ក្រុម Bayern Munich បានឈ្នះពានលីករបស់អាល្លឺម៉ង់ជាលើកទី២៧របស់ពួកគេ និងជាពាន Bundesliga ៥លើកជាប់ៗគ្នា ក្រោយពីបានផ្តួលក្រុមម្ចាស់ផ្ទះ Wolfsburg យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃសៅរ៍។
កីឡាករ David Alaba បានជួយឲ្យក្រុម Bayern រកបានគ្រាប់បាល់បើកឆាកជាមួយនឹងការស៊ុតបាល់ពិន័យ Free-kick នៅនាទី ទី១៩ នៅមុនពេលខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីធ្វើឲ្យការប្រកួតនេះមានសុវត្ថិភាពនៅត្រឹមតង់ទី១។ ខ្សែបម្រើស្លាប Arjen Robben បានរកគ្រាប់បាល់ទី៤សម្រាប់ក្រុមខ្លួន នៅមុនពេលខ្សែប្រយុទ្ធ Thomas Muller បានរកគ្រាប់បាល់បញ្ចូលទីលើកទី៥។ កីឡាករ Joshua Kimmich បានបំពេញជ័យជម្នះរបស់ក្រុម ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅរយៈពេល៥នាទីចុងក្រោយ។
ខណៈដែលនៅសល់៣ប្រកួតទៀតនៅរដូវកាលនេះ ក្រុម Bayern បាននាំមុខដល់ទៅ១០ពិន្ទុដាច់លើគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកគេគឺ RB Leipzig ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Ingolstadt ក្នុងការប្រកួតមួយគូមុននេះកាលពីថ្ងៃសៅរ៍។ លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern បានប្រាប់ទូរទស្សន៍ Sky ថា៖ «ការឈ្នះពាន៥លើកជាប់ៗគ្នា នោះជាលទ្ធផលដ៏អស្ចារ្យ។ យើងពិតជាស័ក្តិសមក្នុងការក្លាយជាម្ចាស់ជើងឯក»។ លោក លោក Carlo Ancelotti គ្រូបង្វឹករបស់ Bayern បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់។ ជ័យជម្នះនេះពិតជាសំខាន់ណាស់ ហើយវាជាបទពិសោធដ៏អស្ចារ្យមួយ»។ បច្ចុប្បន្នលោក Ancelotti បានឈ្នះពានរង្វាន់លីកបួនប្រទេសផ្សេងគ្នា ក្រោយពីក៏បានលើកពាន Premier League ជាមួយនឹងក្លិប Chelsea ពានក្របខ័ណ្ឌ Serie A ជាមួយនឹងក្លិប AC Milan និងពាន Ligue 1 ជាមួយក្លិប Paris Saint Germain៕
ប្រភពព័ត៌មាន៖ ESPN