អាថ៍កំបាំងរបស់ញើស

មិនថាដោយសារតែក្តីរំភើបញាប់ញ័រដែលបានចេញទៅដើរលេងកំសាន្តជាមួយមនុស្សដែលយើងស្រឡាញ់ ឬមកពីភាពនឿយហត់ពីការហាត់ប្រាណក្នុងក្លឹបហ្វ៊ីតនេសនោះឡើយ វាជាកិច្ចការដែលមើលទៅខុសគ្នាស្រឡះ តែក៏ធ្វើឱ្យយើងបែកញើសបានដូចគ្នាដែរ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកស្គាល់ពីដំណក់ទឹកប្រៃៗដែលជ្រាបចេញមកពីរាងកាយយើងនោះគឺជាអ្វី និងចេញមកពីណា?ឭ

– ប្រភពរបស់ញើស
ធ្លាប់សង្កេតមើលទេថា ភាពក្តៅហប់ និងញើសច្រើនតែមកដំណាលគ្នា មិនថាតែជាពេលវេលាដែលធាតុអាកាសក្តៅហប់ខណៈពេលដែលយើងកំពុងប្រើកម្លាំងសាច់ដុំយ៉ាងខ្លាំងក្លា ឬរំភើបញាប់ញ័ររហូតសរសៃប្រសាទត្រូវបានជំរុញខ្លាំងៗរហូតញើសជ្រាបចេញនោះទេ ការពិតទៅ គឺជាដំណោះស្រាយដែលធម្មជាតិសាងឡើងមកជួយ ដើម្បីសម្រាលភាពក្តៅ និងសាងភាពត្រជាក់ឡើងមកជំនួសវិញ និងដើម្បីជាការសម្រួលតុល្យភាពដល់រាងកាយរបស់យើង ហើយដែលកើតភាពត្រជាក់បាននោះ ក៏ព្រោះតែនៅក្នុងញើសនោះប្រកបទៅដោយទឹកជាចម្បងហ្នឹងឯង ហើយសារធាតុរ៉ែបន្ទាប់ចុះមកនោះគឺ ខ្ល័រ និងប៉ូតាស្យូម។
– ក្លិនរបស់ញើស
ចេញញើស គឺជាយន្តការមួយក្នុងចំណោមយន្តការឆ្លើយតបខាងធម្មជាតិរបស់រាងកាយ ដែលមនុស្សជាច្រើនប្រហែលជាចង់ឱ្យកើតតិចបំផុត ព្រោះក្រៅពីនឹងធ្វើឱ្យស្អឹតតតេកតតាក់ និងមិនស្រួលខ្លួនហើយនោះ ក្លិនដែលកើតឡើងក៏មិនមែនជាអ្វីដែលគួរឱ្យបេតីប៉ុន្មានឡើយ ហើយញើសរបស់អ្នកខ្លះថែមទាំងមានក្លិនខ្លាំងជាពិសេសទៀតផង ប្រភេទដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនដែលមិនធ្លាប់នឹងក្លិននោះ ត្រូវប្រញាប់លើកដៃខ្ទប់ច្រមុះ ហើយដើរចេញភ្លាមតែម្តង។ ការពិតទៅ ញើសរបស់មនុស្សយើងនេះគ្មានក្លិនទេ តែនៅពេលវាលាយគ្នាជាមួយនឹងមេរោគបាក់តេរីដែលមាននៅលើស្បែក និងរោម រួមទាំងអាស៊ីតខ្លាញ់ពីអាហារដែលយើងញ៉ាំចូលទៅផងនោះ ទើបធ្វើឱ្យកើតក្លិនមិនល្អឡើងបាន។
ក្រពេញញើសរបស់យើងមានពីរប្រភេទ បើជាញើសដែលចេញពាសពេញរាងកាយ ជាពិសេសម្តុំថ្ងាស បាតដៃ និងបាតជើងនោះ នឹងចេញមកពីក្រពេញដែលហៅថា Eccrine ដែលចាប់ផ្តើមផលិតញើសតាំងពីយើងនៅជាទារកទើបនឹងកើតម្ល៉េះ ទើបមិនសូវជាមានក្លិនខ្លាំងក្លាដូចញើសដែលចេញមកពីក្រពេញ Aprocrine ដែលស្ថិតនៅត្រង់ម្តុំក្លៀក និងគល់ភ្លៅជិតទ្វាធំ និងអវយវៈភេទឡើយ ដែលក្រពេញនេះនឹងចាប់ផ្តើមធ្វើការនៅពេលឈានចូលវ័យបន្តពូជ ហើយបើសិននាំគ្នាពិនិត្យមើលយ៉ាងដិតដល់វិញនោះ នឹងបានឃើញថា មានទាំងអាស៊ីតខ្លាញ់ និងប្រូតេអុីនលាយឡំជាមួយ ធ្វើឱ្យញើសដែលចេញមកមានពណ៌រាងលឿងល្អក់បន្តិច និងច្រើនតែឃើញមានជាស្នាមប្រឡាក់នៅលើខោអាវបានយ៉ាងងាយ ទើបនេះឯងជាដែលជាមូលហេតុថា តើហេតុអីបានបណ្តាផលិតផលបំបាត់ញើស និងក្លិនខ្លួនផ្សេងៗនោះនាំគ្នាតម្រង់មុខសញ្ញាទៅរកការកំចាត់ក្លិននៅម្តុំក្លៀកជាពិសេសនោះ។

ញើសដែលខុសប្រក្រតី
អ្នកខ្លះមានញើសចេញមកច្រើនជ្រុលពេករហូតដល់គួរឱ្យរំខាន និងធ្វើឱ្យសាម៉ីខ្លួនកើតក្តីអៀនខ្មាស់ជាញឹកញាប់ ជាពិសេសញើសនៅតាមបាតដៃ និងក្លៀកដែលសើមជោកជារង្វង់ មូលហេតុនោះខាងវេជ្ជសាស្រ្តខ្លួនឯងក៏នៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់ដែរ តែអាចមូលហេតុកើតឡើងដូចតទៅនេះ និងអាចព្យាបាលបានដោយការញ៉ាំថ្នាំ និងការវះកាត់។
– ភាពមិនតុល្យការរបស់អ័រម៉ូន ដូចជា អាការមេណូផូស ( Menopause )ក្នុងអំឡុងវ័យអស់រដូវ។
– ក្រពេញថៃរ៉យដ៍ធ្វើការខុសប្រក្រតីដែលធ្វើឱ្យរាងកាយផលិតកម្តៅបានខ្ពស់។
– ថ្នាំដែលកំពុងប្រើប្រាស់ប្រភេទខ្លះ។
– អាហារ ដូចជា កាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្ពស់។
– ប្រព័ន្ធប្រសាទធ្វើការខ្លាំងជ្រុលពេក។
FUN FACTS ABOUT SWEAT ដឹងទេថា…
– មនុស្សយើងមានក្រពេញញើសពាសពេញក្នុងរាងកាយ ក្នុងម្នាក់ៗប្រមាណជា 2,6 លានក្រពេញ។
– ញើសដែលជ្រាបចេញមកនៅត្រង់បាតដៃ និងក្លៀកនោះ មិនដូចគ្នាទេ ហើយឱ្យក្លិនខុសប្លែកពីគ្នាទៀតផង។
– បើសង្កេតឱ្យដិតដល់ ការពិតទៅយើងមានញើសចេញមកគ្រប់ពេលវេលា។
– បើធាតុអាកាសក្តៅខ្លាំង មនុស្សយើងអាចបាត់បង់ញើសក្នុងមួយម៉ោងដល់ទៅ 1 លិត្រឯណោះ។
– ញើសមានរសជាតិប្រៃ ដោយសារតែមានសារធាតុរ៉ែសំខាន់គឺ សូដ្យូម និងប៉ូតាស្យូម។
– បើញើសចេញមកច្រើនហើយមិនប្រញាប់ញ៉ាំទឹកចូលទៅបន្ថែមវិញទេ អាចនឹងធ្វើឱ្យកើតខ្យល់គ កើតបញ្ហាក្នុងប្រព័ន្ធហូរវឹល ឬអាចគាំងក្រលៀនបាន។
– ម៉ាស៊ីនចាប់កំហុស អាចវាស់ដឹងបានពីភាពប្រែប្រួលរបស់ចរន្តអគិ្គសនីដែលស្ថិតនៅលើស្បែក និងញើសដែលចេញមកនៅពេលយើងភ័យខ្លាច ឬញាប់ញ័រ៕

Advertisement