាព​បន្ទាន់ ប៉ុន្តែ​ពុំមាន​ប្រភេទ​ណាមួយ​ដែល​ប្រើប្រាស់​តាមផ្លូវ​ដង្ហើម​នោះឡើយ។

គិត​មកដល់​ថ្ងៃទី 20មីនា ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 74.96លាន​ដូ​ស​រួចហើយ នេះ​បើតាម Our World in Data ជា​អង្គការ​ផ្គត់ផ្គង់​ទិន្នន័យ​សហការ​រវាង​សាកលវិទ្យាល័យ Oxford និង​អង្គការ​មនុស្សធម៌​មួយទៀត៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement