ប្រយោជន៍ 5យ៉ាងរបស់ដុំធ្យូង “ភាពល្អស្អាតដែលបង្កប់ក្នុងភាពខ្មៅ”

ប្រយោជន៍ល្អៗរបស់ធ្យូង ភាពល្អស្អាតដែលបង្កប់ក្នុងដុំពណ៌ខ្មៅ តើអាចនាំយកទៅធ្វើអ្វីបានខ្លះ ក្រៅពីបង្កាត់ជាភ្លើងសម្រាប់ចម្អិនអាហារ?។

ដល់ពេលដុតអាំងជប់លៀងផារ៍ទីជុំគ្នាម្ដងៗ ត្រូវតែទិញធ្យូងមកត្រៀមទុកសម្រាប់ចម្អិនអាហារគ្រឿងក្លែមមែនទេ? បងៗស្រ្តីមេផ្ទះជាច្រើនតែងស៊ាំធ្លាប់ជាមួយការប្រើប្រាស់ធ្យូងសម្រាប់តែដាំស្ល ចម្អិនម្ហូបអាហារតែម្យ៉ាងប៉ុណ្ណោះ តែការពិតវិញ ដុំឈើខ្មៅៗនេះអាចនាំយកទៅធ្វើអ្វីផ្សេងៗទៀតបានជាច្រើនយ៉ាង ដូច្នេះបើបងៗនៅមិនទាន់ដឹងថា តើនឹងត្រូវយកដុំធ្យូងដែលនៅសេសសល់ក្នុងចង្រ្កានបាយទៅធ្វើអ្វីទេនោះ សូមតាមមក…អ្នកគ្រូ ឆវី នឹងប្រាប់ពីប្រយោជន៍ល្អៗផ្សេងៗទៀតរបស់ដុំធ្យូងដូចតទៅ។

1 . ជួយបឺតយកក្លិនមិនល្អ

មិនថាតែក្នុងថតតុ ក្នុងទូទឹកកក ក្នុងធុងសំរាម ក្នុងបន្ទប់ទឹក ឬទីកន្លែងណានៅក្នុងផ្ទះនោះទេ បើសិនជាមានធំក្លិនមិនល្អ(ស្អុយ)ហើយនោះ ចូរនាំយកធ្យូងប្រមាណជា 2 – 3 ដុំទៅដាក់នៅត្រង់កន្លែងដែលត្រូវការរបំបាត់ក្លិនទាំងនោះ។ មិនយូរប៉ុន្មាន ក្លិនមិនគួរឱ្យបេតីទាំងនោះនឹងរលាយបាត់អស់ជាបណ្ដើរៗ ព្រោះរន្ធតូចៗជាច្រើននៅលើដុំធ្យូងនឹងជួយបឺតស្រូបយកក្លិនអស់ទាំងនោះ ទោះជាក្លិនបារីក៏ដោយ។

2​. ការពារសំណើម

បើសិនជាខ្យល់អាកាសខាងក្នុងផ្ទះបក់ចេញចូលមិនសូវល្អ ឬមានប្រឡោះខ្យល់តូចៗជ្រុលពេក ជាពិសេសបន្ទប់ដែលមានសំណើមខ្ពស់ដូចជា បន្ទប់ទឹក ជាដើម វានឹងធ្វើឱ្យមានក្លិនអាប់ និងកើតមេរោគផ្សិតឡើង តែបងៗស្រ្តីមេផ្ទះអាចការពារជាមុនបាន ដោយយកម្សៅសាប៊ូមកលាយជាមួយម្សៅបេកឃីងសូដា(មានលក់នៅតាមហាងផ្សារទំនើប)ឬទឹកខ្មេះមកជូតនៅតាមកម្រាលឥដ្ឋ ជញ្ជាំង និងពិតានឱ្យសព្វ ហើយសឹមយកដុំធ្យូងមកដាក់ទុកចោលនៅក្នុងនោះ ដើម្បីឱ្យវាបឺតជាតិសើមចេញ។ ក្រៅពីនេះ បើមានធុង ឬឡាំងដាក់របស់របរផ្សេងៗដូចជា គ្រឿងដែក ឬឧបករណ៍ជាង ជាដើមនោះ បងៗគ្រាន់តែយកធ្យូង 1 – 2 ដុំតូចៗទៅដាក់ក្នុងនោះចោល ក៏វាអាចជួយកាត់បន្ថយសំណើម និងការពារការកើតច្រែះបានដែរ។

3 . បិទបាំងស្នាមឆ្កូតផ្សេងៗ

បើគ្រឿងសង្ហារិម ឬឧបករណ៍ប្រើប្រាស់ណាដែលមានផ្ទៃពណ៌ខ្មៅ ឬពណ៌ស្ករចាស់ ហើយចៃដន្យមានស្នាមឆ្កូតតូចៗដែលពិបាកនឹងលើកយកទៅឱ្យជាងជួសជុលសម្អាត និងបើទុកប្រើទាំងមានស្នាមឆ្កូតបែបហ្នឹង មើលទៅដូចជាមិនគួរឱ្យគយគន់សោះនោះ សូមបងៗស្រ្តីមេផ្ទះយកធ្យូងមកដុសៗខាត់ៗត្រង់កន្លែងដែលមានស្នាមឆ្កូត ឬស្នាមកខ្វក់ដែលលុបមិនជ្រះនោះទៅ។ ធ្វើត្រឹមតែប៉ុណ្ណឹង គ្រឿងសង្ហារិមពណ៌ខ្មៅដែលធ្លាប់តែមានស្លាកស្នាមមិនល្អទាំងនោះនឹងត្រឡប់ទៅជាថ្មីស្អាតដូចមុនវិញមិនខាន។

4 . ពន្យារអាយុផ្កាស្រស់

ភាគច្រើនផ្កាស្រស់ដែលយើងតែងយកមកដាក់នៅក្នុងថូសម្រាប់តុបតែងលម្អផ្ទះនោះ ច្រើនតែនៅមិនសូវបានយូរប៉ុន្មានឡើយ បានតែប៉ុន្មានថ្ងៃក៏រោយស្រពោនទៅហើយ ទោះជាដាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏ដោយ តែបញ្ហានេះងាយស្រួលកែណាស់មិនពិបាកទេ គ្រាន់តែដាក់ធ្យូងចូលទៅប្រមាណជា 1 – 2 ដុំព្រមជាមួយទឹកកន្លះថូប៉ុណ្ណោះ ផ្កាស្រស់ទាំងនោះនឹងនៅស្រស់បំព្រងបានយូរ និងថែមទាំងធ្វើឱ្យទឹកថ្លា និងស្អាតទៀតផង។

5 . ថែបំប៉នដើមផ្កា

សម្រាប់ដើមរុក្ខជាតិតូចៗដាំក្នុងដី ចូរយកធ្យូងមកដំបំបែកជាដុំតូចៗ ហើយរោយនៅជុំវិញគល់ដើមផ្កាទាំងនោះ រួចហើយលប់ដីពីលើមួយជាន់ទៀត វានឹងជួយថែរក្សាសំណើមនៅក្នុងដី និងការពារការកើតស្មៅបានទៀតផង។ ចំណែកដើមផ្កាដែលដាំនៅក្នុងផើងវិញ ចូរដាក់ធ្យូងទ្រាប់បាតផើងជាមុនសិន មុននឹងដាក់ដីដាំដើមផ្កា ព្រោះធ្យូងនឹងជួយបៀមទឹកមិនឱ្យឆាប់ស្ងួតអស់លឿនពេក និងថែមទាំងជួយបង្កើនសារធាតុរ៉ែឱ្យដីទៀតផង។

ធ្យូង ក្រៅពីប្រើសម្រាប់បំបាត់ក្លិនស្អុយ ក្លិនអាប់ និងក្លិនមិនល្អផ្សេងទៀតដែលយើងមិនចូលចិត្តហើយនោះ នៅជួយការពារសំណើម ផ្ដល់ភាពថ្មីឡើងវិញដល់គ្រឿងសង្ហារិម និងធ្វើឱ្យផ្កាស្រស់នៅស្រស់បំព្រងបានកាន់តែយូរឡើងទៀតផង…ពិតជាប្រើប្រយោជន៍បានច្រើនយ៉ាងមែន៕

Advertisement