Pfizer ចាប់ផ្ដើម​សាកល្បង​​ប្រើ​​ថ្នាំ​លេប​​សម្រាប់​ព្យាបាល Covid-19

ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer កាលពី​ថ្ងៃទី 23មីនា បានប្រកាសថា បានចាប់ផ្ដើម​ពិសោធ​ដំណាក់កាល​ដំបូង​នៅ​សហរដ្ឋ​អាមេរិក ចំពោះ​ប្រភេទ​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល Covid-19។

យោងតាម​សារព័ត៌មាន Reuters ក្រុមហ៊ុន Pfizer ឱ្យដឹងថា បេក្ខភាព​ថ្នាំ​ប្រឆាំងនឹង​វីរុស​បាន​បង្ហាញថា វាស​កម្ម​យ៉ាង​ខ្លាំងក្លា​ក្នុងការ​ប្រឆាំងនឹង​វីរុស Covid-19 នៅក្នុង​ការស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍​នានា។ ក្រុមហ៊ុន​ខាងលើ​បាន​ប្រាប់ថា ថ្នាំ​នេះ​អាច​យកទៅ​ព្យាបាល​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ដំបូង​នៃ​ការឆ្លង​វីរុស។

បេក្ខភាព​ថ្នាំ​ប្រឆាំង Covid-19 របស់ Pfizer ដែល​ត្រូវបាន​ដាក់ឈ្មោះ​បែប​វិទ្យាសាស្ត្រ​ថា PF-07321332 និង​ជា​សារធាតុ​ទប់ស្កាត់ protease បានបង្ហាញ​អំពី​ប្រសិទ្ធភាព​ក្នុងការ​រារាំង​មិនឱ្យ​វីរុស​បង្កើន​ចំនួន​នៅក្នុង​កោសិកា។

ក្រុមហ៊ុន​ឱ្យដឹងថា សារធាតុ​ទប់ស្កាត់ protease មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​បណ្ដា​វីរុស​ដូចជា HIV, វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ជាដើម ដោយ​ការប្រើប្រាស់​ដោយឡែក ឬ​ផ្សំ​ជាមួយនឹង​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​វីរុស​ដទៃ។

ក្រុមហ៊ុន Pfizer ក៏​កំពុងតែ​ពិសោធ​ដំណាក់កាល​ដំបូង​លើ​បេក្ខភាព​ថ្នាំ​ប្រឆាំងនឹង​វីរុស Covid-19 មួយ​ផ្សេងទៀត តាមរយៈ​ការចាក់​ចូលក្នុង​សរសៃឈាម​របស់​អ្នកជំងឺ Covid-19 ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

«បេក្ខភាព​ថ្នាំ​គ្រាប់ និង​ថ្នាំ​ចាក់​ក្នុង​សរសៃឈាម មាន​សក្ដានុពល​បង្កើត​បានជា​រូបមន្ត​មួយ​ក្នុងការ​ព្យាបាល​ពីដំបូង​ដល់​ចប់ បន្ថែម​ពីលើ​ការចាក់​វ៉ាក់សាំង សម្រាប់​ករណី​ដែល​នៅតែ​កើត​ជំងឺ» នេះ​បើតាម Mikael Dolsten នាយក​ផ្នែក​សុខាភិបាល​របស់ Pfizer បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន។

បេក្ខភាព​ថ្នាំ​ព្យាបាល Covid-19 ថ្មី​របស់ Pfizer នេះ ឈរ​ពីក្រោយ​បេក្ខភាព​ថ្នាំ​ប្រឆាំង​វីរុស​ប្រភេទ​គ្រាប់​សម្រាប់​លេប​ចំនួន​ពីរ​ផ្សេងទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង ក្នុងនោះ​មាន​បេក្ខភាព​មួយ​គឺជា​ថ្នាំ​ដែល​ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Merck & Co និង​ក្រុមហ៊ុន Ridgeback Bio ខណៈ​បេក្ខភាព​ថ្នាំលេប​ទី​ពីរ​មកពី​ក្រុមហ៊ុន Roche Holding និង Atea Pharmaceuticals។

បច្ចុប្បន្ន remdesivir របស់ Gilead Sciences គឺជា​ប្រភេទ​ថ្នាំ​តែមួយគត់​ដែល​ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ចំណីអាហារ និង​ថ្នាំពេទ្យ​អាមេរិក (FDA) ទទួលស្គាល់​សម្រាប់​ការព្យាបាល Covid-19។

FDA បានអនុញ្ញាត​បន្ទាន់​ឱ្យប្រើ​ប្រាស់​ថ្នាំ​អង្គ​ប​ដិ​ប្រាណ Eli Lilly-bamlanivimab ដោយ​ប្រើប្រាស់​ដោយឡែក ឬ​​ផ្សំ​​ជា​មួយ​នឹង​ etesevimab និង​ការព្យាបាល​មួយ​ផ្សេងទៀត​ដែល​រួមផ្សំ​ជាមួយនឹង​ថ្នាំ​ពី​ក្រុមហ៊ុន Regeneron៕

ប្រភព៖ Reuters, CNBC
ប្រែ​សម្រួល៖ បុត្រា

Advertisement