មេរោគ​គ្រោះថ្នាក់​បំផុត​ទាំង​៩ដែល​មាន​នៅ​លើ​ផែន​ដី

មេរោគ​ អេបូឡា អេដស៍ និង​គ្រុន​ឈាម​ ឬ​គ្រុន​ផ្ដា​សាយ​តាម​រដូវ​ជាដើម សុទ្ធ​តែ​បាន​សម្លាប់​មនុស្សក្នុង​អត្រា​ខ្ពស់ ហើយ​វា​តែង​តែ​គំរាមកំហែង​ដល់​មនុស្ស​លោក​ជា​និច្ច។

មេរោគ ម៉ារបឺក (Marburg​ Virus)

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​វីរុសម៉ាបឺកនេះ​ក្នុង​ឆ្នាំ 1967 នៅ​ពេល​អាសន្នរោគ​នេះ​បាន​ឆ្លង​រាលដាល​លើ​បុគ្គលិក​នៃ​មន្ទីរពិសោធន៍អាល្លឺម៉ង់​ ដោយពួកគេ​​បាន​ប៉ះពាល់​សត្វ​ស្វា​មាន​ផ្ទុក​មេរោគម៉ាបឺកដែលនាំ​មក​ពី​ប្រទេស​អ៊ូហ្គង់ដា (Uganda)​។ មេរោគ​ម៉ាបឺក ដូច​ទៅ​នឹង​មេរោគ​អេបូឡា (Ebola) ត្រង់​ថា វា​បង្ក​ឱ្យ​អ្នក​ជំងឺ​មាន​អាការ​គ្រុន​ឈាម មាន​ន័យ​ថា អ្នក​ជំងឺ​នឹង​ត្រូវ​គ្រុន​ក្ដៅ ហើយ​ចេញ​ឈាម​តាម​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល និងក្រពះ​​ជា​ដើម បណ្ដាល​ឱ្យ​ស្លាប់​បាន​។

អត្រា​ស្លាប់​​ក្នុង​ការ​ផ្ទុះ​ឆ្លង​លើក​ដំបូង ត្រឹម​20% ប៉ុន្តែ វា​បាន​ឡើង​ដល់​80% ក្នុង​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ចាប់​ពី​ឆ្នាំ​ 1998-2000 នៅ​ប្រទេស​កុង​ហ្គោ (Congo) និង​ឆ្នាំ 2005 នៅអាង​ហ្គោឡា​ (Angola) នេះ​បើតាម​អង្គ​ការ​សុខភាព​ពិភព​លោក​ WHO។

មេរោគ​អេបូឡា (Ebola ​Virus)

ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេបូឡា​ដំបូងនៅ​លើ​មនុស្ស បាន​កើត​ឡើង​ក្នុងអំឡុង​​ពេល​តែ​មួយ​នៅ​ស៊ូដង់ និង​ កុង​ហ្គោ ក្នុង​ឆ្នាំ 1976។ អេបូឡា​ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ឈាម ឬ​ទឹក​រងៃ​នៃ​រាងកាយ​ ឬ​ជាលិកា​របស់​មនុស្ស ឬ​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​នេះ​។ ប្រភេទ​មេរោគ​អេបូឡាផ្សេង​ៗ​គ្នា បង្ក​គ្រោះ​ថ្នាក់​ក្នុង​កម្រិត​ផ្សេង​ៗគ្នា​ដែរ​។
អេបូឡា​ប្រភេទ Reston ភាគ​ច្រើន​មិន​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​នោះ​ទេ ប៉ុន្តែ ប្រភេទ​ Bundibugyo សម្លាប់​មនុស្ស​ក្នុង​អត្រា​ 50% និង​ប្រភេទ Sundan គឺ​ 71%។ អាសន្ន​រោគ​នេះ បាន​រាត​ត្បាត​ខ្លាំង​បំផុត​គឺ​នៅ​ដើម​ឆ្នាំ 2014 ហើយ​វា​ក៏​មាន​ភាព​ស្មុគ​ស្មាញ​បំផុតគិត​មក​ដល់​បច្ចុប្បន្ន​។

មេរោគ​ឆ្កួត (Rabies Virus)

បើ​ទោះ​ជា​ថ្នាំ​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្កួតនៅ​លើ​សត្វ​ចិញ្ចឹម ត្រូវ​បាន​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ 1920 ធ្វើ​ឱ្យ​ជំងឺ​នេះ​មិន​សូវ​កើត​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ ប៉ុន្តែ វា​នៅ​តែ​ជា​បញ្ហាធំ​នៅ​ប្រទេស​ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក។

សាស្ត្រា​ចារ្យ​ឯកទេស​ខាងមីក្រូជីវសាស្ត្រ​នៃ​សកល​វិទ្យា​ល័យ Boston លោក Elke Muhlberger បាន​ឱ្យដឹង​ថា ៖ “មេរោគ​ឆ្កួត​ បំផ្លាញ​ខួរ​ក្បាលរបស់​មនុស្ស និង​សត្វ​ដែល​បាន​ឆ្លង​មេរោគ​នេះ ហើយ​វា​ពិត​ជា​អាសន្ន​រោគ​ដ៏​កាច​សាហាវ​។ បើ​សិន​មាន​អ្នក​ណាម្នាក់​​ត្រូវ​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ឆ្កួត​នេះ យើង​អាច​ព្យាបាល​បាន​ ប៉ុន្តែ បើ​សិន​ព្យាបាល​មិន​ទាន់​ពេល នោះ​ហានិភ័យ​នៃ​ការ​ស្លាប់​គឺ​ 100%។

មេរោគ​អេដស៍ (HIV)

អេសដ៍​អាច​ជា​មេរោគ​ដ៏​គ្រោះ​ថា្នក់​ក្នុង​ពិភព​លោក​នា​បច្ចុប្បន្ន​ ព្រោះ​វា​នៅ​តែ​ជា​មេរោគ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​ នៅ​ទូទាំង​ពិភព​លោក។ មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា 36លាន​នាក់ រាប់​ចាប់​ពី​វា​ត្រូវ​បាន​គេ​រកឃើញ​កាល​ពី​ទសវត្សរ៍​ឆ្នាំ 1980 នេះ​បើ​តាម​ការ​លើក​ឡើង​របស់​បណ្ឌិត Amesh Adalja អ្នក​ឯក​ទេស​ផ្នែក​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​សមាគម​ជំងឺ​ឆ្លង​អាមេរិក​។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ថ្វី​បើ​បច្ចុប្បន្ន យើង​មាន​ថ្នាំ​ព្យា​បាល​ជំងឺ​អេដស៍ ប៉ុន្តែ មេរោគ​នេះ​នៅ​តែ​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​តំបន់​ដែល​មាន​ប្រជា​ជន​ក្រី​ក្រ​ច្រើន​រស់​នៅ​។ របាយ​ការណ៍​របស់ WHO បាន​ឱ្យ​ដឹង​ថា នៅ​ក្បែរ​តំបន់​សាហារ៉ានៃ​ទ្វីប​អាហ្វ្រិក ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ 20នាក់ គឺ​មាន​ម្នាក់​មាន​ផ្ទុក​មេរោគ​អេដស៍។

មេរោគអុត​ធំ (Smallpox)

ឆ្នាំ​ 1980 មហា​សន្និបាតសុខភាពពិភពលោក បាន​ប្រកាស​ថា ជំងឺ​អុត​ធំ​ ត្រូវ​បាន​កម្ចាត់​ចោល​ទាំង​ស្រុង​។ ប៉ុន្តែ មុន​នោះ មនុស្សជាតិ​ត្រូវ​ចំណាយ​ពេល​រាប់​ពាន់​ឆ្នាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ ដោយ​ក្នុង​ចំណោម​អ្នក​ជំងឺ​3នាក់ គឺ​មាន​ម្នាក់​ស្លាប់​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺនេះ ពួកគេ​ខ្លះ​ក៏​ត្រូវ​ពិការ​ភ្នែក​។

ក្រុម​ប្រវត្តិ​វិទូ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​សតវត្សរ៍​ទី​20 ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច 300លាន​នាក់​។

មេរោគស្ទះសួត ហានតា (Hantavirus)

មេរោគ​នេះ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ 1993 នៅ​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ស្លាប់​ បន្ទាប់​ពី​មាន​អាការ​ហត់ និង​ដង្ហក់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ​​ពលរដ្ឋ​អាមេរិកាំង​ជាង 600នាក់​បាន​ឆ្លង​មេរោគ​នេះ ក្នុង​នោះ 36% បាន​បាត់​បង់ជីវិត​ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​ជំងឺ​ឆ្លង​នៃ​សហរដ្ឋ​អាមេរិក​។
មេរោគ Hanta មិន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​វា​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​លាមក​របស់​សត្វ​កណ្ដុរ​មួយ​ប្រភេទ​​ដែល​មាន​ផ្ទុក​មេរោគ​នេះ​។ កាល​ពីជំនាន់​សង្គ្រាម​ឧបទ្វីប​កូរ៉េ មេរោគ​នេះ​ បាន​ឆ្លង​ទៅ​ទាហាន​ប្រមាណជា 3,000នាក់ ក្នុង​នោះ​មាន​ទាហាន​ប្រហែល​ 12% ដែលមាន​ផ្ទុក​មេរោគ​នេះ បាន​បាត់​បង់​ជីវិត​ នេះ​បើ​តាម​ការចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Clinical Microbiology Reviews កាល​ពី​ឆ្នាំ 2010។

មេរោគផ្ដាសាយ​តាម​រដូវ (flu season)

WHO បាន​ឱ្យ​ដឹងថា ក្នុង​រដូវ​ផ្ដាសាយ មនុស្ស​ប្រហែល 500,000​នាក់នៅ​ក្នុង​ពិភព​លោក អាច​បាត់​បង់​ជីវិត​ដោយ​ឆ្លង​មេរោគ​ផ្ដាសាយ​។ អាសន្នរោគ​​ផ្ដាសាយ​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​បំផុត​គឺ​មេរោគ​ផ្ដាសាយ​អេស្ប៉ាញ ដែល​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ 1918 និង​បាន​ឆ្លង​ទៅ​មនុស្ស​ 40% ក្នុង​ពិភព​លោក​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ដល់​ទៅ​ 50លាន​នាក់​។

គ្រុន​ចាញ់

ជំងឺ​នេះ​បាន​កើត​ឡើង​ដំបូង​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ 1950 នៅ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ថៃ។ ក្រោយ​មក​វា​បាន​ឆ្លង​រាលដាល​ពេញ​តំបន់​ត្រូពិក​។ អាសន្ន​រោគ​ដែល​កើត​ឡើង​ដោយ​សារ​មូសខាំ​នេះ នឹង​រាត​ត្បាត​កាន់​តែ​ខ្លាំង​នៅ​ពេល​ផែន​ដី​កើន​កំដៅ​ជាង​នេះ។

យោង​តាម​ WHO មេរោគ​នេះ​បាន​ឆ្លង​ទៅ​មនុស្សចាប់​ពី 50-100លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ មកដល់​បច្ចុប្បន្ន ពិភព​លោក​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់​សាំង​ការពារ​មេរោគ​នេះនៅ​ឡើយ ប៉ុន្តែ ក្រុម​ហ៊ុន​ផលិត​ឱសថ Sanofi របស់​បារាំង បាន និង​កំពុងពិសោធ​ថ្នាំ​វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​បង្ហាញ​លទ្ធ​ផលល្អ​បង្គួរ។

មេរោគរាកសូស (Rotavirus)

សារ​ព័ត៌មាន Live Science បាន​ចេញ​ផ្សាយ​ថា មេរោគ Rota ធ្វើ​ឱ្យ​ក្មេង​ និង​ទារក​ត្រូវ​រាករូសខ្លាំងពេល​ឆ្លង​មេរោគ​នេះ​។ មេរោគ​នេះ​អាច​ឆ្លង​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​ការ​ប៉ះពាល់​លាមក​មនុស្ស។ ឆ្នាំ 2008 WHO បាន​រាយការណ៍​ថា ក្មេង​អាយុ​ក្រោម 5ឆ្នាំ ប្រមាណជា​ 453,000នាក់​បាន​ស្លាប់​ដោយ​សារ​ឆ្លង​មេរោគ​រាករូស​នេះ​។ បច្ចុប្បន្ន ពិភព​លោក​កំពុង​ប្រើ​ថ្នាំ​វ៉ាក់សាំង​ពីរ​ប្រភេទ​ដើម្បី​ទប់ស្កាត់​មេរោគ​នេះ​៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស

Advertisement