វិធីសម្អាតផ្ទះឱ្យបានស្អាតជានិច្ច

លេខនេះយើងសូមនាំមិត្តអ្នកអានមកធ្វើការបោសជូតសម្អាតផ្ទះ តាមវិធីសម្អាតដែលត្រឹមត្រូវតាមក្បួនម្តង ។ មិត្តអ្នកអានប្រហែលជានឹកឆ្ងល់ហើយមែនទេថា គ្រាន់តែបោសជូតសម្អាតផ្ទះក៏ចាំបាច់ត្រូវមានក្បួន និងវិធីដែរឬ? ដូច្នេះយើងនាំគ្នាមកមើលចម្លើយខាងក្រោមនេះទាំងអស់គ្នាវិញល្អជាង ។

ចាប់ផ្តើមពីបង្អួចជាមុន : វិធីដែលងាយ និងសន្សំសំចៃបំផុតនោះគឺ ការប្រើក្រដាស់កាសែតជ្រលក់ទឹកសើមៗហើយជូត តែបើអ្នកណាមិនចូលចិត្តក្លិនទឹកខ្មៅនៅលើក្រដាស់កាសែតនោះ អាចប្រើទឹក 1ភាគ លាយជាមួយទឹកសាជូរ 2 ភាគហើយយកក្រណាត់ស្អាតមកជ្រលក់ជូតខាត់បរិវេណកញ្ចក់ក៏បាន តែ​ប៉ុណ្ណឹងកញ្ចក់បង្អួចនឹងឡើងថ្មីដូចដើមមិនខាន ។

ជញ្ជាំងបន្ទប់ដែលបិទក្រដាស់ Wall Paper: បើសឹនជាមានប្រឡាក់ស្នាមខ្លាញ់ ឬប្រេង ចូរប្រើម្សៅហុយលាយ​ជាមួយទឹកថ្នាំលាងសម្អាតផ្ទះ រួចយកទៅបៀកប៉ាតនៅត្រង់កន្លែងដែលប្រឡាក់នោះ ទុកចោលរហូតស្ងួត សឹមយកក្រណាត់ស្ងួតមកជូត ស្នាមប្រឡាក់ទាំងនោះនឹងរបូតជ្រុះចេញមកអស់មិនខាន តែក្រដាស់វ៉លផេភើរ៍ខ្លះត្រូវប្រើទឹកថ្នាំលាងសម្អាតពិសេសរបស់វា ដូច្នេះគួរសួរនាំអ្នកលក់ជាមុនសឹន ។

កំរាលក្តាឈើ ឡាមីណេត : កំរាលក្តាឈើឡាមីណេតមិនសូវមានបញ្ហារឿងការសម្អាតប៉ុន្មានឡើយ គ្រាន់តែប្រើក្រណាត់ជ្រលក់ទឹកសាប៊ូជូតផ្ទះមកជូតសម្អាតមួយអាទឹត្យម្តងបានហើយ តែបើមានប្រឡាក់សារធាតុគីមីផ្សេងៗ ចូរយកក្រណាត់ស្អាតជ្រលក់ធិននើរ៍ ឬប្រេងស្រល់មកជូតលើស្នាមប្រឡាក់នោះ ហើយយកក្រណាត់ជ្រលក់ទឹកសាប៊ូជូតផ្ទះមកជូតសម្អាតម្តងទៀត ។

តុ ទូ ​កៅអី ធ្វើពីឈើ : ស្នាមប្រឡាក់ខ្លាញ់នៅលើតុ ទូ កៅអីអាចជូតសម្អាតឱ្យស្អាតបានដោយប្រើក្រណាត់ជ្រលក់ទឹកសាជូរ 2 ស្លាបព្រាបាយ លាយជាមួយទឹក 1 ស្លាបព្រាបាយយកមកជូតលើកន្លែងប្រឡាក់ជាការស្រេច ។ បើសឹនមាន​ស្នាម​​ឆ្កូត ចូរប្រើក្រណាត់ស្អាតជ្រលក់ទឹកថ្នាំប៉ូលាដុសខាត់រហូតស្នាមឆ្កូតទាំងនោះរលុបអស់ រួចគួរលាបប្រេងរលោងពីលើដើម្បីថែទាំសាច់ឈើផង ។

ការ៉ូកំរាលឥដ្ឋ – ជញ្ជាំង : ភាគច្រើនស្នាមក្អែលកខ្វក់ និងស្លែខ្មៅច្រើនតែកើតឡើងនៅក្នុងបន្ទប់ទឹកដែលសើមអាប់ការលាងសម្អាតគួរធ្វើឡើងដោយប្រើទឹកថ្នាំសម្អាតស្លែខ្មៅ ទុកចោលមួយស្របក់ រួចហើយយកច្រាស់ដុសចេញឱ្យស្អាត ។ ក្រៅពីនេះគួរការពារការកើតកំអែលស្លែខ្មៅដោយការបំពាក់ប្រដាប់បឺតខ្យល់ ឬដាក់ឥដ្ឋខ្យល់ដើម្បីឱ្យមានពន្លឺ និងមានខ្យល់​អាកាសចេញចូលល្អ ។

កំរាលបេតុង : កំរាលស៊ីម៉ង់ត៍បេតុងងាយនឹងកើតស្លែជាទីបំផុត ដូច្នេះត្រូវតែឧស្សាហ៍ដុសសម្អាត និងមើលថែទាំឱ្យស្ងួតជានិច្ច ។ នៅកន្លែងដែលកើតមានស្លែ ចូរបាញ់ទឹកថ្នាំកំចាត់ផ្សឹត និងស្លែពីលើ រួចទុកឱ្យស្ងួតប្រមាណជា ១០​ នាទី រួច សឹមលាង​ចេញ ។ បន្ទាប់ពីកំរាលបេតុងនោះស្ងួតល្អហើយ ចូរយកទឹកថ្នាំការពារកើតស្លែមកលាបពីលើ ទុកចោលប្រមាណជា ១​ – ២ ម៉ោង រួចសឹមលាបពីលើម្តងទៀត នឹងអាចជួយកែបញ្ហានេះបាន៕

Advertisement