ប្រុសៗ សូមស្តាប់ខាងនេះ! ប្រព័ន្ធ WiFi ធ្វើឱ្យទឹកមេជីវិតចុះខ្សោយ

ប្រព័ន្ធ WiFi ហុច​ផលប៉ះពាល់​ដល់​សក្តានុពល​របស់​ទឹក​មេជី​វិត​របស់បុរសៗណា ដែល​ច្រើនតែ​ដាក់ កុំព្យូទ័រ Labtop លេង​នៅលើ​ភ្លៅ ព្រោះ​អាច​នឹង​ធ្វើឱ្យ​ពិបាក​ក្នុងការ​មានកូន។

កាលពី​ចុងខែ​កន្លងទៅនេះ ទីភ្នាក់ងារ​ព័ត៌​មានរ៉​យ​ទ័​រ​បាន​រាយការណ៍​ថា អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាមេរិក និង​អា​ហ្ស​ង់​ទីន បាន​បង្ហើប​ឱ្យដឹងថា មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ដាក់​កុំព្យូទ័រ Labtop នៅលើ​ភ្លៅ ខណៈពេល​ភ្ជាប់​ប្រព័ន្ធ WiFi នោះ អាច​ប្រថុយប្រថាន​នឹង​សភាវ​ពិបាក​មានកូន ក្រោយពី​ស្រាវជ្រាវ​រកឃើញថា ប្រព័ន្ធ WiFi ហុច​ផលប៉ះពាល់​ដល់​សក្តានុពល​របស់​ទឹក​មេជី​វិត​របស់​មនុស្ស​ប្រុស។

ដោយ​អ្នកវិទ្យាសាស្ត្រ​មកពី​ស្ថាប័ន​វេជ្ជសាស្ត្រ​ការបន្ត​ពូជ នេស​សេន​ធី​ស ក្នុងប្រទេស​អា​ហ្ស​ង់​ទីន រួមជាមួយ​ស្ថាប័ន​វេជ្ជសាស្ត្រ វើ​ជី​នៀ សហរដ្ឋអាមេរិក បាន​រួមគ្នា​ធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​របស់ WiFi ចំពោះ​សភាវ​ការបន្ត​ពូជ​របស់​មនុស្ស​ប្រុស ដោយ​នាំយក​ទឹក​មេជី​វិត​ពី​មនុស្ស​ប្រុស​ដែលមាន​សុខភាព​ល្អ​ក្នុងអំឡុង​អាយុ​ពី 26 – 45ឆ្នាំ ចំនួន 29នាក់ មក​ដាក់​ជិត និងឆ្ងាយ​ពី​កុំព្យូទ័រ Labtop ដែល​បាន​ភ្ជាប់​ប្រព័ន្ធ WiFi រយៈពេល 4ម៉ោង។

លទ្ធផល​នៃ​ការសាកល្បង​បាន​បង្ហាញថា បន្ទាប់ពី 4ម៉ោង​កន្លងផុតទៅ ទឹក​មេជី​វិត​ដែល​ដាក់​នៅ​ជិត​កុំព្យូទ័រ Labtopនោះ បញ្ឈប់​ការធ្វើ​ចលនា ដល់​ទៅ 25ភាគរយ ចំណែក 9ភាគរយ​ទៀត រកឃើញថា DNA ត្រូវបាន​បំផ្លាញចំ​ណែ​ក​ទឹក​មេជី​វិត​ដែល​ដាក់​នៅ​ឆ្ងាយ​ពី​កុំព្យូទ័រ Labtop វិញ បញ្ឈប់​ការធ្វើ​ចលនា​ត្រឹមតែ 14ភាគរយ និង​មាន​ត្រឹមតែ 3ភាគរយ​ប៉ុណ្ណោះ ដែល​DNA ត្រូវបាន​បំផ្លាញ។

តាមរយៈ​ការស្រាវជ្រាវ​នេះ បានបង្ហាញ​ឱ្យឃើញថា បើសិន​មនុស្ស​ប្រុស​ប្រើការ​កុំព្យូទ័រ Labtop និង​ត​ភ្ជាប់​ប្រព័ន្ធ WiFi អ៊ីនធើ​ណេ​ត​ហើយ​ដាក់​នៅលើ​ភ្លៅ​នោះ នឹង​ហុច​ផល​ធ្វើឱ្យ​ពិបាក​ក្នុងការ​មានកូន តែ​ក៏​គួរ​សង្កេត​ដែរ​ថា ការងារ​ស្រាវជ្រាវ​មួយ​នេះ មិនបាន​និយាយ​ពី​កម្តៅ​ដែល​ចេញពី​កុំព្យូទ័រ Labtop នោះឡើយ ទាំង​ដែល​កម្តៅ ក៏​ជា​បច្ច័យ​មួយ​ដែល​បំផ្លាញ​សក្តានុពល​របស់​ទឹក​មេជី​វិត​ដែរនោះ។

យ៉ាងណាក៏ដោយ ខាង​លោក​វេជ្ជបណ្ឌិត រ៉ូ​ប៊ើ​ត អូ​អា​តេស ដែលជា​អ្នកឯកទេស​ខាង​ប្រព័ន្ធ​បន្ត​ពូជ និង​ប្រព័ន្ធ​បញ្ចេញ​ទឹកមូត្រ បានផ្តល់​ទស្សនៈ​ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ គ្រាន់តែ​ជា​ចំណាប់អារម្មណ៍​មួយ​ក្នុងន័យ​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ តែ​សម្រាប់​រូបលោក​វិញ វា​គ្មាន​ភាព​ពាក់ព័ន្ធ​អី​ខាង​ជីវវិទ្យា​របស់​មនុស្ស​ឡើយ៕

Advertisement