វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត ប៉ុន្តែបញ្ហានៃការមករដូវទាំងនេះ ក៏មានការកែតម្រូវបឋម អាចជួយពន្លឿនការមករដូវឡើងវិញបានទៅតាមសុខភាពរបស់ស្ត្រីយើង។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនពីវិធីមួយចំនួនក្នុងការពន្លឿនការមករដូវដូចតទៅ។

មូលហេតុដែលរដូវអ្នកមកយឺត
ជាធម្មតាវដ្តរដូវមានរយៈពេលពី21ថ្ងៃទៅ35ថ្ងៃ ក៏ប៉ុន្តែស្ត្រីមួយចំនួនអាចជួបបញ្ហានៃការរាំងរដូវ។ រាំងរដូវ ត្រូវបានគេស្គាល់ថា ជាជំងឺរលាកអាមីណូ ប្រសិនបើស្ត្រីមានអាយុលើសពី15ឆ្នាំ ប៉ុន្តែរដូវដំបូងមិនទាន់មកទេ ឬស្ត្រីដែលមិនមានរដូវអស់រយៈពេលជាង3ខែជាប់គ្នា ក៏ត្រូវបានគេចាត់ទុកថា រាំងរដូវដែរ ដែលបណ្តាលឱ្យមានរដូវមកយឺត ឬការមករដូវមិនធម្មតា។ មានកត្តាជាច្រើនដែលបណ្ដាលឱ្យខ្វះរដូវដូចជា៖

  1. ស្ត្រេស
  2. ទម្ងន់ខ្លួនតិចពេក ឬលើសទម្ងន់ជាដើម|
  3. មានអូវុលច្រើន (រោគសញ្ញា Polycystic Ovary ឬ PCOS)
  4. ការពន្យារកំណើត អ័រម៉ូនប្រែប្រួលខុសប្រក្រតីនៅក្នុងរាងកាយ
  5. មានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជា មានជំងឺទឹកនោមផ្អែម ជំងឺហើម និងជំងឺធាត់ជាដើម
  6. ភាពមិនធម្មតានៃក្រពេញទីរ៉ូអ៊ីត
  7. ដល់វ័យអស់រដូវ និងការមានផ្ទៃពោះ

វិធីពន្លឿនការមករដូវ
ប្រសិនបើរដូវរបស់អ្នកមានភាពយឺតយ៉ាវ ឬអ្នកត្រូវពន្លឿនការមករដូវឱ្យលឿនជាងធម្មតានោះ យើងមានវិធីណែនាំមួយចំនួន ដើម្បីបង្កើនរយៈពេលរដូវរបស់អ្នកឱ្យធ្លាក់លឿន ហើយងាយស្រួលអនុវត្តដូចខាងក្រោមនេះ៖

1.ទទួលទានវីតាមីន C
ស្ត្រីមួយចំនួនជឿថា វីតាមីន C ឬអាស៊ីត Ascorbic អាចជួយពន្លឿនការមករដូវ ព្រោះថា វីតាមីន        vC នឹងបង្កើនអ័រម៉ូនអឺស្ត្រូសែន និងជួយរារាំងដំណើរកកើតអ័រម៉ូនប្រូសេស្តេរ៉ូន ដែលនឹងបណ្តាលឱ្យមានការកន្ត្រាក់ស្បូន ធ្វើឱ្យជញ្ជាំងស្បូនស្តើងជាងមុន។ អ្នកអាចទទួលទានវីតាមីន C ដោយការទទួលទានផ្លែឈើ និងបន្លែ ដូចជា ផ្លែក្រូចពណ៌ក្រហម ក្រូចឆ្មារ ផ្លែប៊័រ បន្លែខាត់ណា ស្ពៃពណ៌ប៉ៃតង ផ្លែត្របែក ផ្លែប៉េងប៉ោះ ម្ទេសបៃតង និងម្ទេសក្រហមជាដើម។ ក្នុងករណីដែលអ្នកទទួលទានវីតាមីន C ជាប្រភេទអាហារបំប៉ន សូមអ្នកប្រយ័ត្នកុំទទួលទានច្រើនពេក ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបាន។

2. ទទួលទានផ្លែម្នាស់
ផ្នែម្នាស់មានផ្ទុកនូវសារធាតុ Bromelain ដែលជាអង់ស៊ីមត្រូវបានគេដឹងថា មានឥទ្ធិពលលើអ័រម៉ូនស្ត្រី រួមទាំងអ័រម៉ូនអឺស្ត្រូសែនផងដែរ។ការសិក្សាមួយនៅក្នុងឆ្នាំ2007បានបង្ហាញថា សារធាតុ Bromelain អាចជួយកាត់បន្ថយការរលាក និងអាចជួយដោះស្រាយបញ្ហាមិនប្រក្រតីនៃការមករដូវ ដោយសារការរលាកបានផងដែរ។

3. ទទួលទានបន្លែជីវ៉ាន់ស៊ុយបារាំង
ជីវ៉ាន់ស៊ុយបារាំង គឺជាឱសថធម្មជាតិមួយប្រភេទ ដែលត្រូវបានគេនិយមប្រើនៅក្នុងបញ្ជីមុខម្ហូបបែបបស្ចិមប្រទេស។ វាសម្បូរទៅដោយវីតាមីន C និងសាធាតុ Apiol ដែលអាចជំរុញដល់ការកន្ត្រាក់ស្បូន។ អ្នកអាចប្រើស្លឹកជីវ៉ាន់ស៊ុយបារាំង ដើម្បីក្រឡុកជាមួយទឹកទទួលទានក៏បាន។ វិធីងាយៗគឺ គ្រាន់តែយកស្លឹកស្រស់របស់ជីវ៉ាន់ស៊ុយបារាំង 2-3សន្លឹក មកក្រឡុកជាមួយទឹកក្ដៅបន្ដិច ហើយទុកក្នុងទូរទឹកកក 4-5នាទី ទើបយកទទួលទាន។ យ៉ាងណាមិញ ប្រសិនបើស្ត្រីនៅក្នុងអំឡុងពេលបំបៅដោះកូន ឬស្ត្រីដែលមានបញ្ហាតម្រងនោម គួរតែប្រយ័ត្នក្នុងការទទួលទានជីវ៉ាន់ស៊ុយបារាំង។

4. សម្រាកឱ្យបានគ្រប់គ្រាន់
ពេលខ្លះបញ្ហារដូវមកយឺត ឬរាំងរដូវដែលអ្នកតែងជួបប្រទះ អាចជាលទ្ធផលនៃភាពតានតឹង ព្រោះនៅពេលអារម្មណ៍របស់អ្នកតានតឹង នោះរាងកាយរបស់អ្នកក៏នឹងបញ្ចេញនូវអ័រម៉ូនមួយចំនួនដូចជា Cortisol និងអ័រម៉ូន Epinephrine វាធ្វើឱ្យរដូវខ្វះ ឬរាំងតែម្ដង។ ដូច្នេះប្រសិនបើអ្នកតានតឹងក្នុងអារម្មណ៍ អ្នកគួរតែរកពេលវេលាសម្រាកឱ្យបានគ្រប់គ្រាន់ ឬបំបាត់ភាពតានតឹងខ្លះចោល ដោយការហាត់ប្រាណ ធ្វើយូហ្គា ចំណាយពេលជាមួយមិត្តភក្តិ ឬជាមួយក្រុមគ្រួសារ កុំធ្វើការច្រើនហួសកម្លាំង ហាត់សមាធិ ឬធ្វើសកម្មភាពបន្ធូរអារម្មណ៍ស្ត្រេស តាមរបៀបដែលអ្នកចូលចិត្ត។

5. លំហាត់ប្រាណ
ប្រសិនបើអ្នកហាត់ប្រាណខ្លាំងដូចជាអត្តពលិកអាជីព អ្នកប្រហែលជាត្រូវកាត់បន្ថយការហាត់ប្រាណខ្លះ ដោយសារតែការធ្វើលំហាត់ប្រាណធ្ងន់ពេក នឹងធ្វើឱ្យកម្រិតអ័រម៉ូនអឺស្ត្រូសែនធ្លាក់ចុះ រហូតដល់ការមករដូវមិនធម្មតា មកយឺត ឬមិនមកតែម្ដង។

6. គ្រប់គ្រងទម្ងន់
ទម្ងន់មិនថេរអាចប៉ះពាល់ដល់ការមករដូវ។ ប្រសិនបើអ្នកមានទម្ងន់ខ្លួនលើសគីឡូ វាអាចបណ្តាលឱ្យរាងកាយលើសជាតិខ្លាញ់ ដែលហុចផលដល់ការផលិតអ័រម៉ូនជាក់លាក់ទាក់ទងនឹងការមករដូវ។ ដូច្នេះវាបណ្តាលឱ្យអ្នកមានរដូវមិនទៀងខុសពីធម្មតា ហើយស្ត្រីមួយចំនួនដែលបានឈានដល់ដំណាក់កាលមិនមករដូវទាល់តែសោះពីមួយខែទៅមួយខែ។ ការគ្រប់គ្រងរបបអាហារជួបឱ្យអ្នករក្សាទម្ងន់ខ្លួនឱ្យនៅថេរ ឬធ្វើលំហាត់ប្រាណជាប្រចាំ ក៏ជួយឱ្យរដូវរបស់អ្នកមានភាពធម្មតាបានផងដែរ។

7. ថ្នាំពន្យារកំណើត
ថ្នាំពន្យារកំណើតអាចធ្វើឱ្យឈាមរដូវរបស់អ្នកមកតិចជាងមុន និងអាចធ្វើឱ្យបាត់មិនមករដូវនៅខែខ្លះទៀតផង ឬមិនមករដូវតែម្តងក៏មាន។ វាអាចធ្វើឱ្យអ្នកកើតជំងឺ Polycystic Ovary Syndrome (PCOS) ដែលបង្អាក់អូវុលរបស់អ្នក ធ្វើឱ្យរដូវរបស់អ្នកមកមិនបានទៀងទាត់។ លើសពីនេះទៅទៀត វាក៏អាចធ្វើឱ្យអ្នកមិនអាចមានកូន និងមានហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូងថែមផងដែរ៕

Advertisement