កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​មនុស្ស​ចាស់​ចាប់ពី​ថ្ងៃទី23 ខែមីនា ឆ្នាំ2021

លោកជំទាវ ឱ វណ្ណ ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចការចាក់វ៉ាក់សាំងបង្ការវីរុស Covid-19

ក្រសួងសុខាភិបាល​កម្ពុ​ជា​នឹង​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 60ឆ្នាំ​ឡើងទៅ ចាប់ពី​ថ្ងៃទី23 ខែមីនា ឆ្នាំ2021 នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ចំនួន 14ទីតាំង នៅ​ទីក្រុង​ភ្នំពេញ។

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ខាងលើនេះ​នឹង​ចាក់​ជូន​មនុស្ស​ចំនួន 55,700នាក់ នៅក្នុង​ខណ្ឌ​ចំនួន14 របស់​រាជ​ធានី​​ភ្នំពេញ នេះ​បើតាម​គណៈកម្មការ​គ្រប់គ្រង​កិច្ច​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រសួងសុខាភិបាល ដែល​បានប្រកាស​ឱ្យដឹង​នា​ថ្ងៃទី22មីនា​នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ខាងលើ​ក៏បាន​បញ្ជាក់ថា ក្រុមមនុស្ស​ដែលមាន​វ័យ​ចំណាស់ មាន​ហានិភ័យ​ខ្ពស់ ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​បាត់​បង់ជីវិត​ក្នុង​អត្រា​ខ្ពស់ បើសិន​បាន​ឆ្លង​វីរុស Covid-19។ ដូច្នេះ ការចាក់​វ៉ាក់សាំង​នេះ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់។

គណៈកម្មការ​គ្រប់គ្រង​កិច្ច​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ក៏បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​គ្រប់រូប បើទោះជា​បានទទួល​ការចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ក៏ត្រូវ​តែ​បន្ត​អនុវត្តតាម​ការណែនាំ​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ក្នុងនោះ វិធានការ «3ការពារ» (ពាក់​ម៉ាក់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព) និង «3កុំ» (កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា) គួរ​តែ​អនុវត្ត​កុំបី​ខាន៕

ប្រភព​៖ ក្រសួង​សុខាភិបាល​
ដក​ស្រង់​ដោយ​៖ បុត្រា

Advertisement