“ប្រពន្ធខ្ញុំអត់ធ្វើការអ្វីទេ នាងជាស្រ្តីមេផ្ទះ”

ស្វាមីអ្នកណាចូលចិត្តនិយាយបែបហ្នឹង សូមប្រញាប់ប្រាប់ឱ្យអានរឿងនេះជាបន្ទាន់…

ស្រ្តីជាម្ដាយទាំងឡាយដែលនៅផ្ទះ ធ្វើជាមេផ្ទះចិញ្ចឹមមើលថែកូន នឹងឆ្លើយថាយ៉ាងណាដែរ នៅពេលមានគេសួរអ្នកថា ធ្វើជាមេផ្ទះ តើអ្នកធ្វើអ្វីខ្លះ?

មនុស្សភាគច្រើនៗតែមើលឃើញថា ស្រ្តីជាមេផ្ទះដែលមិនបានចេញទៅធ្វើការនៅក្រៅផ្ទះនោះ ច្រើនតែរស់នៅស្រួល សប្បាយ មិនពិបាក មិនចាំបាច់គិត មិនចាំបាច់ត្រូវលីសែងបន្ទុកភារៈ ឬតានតឹងធុញថប់រឿងការងារឡើយ។ បទសន្ទនាដែលលោកអ្នកនឹងបានអានតទៅនេះ ជារឿងរ៉ាវរបស់ស្វាមីម្នាក់ដែលបានទៅជួបគ្រូពេទ្យចិត្តសាស្រ្តដើម្បីពិភាក្សារឿងប្រក្រតីទូទៅ ដែលវានឹងធ្វើឱ្យយើងមើលឃើញពីតួនាទីរបស់មនុស្សដែលជាមេផ្ទះបានយ៉ាងច្បាស់ថា តើក្នុងមួយថ្ងៃៗដែលអ្នកដទៃចូលចិត្តគិតថា ធ្វើជាស្រ្តីមេផ្ទះ នៅតែផ្ទះហើយស្រួលសប្បាយនោះ ការពិតវិញ មួយថ្ងៃៗត្រូវធ្វើអ្វីខ្លះ?

សំណួរ ៈ តើលោកធ្វើការអ្វីដែរនៅពេលនេះ?

ស្វាមី ៈ បាទ ខ្ញុំជាអ្នកធ្វើបញ្ជី នៅក្នុងធនាគារមួយ

សំណួរ ៈ ចុះភរិយាលោក?

ស្វាមី ៈ នាងមិនបានធ្វើការងារអ្វីទេ នាងជាស្រ្តីមេផ្ទះ

សំណួរ ៈ តើនរណាជាអ្នកធ្វើអាហារពេលព្រឹក និងការងារផ្ទះឱ្យលោក?

ស្វាមី ៈ ភរិយាខ្ញុំងើបឡើងធ្វើអាហារពេលព្រឹក ព្រោះនាងមិនបានទៅធ្វើការ មិនចាំបាច់ប្រញាប់ចេញទៅណាទេ

សំណួរ ៈ ភរិយាលោកភ្ញាក់ពេលម៉ោងប៉ុន្មានដែរ?

ស្វាមី ៈ មិនប្រាកដដែរ តែនាងងើបពីព្រឹកខ្លាំងណាស់ ព្រោះនាងត្រូវបោសជូតសម្អាតផ្ទះ ធ្វើអាហារពេលព្រឹកឱ្យខ្ញុំ និងកូនៗអាចរួមទាំងអាហារពេលថ្ងៃត្រង់ទៀតផង រួចត្រៀមសម្លៀកបំពាក់ ដុសធ្មេញ រៀបចំក្រណាត់កន្ទប របស់ប្រើប្រាស់ផ្សេង​ៗសម្រាប់កូនៗ និងឱ្យកូនញ៉ាំអាហារពេលព្រឹកឱ្យរួចរាល់…

សំណួរ ៈ ចុះកូនៗលោកទៅរៀនយ៉ាងម៉េចដែរ?

ស្វាមី ៈ ភរិយារបស់ខ្ញុំជាអ្នកនាំកូនទៅសាលារៀន ព្រោះនាងមិនបានធ្វើការងារអីទេ

សំណួរ ៈ ក្រោយពីនាងនាំកូនទៅសាលារៀនហើយ នាងធ្វើអ្វីតទៀត?

ស្វាមី ៈ ជាប្រក្រតី នាងនឹងឆៀងទៅផ្សារទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ រួចត្រឡប់ទៅរៀបចំសម្អាតផ្ទះម្ដងទៀត នាងប្រមូលទុកដាក់របស់របរប្រើប្រាស់របស់កូន ហើយបោកគក់សម្លៀកបំពាក់ អ៊ុតទុកដាក់ និងត្រៀមអាហារពេលល្ងាច លោកដឹងហើយតើថា នាងមិនបានធ្វើការងារអីទេ…

សំណួរ ៈ បន្ទាប់ពីចេញពីធ្វើការពេលល្ងាច តើលោកធ្វើអ្វី?

ស្វាមី ៈ ខ្ញុំហត់មកពេញមួយថ្ងៃ ក្រោយពេលមកពីធ្វើការ ខ្ញុំធ្វើអ្វីទៀតក៏មិនរួចដែរ

សំណួរ ៈ តើភរិយារបស់លោកធ្វើអ្វីនៅពេលល្ងាច និងពេលព្រលប់ៗ?

ស្វាមី ៈ នាងធ្វើអាហារពេលល្ងាចឱ្យខ្ញុំ និងកូនៗ រួចរៀបចំលាងសម្អាតទុកដាក់ បង្រៀនកិច្ចការផ្ទះកូន ងូតទឹកឱ្យកូន រួចរៀបចំត្រៀមឱ្យកូនចូលគេង។ ខ្ញុំ និងកូនត្រូវការសម្រាក និងចូលគេង តែនាងមិនចាំបាច់ប្រញាប់ចូលគេងទេ ព្រោះនាងមិនមានត្រូវទៅធ្វើការងារអ្វីទេ…។

ក្រោយពីបញ្ចប់បទសន្ទនា យើងអាចសរុបបានថា នេះជាកិច្ចការងារប្រចាំថ្ងៃរបស់ស្រ្តីជាច្រើននាក់ដែលមិនបានចេញទៅធ្វើការនៅក្រៅផ្ទះ តែជ្រើសរើសនៅផ្ទះដើម្បីចិញ្ចឹមមើលថែកូន និងថែទាំផ្ទះ។ លោកអ្នកនឹងមើលឃើញថា នាងត្រូវងើបពីដំណេកតាំងពីព្រឹកព្រលឹម និងចូលគេងយប់ជ្រៅដើម្បីឱ្យអ្វីគ្រប់យ៉ាងក្នុងស្អាតបាតរៀបរយ…បែបនេះឬដែលហៅថា មិនបានធ្វើការងារអ្វី?។ ពាក្យថា “មេផ្ទះ” ធ្ងន់ធ្ងរណាស់សម្រាប់មនុស្សជាម្ដាយ ព្រោះនាងត្រូវធ្វើការងារស្ទើរតែពេញ 24ម៉ោងក្នុងមួយថ្ងៃដោយមិនមានប្រាក់ខែ មិនមានសញ្ញាបត្រ មិនមានប័ណ្ណសរសើរ តែមានតួនាទីសំខាន់ខ្លាំងណាស់ជាមួយគ្រួសារ។ សរុបងាយៗ ម្ដាយ គឺសឹងតែជាអ្វីគ្រប់យ៉ាង ៈ

  • ត្រូវធ្វើការរាល់ថ្ងៃ(គ្មានសៅរ៍-អាទិត្យ)
  • ជាម្ដាយ
  • ជាអ្នកបម្រើ
  • ជាចុងភៅ
  • ជាអ្នកមើលថែក្មេង
  • ជាអ្នកគ្រូបង្រៀន
  • ជាអ្នកគ្រូពេទ្យ
  • ជាទីប្រឹក្សា
  • ជាសន្តិសុខការពារសុវត្ថិភាព
  • គ្មានថ្ងៃឈប់សម្រាក
  • និងគ្មានប្រាក់ខែ…

ជាបញ្ចប់ អ្នកគ្រូ ឆវី ចង់ជម្រាបថា ស្រ្តីមេផ្ទះចិញ្ចឹមមើលថែកូន ជាអាជីពដែលហត់នឿយខ្លាំង និងត្រូវលះបង់ច្រើនណាស់ ចង់លាឈប់ក៏មិនបាន និងច្រើនតែមិនសូវមានអ្នកយល់ចិត្ត និងដឹងពីតួនាទីរបស់មនុស្សជាម្ដាយ ហើយផ្ដល់ភាពសំខាន់ចំពោះរឿងនេះប៉ុន្មានឡើយ…តែយ៉ាងហោចណាស់ក៏មានស្រ្តីជាម្ដាយជាច្រើននាក់ដែលចិញ្ចឹមកូនដោយខ្លួនឯងនៅផ្ទះ ដែលយល់ច្បាស់អំពីរឿងនេះដែរ មែនទេ…ស្រ្តីមេផ្ទះទាំងឡាយ?៕

Advertisement