3 តិចនិកក្នុងការជ្រើសរើសគ្រឿងសង្ហារិម តុបតែងបន្ទប់ខ្នាតតូច

ប្រាកដណាស់ថា ការរៀបចំតុបតែងបន្ទប់ដែលមានទំហំតូច ហាក់ដូចជារាងពិបាក និងច្រើនតែមានបញ្ហាតាមក្រោយជានិច្ច ព្រោះនៅពេលដល់វេលាដែលត្រូវការរៀបចំចាត់ចែងទីកន្លែងដែលមានផ្ទៃតូចចង្អៀតនោះ វាច្រើនតែមានចំណុចត្រូវប្រយ័ត្ន និងជម្រើសដែលមានកំណត់នៅក្នុងនោះដែរ។ រឹតតែបន្ទប់តូចខ្លាំងប៉ុនណា ការរៀបចំចាត់ចែងរកវត្ថុដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងការរស់នៅឱ្យបានគ្រប់សព្វ វារឹតតែពិបាកខ្លាំងឡើងប៉ុននោះដែរ ជាពិសេសបំផុត ការជ្រើសរើសគ្រឿងសង្ហារិម(តុ ទូ កៅអី-ល-)តែម្ដង។ តើអ្នកដឹងទេថា បញ្ហាអ្វីដែលជួបប្រទះច្រើនបំផុតក្នុងការរៀបចំតុបតែងបន្ទប់ដែលមានទំហំតូច?។

បញ្ហាដែលតែងជួបញឹកញាប់បំផុតនោះគឺ លោកអ្នកច្រើនតែទិញគ្រឿងសង្ហារិម និងរបស់តុបតែងដែលតូចៗជ្រុលពេកសម្រាប់បន្ទប់។ ស្ដាប់មើលទៅអាចសមហេតុសមផលដែរថា បន្ទប់ដែលមានទំហំតូច ក៏គួរតែប្រើរបស់របរខ្នាតតូចបែបហ្នឹងហើយ ដើម្បីសន្សំទីកន្លែង តែនៅពេលសាកល្បងរៀបចំហើយ លទ្ធផលដែលចេញមកបែរជាមិនសូវជាល្អមើលសោះ។ បន្ទប់ដែលរៀបចំតុបតែងដោយគ្រឿងសង្ហារិមតូចៗ មើលទៅរាងដូចជាអត្តខាត់ មើលទៅនៅឯនោះបន្តិច នៅឯនេះបន្តិច មិនសូវជាសុខស្រួល និងមើលទៅដូចជាខ្វះអ្វីម្យ៉ាងរហូត ដូច្នេះហើយទើបផ្នត់គំនិតនេះជាអ្វីដែលមនុស្សជាច្រើនតែងខុសគិតខុសឆ្គងច្រើនបំផុតនៅពេលតុបតែងបន្ទប់ដោយខ្លួនឯង។ បើចង់ដឹងវិធីកែបញ្ហានេះ ចូរកុំខកខានជាមួយនឹង 3វិធីកែបញ្ហាដូចខាងក្រោមនេះ…។

វិធីទី 1 ប្រើច្បាប់ 2/3

ការស្មានពីទំហំគ្រឿងសង្ហារិមដែលនឹងយកចូលមកតុបតែងក្នុងបន្ទប់ឱ្យត្រូវម៉ាច់ៗនោះប្រហែលជារឿងពិបាកណាស់ តែអ្វីដែលលោកអ្នកធ្វើបាន គឺការវាស់ទំហំ ព្រោះតូលេខមិនដែលកុហកយើងទេ ដោយអាចនឹងចាប់ផ្ដើមពីគ្រឿងសង្ហារិមធំៗជាមុន ដូចជា

កៅអីសាឡុង ឬគ្រែគេង ដោយកំណត់ឱ្យវាធំប្រមាណជា 2ភាគ3នៃជញ្ជាំងបន្ទប់ ចំណែកតុអង្គុយញ៉ាំកាហ្វេក៏ឱ្យធំប៉ុន 2ភាគ3នៃទំហំកៅអីសាឡុងបន្តបន្ទាប់គ្នាទៅ។

វិធីទី 2 ជ្រើសរើសប្រើគ្រឿងសង្ហារិមដែលអាចសាងទិដ្ឋភាពបានច្រើនយ៉ាង

ខាងក្នុងបន្ទប់ដែលបែងចែកទិដ្ឋភាពឱ្យបានច្រើនយ៉ាងនឹងជួយសាងតុល្យភាពបានច្រើនឡើង ដោយព្យាយាមលៃលកដាក់គ្រឿងសង្ហារិមបែបផ្សេងៗលាយឡំគ្នាដើម្បីសាងភាពសមល្មម និងដាស់តឿនខ្លួនឯងជានិច្ចថា ចៀសវាងការប្រើគ្រឿងសង្ហារិមដូចៗគ្នានៅក្នុងបន្ទប់ ព្រោះនឹងមើលទៅឃើញហាក់ដូចជាចង្អៀត។

វិធីទី 3 ជឿលើសញ្ជាតិញ្ញាណរបស់ខ្លួនឯង

កុំខ្លាចការកែសម្រួលតុបតែង ដកចេញ ឬបន្ថែមគ្រឿងសង្ហារិមផ្សេងៗចូលមកក្នុងបន្ទប់ ព្រោះទីធ្លាស្នាក់អាស្រ័យគួរតែជាកន្លែងដែលលោកអ្នកសប្បាយចិត្តខ្លាំងបំផុត។ ការសម្លឹងមើលហើយហាក់ដូចជាមិនទាន់ត្រូវចិត្ត អាចរាប់បានថាជាហេតុផលដែលច្រើនគ្រប់គ្រាន់ហើយសម្រាប់ការផ្លាស់ប្ដូរ។ ការកែសម្រួលឡេយ៍អៅត៍របស់បន្ទប់ ពេលខ្លះក៏អាចសាងភាពខុសប្លែកខ្លាំងជាងអ្វីដែលយើងគិតទៅទៀត។ កុំនឿយហត់ក្នុងការសាកល្បង និងស្វែងរកអ្វីដែលស័ក្តិសមនឹងខ្លួនឯងឱ្យបានច្រើនបំផុត៕

Advertisement