5 វិធីរៀបចំបន្ទប់ទឹកទំហំតូចឱ្យស្រឡះស្រួល

មិនថាតែលោកអ្នកចង់មកជួលបន្ទប់អាផាតមែនត៍ ខុនដូកណ្តាលទីក្រុង ឬទិញផ្ទះល្វែងរាងតូចច្រឡឹងថ្មីក៏ដោយ តែលោកអ្នកប្រហែលជាត្រូវអស់ប្រាក់ក្នុងការរៀបចំកែកុនបន្ទប់ទឹកដែលមានទំហំតូចង្អៀតនៅក្នុងបន្ទប់ទាំងនោះឡើងវិញមិនខាន ព្រោះចូលទៅពេលណាក៏ចង្អៀតទើសទែងធ្វើអ្វីក៏មិនស្រួលជានិច្ច តែថ្ងៃនេះលោកអ្នកមិនចាំបាច់ចំណាយប្រាក់ក្នុងការជួសជុលកែលម្អបន្ទប់ទឹកដែលតូចចង្អៀតនោះឡើងវិញទេ ឡារ៉ែនមានគន្លឹះល្អៗក្នុងការ រៀបចំបន្ទប់ទឹកដែលតូចចង្អៀតនេះឱ្យទូលាយស្រឡះឡើងវិញដូចខាងក្រោមនេះ។

1 . កុំយករបស់របរដែលមិនចាំបាច់ត្រូវប្រើចូលទៅទុកក្នុងនោះជាដាច់ខាត ទុកចំពោះតែវត្ថុណាដែលចាំបាច់ត្រូវប្រើមែនទែនទៅបានហើយ សូម្បីតែវត្ថុដែលលោកអ្នកទិញត្រៀមបម្រុងទុក ដូចជាថ្នាំដុសធ្មេញដែលនៅមិនទាន់យកចេញពីប្រអប់ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ក្រដាស់អានាម័យផ្សេងៗដែលមិនទាន់ហែកប្រើក៏ដោយ គួរតែយកចេញមកទុកដាក់នៅកន្លែងផ្សេងសិន ទុកតែរបស់ដែលកំពុងប្រើប្រាស់ទៅបានហើយ។

2 . ផ្តល់ភាពសំខាន់ចំពោះពន្លឺ ដំបូងបំផុតត្រូវសង្កេតមើលថា តើនៅក្នុងបន្ទប់ទឹកមានមាត់បង្អួចដែលនឹងធ្វើឱ្យបានទទួលពន្លឺពីធម្មជាតិដែរឬទេ? ព្រោះក្នុងបន្ទប់ទឹកតូចៗខ្លះក៏មិនបានទទួលការច្នៃម៉ូដឱ្យមានពន្លឺគ្រប់គ្រាន់ដែរ បើសិនជាដូច្នេះ វានឹងធ្វើឱ្យទិដ្ឋភាពរួមរបស់បន្ទប់ទឹកមើលទៅរាងងងឹតស្លុប ទើសទែង។ ពន្លឺនៅក្នុងបន្ទប់ទឹក ទោះជាពន្លឺពីអំពូលភ្លើង ឬពន្លឺពីធម្មជាតិក៏ដោយក៏គួរតែឱ្យភ្លឺដល់គ្រប់ទីកន្លែងដែរ ព្រោះវានឹងធ្វើឱ្យមើលទៅឃើញភ្លឺច្បាស់ស្រឡះល្អ និងស្អាតឡើងផង។

2 . រៀបចំទុកដាក់របស់ប្រើប្រាស់ឱ្យអាចចាប់យកមកប្រើការបានងាយស្រួល ទោះជាយើងយករបស់របរដែលមិនចាំបាច់ ឬលើសតម្រូវការទៅទុកដាក់នៅកន្លែងផ្សេងហើយក៏ដោយ តែប្រាកដណាស់ថា បន្ទប់ទឹកដែលមានទំហំតូចមែនទែននោះ ក៏នៅតែមើលទៅមិនទូលាយស្រឡះដែរ តែយ៉ាងណាក៏ដោយ របស់របរដែលចាំបាច់ត្រូវប្រើ វាក៏ចាំបាច់ត្រូវតែទុកនៅក្នុងទីនោះដែរ និងគួរតែស្ថិតនៅក្នុងកន្លែងដែលយើងអាចចាប់យកមកប្រើបានយ៉ាងងាយស្រួល។ លោកអ្នកអាចនឹងរកធ្នើរថ្នាក់ៗដាក់របស់មកដាក់ ឬប្រអាប់ កញ្រ្ចែងមកដាក់នៅខាងក្រោមអាងលប់មុខ ហើយរៀបចំទុកដាក់របស់របរផ្សេងទៀតឱ្យបានរៀបរយតាមប្រភេទរបស់វា ឬអាចនឹងបំពាក់ឧបករណ៍ព្យួរនៅតាមជញ្ជាំង ក៏អាចជួយសន្សំសំចៃទីកន្លែងបានល្អដែរ។

3 . សាកល្បងកែសម្រួលឧបករណ៍ផ្សេងៗខាងក្នុងបន្ទប់ទឹក ដើម្បីឱ្យមើលឃើញហើយមានអារម្មណ៍ថាបន្ទប់ធំទូលាយឡើង ដូចជា ប្តូរវាំងននបាំងកន្លែងងូតទឹកឱ្យតូចជាងមុន ប្តូរផ្កាឈូកងូតទឹកឱ្យតូចជាងមុន ឬអាចនឹងសាកល្បងបំពាក់ផ្ទាំងកញ្ចក់ឱ្យធំឡើង ក៏អាចជួយឱ្យបន្ទប់ទឹកមើលទៅរាងធំស្រឡះឡើងបានដែរ។

5 . ត្រូវនឹកដល់ភាពងាយស្រួលសប្បាយក្នុងការប្រើការជាចម្បង សម្រាប់អ្នកដែលគិតថា បន្ទប់ទឹកគ្រាន់តែជាកន្លែងមួយដែលយើងចូលទៅបំពេញធុរៈផ្ទាល់ខ្លួនយ៉ាងប្រញាប់ប្រញាល់រៀងរាល់ព្រឹក រៀងរាល់ល្ងចនោះ ការកែសម្រួលបន្តិចបន្តួចតាមការណែនាំខាងលើ ប្រហែលជាអាចធ្វើឱ្យមើលទៅល្អប្រសើរឡើងបានហើយ តែបើអ្នកណាគិតថា បន្ទប់ទឹកគឺជាអ្វីដែលសំខាន់ជាងនោះ ដូចជាគិតថា ជាទីកន្លែងមួយដែលជួយឱ្យបន្ធូរបន្ថយអារម្មណ៍ពីភាពតានតឹង និងការធ្វើការងារដ៏ធ្ងន់ធ្ងរពេញមួយថ្ងៃមកនោះ ក៏គួរតែនឹកដល់ភាពស្រួលសប្បាយផងដែរ អាចនឹងមានកម្រាលព្រំទន់ៗ វាំងននបាំងកន្លែងងូតទឹកស្អាតៗ ឬកន្សែងជូតខ្លួនទន់ៗផងនោះ នឹងមានអារម្មណ៍ថាស្រួលសប្បាយគ្រប់ពេលដែលបានឃើញ និងបានប្រើប្រាស់វាមិនខាន៕

Advertisement