តើអ្នកត្រៀមខ្លួនរួចស្រេចប៉ុនណាហើយ ក្នុងការធ្វើជាម្ចាស់មុខជំនួញ?

សំណួរដំបូងគេដែលអ្នកត្រូវឆ្លើយតបខ្លួនឯងឱ្យបាន ​នៅពេលនឹកស្រមៃចង់ចាប់ផ្ដើមធ្វើជំនួញនោះគឺ “តើយើងបានត្រៀមខ្លួនរួចជាស្រេចហើយឬ?”  ព្រោះអ្វី…ព្រោះអ្នកនឹងក្លាយជាបុគ្គលិកម្នាក់ដែលសំខាន់បំផុតនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឯង។

ការវាយតម្លៃខ្លួនឯង សំខាន់ខ្លាំងជាងការវាយតម្លៃអនាគតនិយោជិត(កូនឈ្នួល)របស់អ្នកទៅទៀត។ អ្នកគួរតែអាចវិភាគពីចំណុចលេចធ្លោ និងចំណុចខ្សោយរបស់ខ្លួនឯងបាន ព្រោះការគ្រប់គ្រងចាត់ការការងារជំនួញរបស់ខ្លួនឯងនេះ ម្ចាស់មុខជំនួញត្រូវតែមានគុណសម្បត្តិច្រើនៗយ៉ាងរួមបញ្ចូលគ្នា។

ក្នុងការដឹកនាំឆ្ពោះទៅរកភាពជោគជ័យរបស់ការគ្រប់គ្រងមុខជំនួញ គំរូសំណួរ-ចម្លើយខាងក្រោមនេះនឹងជួយឱ្យអ្នកបានដឹងថា តើអ្នកមានភាពត្រៀមខ្លួនរួចជាស្រេចហើយឬនៅក្នុងការធ្វើជំនួញរបស់ខ្លួនឯង?។ អ្នកអាចនាំគំរូសំណួរ-ចម្លើយនេះទៅប្រើសម្រាប់វិភាគលើនរណាម្នាក់ដែលនឹងក្លាយមកជាភាគហ៊ុនក្នុងការគ្រប់គ្រងការងាររបស់អ្នកបានផងដែរ។

សូមកុំភ្លេចថា ចូរជ្រើសរើសយកចម្លើយក្នុងលក្ខណៈជាខ្លួនអ្នកពិតៗ មិនមែនគ្រាន់តែប្រើអារម្មណ៍ដែលគិតថាគួរតែធ្វើអ៊ីចឹងនោះទេ។ ត្រូវស្មោះត្រង់ចំពោះខ្លួនឯង ដើម្បីឱ្យទទួលបានពិន្ទុដែលត្រូវនឹងការពិតខ្លាំងបំផុត។

1 . តើអ្នកមានភាពឧស្សាហ៍ព្យាយាមប៉ុនណា?
ចម្លើយ
ក . បើមានអ្នកបង្ខំឱ្យចាប់ផ្ដើមធ្វើការ ទើបអ្នកចាប់ផ្ដើម និងធ្វើការតទៅទៀតបានល្អ
ខ . អ្នកដឹងតួនាទីការធ្វើការងាររបស់អ្នកខ្លួនឯង មិនចាំបាច់ឱ្យនរណាមកបញ្ជាឱ្យចាប់ផ្ដើមធ្វើនោះទេ
គ . មានដែរភាពឧស្សាហ៍ព្យាយាម…គ្រាន់តែមិនទាន់ចាប់ផ្ដើមធ្វើការ ចាំរហូតទាល់តែដល់ពេលវេលា​ត្រូវចាប់ផ្ដើម

2 . តើអ្នកមានអារម្មណ៍ជាមួយអ្នកដទៃជុំវិញខ្លួនអ្នកយ៉ាងណាដែរ?
ចម្លើយ
ក . អ្នកមានអារម្មណ៍ថា មនុស្សច្រើនៗគួរឱ្យរំខានណាស់ ឬមនុស្សច្រើន រឿងក៏ច្រើនដែរ-ល-
ខ . អ្នកចូលចិត្តមនុស្សច្រើនៗ ហើយអ្នកខ្លួនឯងក៏អាចចូលចុះជាមួយអ្នកដទៃបានល្អដែរ
គ . ខ្លួនអ្នកមានមិត្តភក្តិច្រើនគ្រប់គ្រាន់ស្រាប់ហើយ មិនត្រូវការស្គាល់អ្នកដទៃថែមទៀតទេ

3 . តើអ្នកមានភាពជាអ្នកដឹកនាំដែរឬទេ?
ចម្លើយ
ក . អ្នកអាចធ្វើឱ្យអ្នកឯទៀតធ្វើការតាមដែលអ្នកត្រូវការបាន តែត្រូវបង្ខំពួកគេបន្តិច
ខ . អ្នកអាចធ្វើឱ្យមនុស្សភាគច្រើនធ្វើការបានតាមដែលអ្នកត្រូវការ ដោយមិនចាំបាច់បញ្ចេញកម្លាំងប៉ុន្មានឡើយ
គ . ជាប្រក្រតី អ្នកច្រើនតែធ្វើតាមអ្នកដទៃបញ្ជាច្រើនជាង

4 . តើអ្នកមានភាពទទួលខុសត្រូវប៉ុនណា?
ចម្លើយ
ក . អ្នកនឹងបង្ហាញភាពទទួលខុសត្រូវនៅពេលដែលចាំបាច់ប៉ុណ្ណោះ ពេលនេះឱ្យអ្នកដទៃទទួលខុសត្រូវការងារសិនចុះ
ខ . អ្នកមិនចូលចិត្តដឹកនាំអ្នកដទៃ ឬបង្ហាញភាពទទួលខុសត្រូវលើការងារណាទាំងអស់ ព្រោះគិតថា មានអ្នកឯទៀតនៅចាំចេញមុខចេញមាត់ ដូច្នេះទុកឱ្យពួកនោះសម្ដែងតែម្ដងទៅល្អជាង
គ . អ្នកចូលចិត្តធ្វើជាអ្នកដឹកនាំ និងបង្ហាញពីភាពទទួលខុសត្រូវលើការងារផ្សេងៗ។ ចូលចិត្តក្នុងការសម្រេចបញ្ហា ដើម្បីឱ្យការងារដំណើរការទៅយ៉ាងរលូន

5 . តើជំនាញផ្នែកការចាត់ការរបស់អ្នកយ៉ាងណាដែរ?
ចម្លើយ
ក . អ្នកចូលចិត្តរៀបផែនការមុននឹងចាប់ផ្ដើមការងារ ដោយជាប្រក្រតីទៅ អ្នកច្រើនតែជាអ្នកកំណត់ដំណាក់កាលក្នុងការធ្វើការងារ
ខ . អ្នកធ្វើការងារបានល្អ តែបើសិនការងារមិនដំណើរការទៅតាមការចង់បានទេ ចាំត្រឡប់មកគិតរៀបផែនការ
គ . មានការងារអ្វីចូលមកក៏ធ្វើជាបណ្ដើរទៅ មិនចាំបាច់ត្រូវរៀបផែនការជារឿងជារ៉ាវអ្វីប៉ុន្មានទេ

6 . តើអ្នកជាមនុស្សទទួលធ្វើការងារបានច្រើនប៉ុនណា?
ចម្លើយ
ក . មិនចូលចិត្តធ្វើការច្រើន ព្រោះមើលមិនឃើញថា ការងារច្រើននឹងជួយឱ្យជីវិតល្អឡើងសោះ!
ខ . ធ្វើការច្រើនជាប់រហូត តែបើធ្វើលែងរួចហើយនោះ ឈប់ ក៏គឺឈប់!
គ . ធ្វើការច្រើនបានជារឿយៗ មិនខ្វល់រឿងការងារច្រើនស្រាប់ហើយ

7 . តើអ្នកសម្រេចចិត្តបានល្អប៉ុនណាដែរ?
ចម្លើយ
ក . បានល្អ! បើសិនមានពេលវេលាគ្រប់គ្រាន់ តែបើមានពេលវេលាតិចពេក ​ច្រើនតែមិនសូវល្អ
ខ . ច្រើនតែសម្រេចចិត្តបានល្អ ទោះជាមានពេលគិតមិនសូវច្រើនក៏ដោយ
គ . មិនចូលចិត្តការសម្រេចចិត្តសោះតែម្ដង ព្រោះលទ្ធផលនៃការសម្រេចចិត្តមិនសូវល្អសោះ

8 . តើអ្នកដទៃគេជឿសម្ដីរបស់អ្នកបានប៉ុនណាដែរ?
ចម្លើយ
ក . ព្យាយាមរក្សាពាក្យសម្ដីដែរ តែពេលខ្លះក៏ជ្រើសរើសនិយាយតែរឿងណាងាយៗ គេចពីរឿងដែលអាចត្រូវឆ្លើយសំណួរ
ខ . បានប្រាកដណាស់!  ព្រោះបើមិនមែនជាសម្ដីដែលចេញមកពីចិត្ត អ្នកនឹងមិននិយាយវាចេញមកទេ
គ . ដូចជាមិនឃើញត្រូវទៅយកចិត្តទុកដាក់អីនឹងអ្នកដទៃសោះ បើនិយាយទៅហើយធ្វើមិនបាន ក៏គឺធ្វើមិនបានហ្នឹងហើយ!

9 . អ្នកជាមនុស្សរក្សាពាក្យសន្យាប៉ុនណាដែរ?
ចម្លើយ
ក . “និយាយហើយត្រូវតែធ្វើ” បើអ្នកសម្រេចចិត្តហើយថា នឹងធ្វើអ្វីមួយ អ្នកនឹងមិនព្រមឱ្យរឿងណាមួយមកបញ្ឈប់អ្នកបានទេ
ខ . “និយាយហើយមិនបាច់ធ្វើក៏បាន” បើការងារកំពុងធ្វើ វាមិនទៅតាមអ្វីដូចដែលយើងចង់បាន ទៅខំប្រឹងធ្វើនាំតែខាតខួរក្បាលធ្វើអី?!
គ . “និយាយហើយគួរតែធ្វើ” ទោះជាការងារនោះនឹងមិនបានដូចចិត្តក៏ដោយ ក៏អ្នកនឹងព្យាយាមធ្វើឱ្យរួចស្រេចដូចដែលបានចាប់ផ្ដើមដែរ។

10 . តើអ្នករក្សាទុកព័ត៌មានរបស់ការងារដែលធ្វើហើយយ៉ាងណា?
ចម្លើយ
ក . ព័ត៌មាន មិនឃើញចាំបាច់ ឬសំខាន់អ្វីសោះ ព្រោះអ្នកដឹងហើយថា ត្រូវធ្វើយ៉ាងណាដោយមិនចាំបាច់ត្រូវពឹងព័ត៌មានចាស់ៗឡើយ
ខ . រក្សាទុកខ្លះដែរ តែធ្វើការឱ្យបានតាមសាច់ការ វាសំខាន់ជាងមកអង្គុយមើលតែតួលេខ
គ . អ្នករក្សាទុកព័ត៌មានជាប់រហូត ដើម្បីក្រែងលោថ្ងៃណាមួយត្រូវយកវាមកប្រើការ ទោះជាអ្នកខ្ជឹលរក្សាទុកក៏ដោយ

ពិន្ទុ
ចម្លើយ       ក   ខ   គ

  1.       ​ 6  10  0
  2.        0  10  6
  3.        6  10  0
  4.        6  0  10
  5.      ​ 10  6   0
  6.       0  6  10
  7.       6  10  0
  8.       6  10  0
  9.      10  0   6
  10.     ​ 0   6  10

វិភាគពិន្ទុ ៖
ពិន្ទុ 100 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “ល្អកំពូល”។ មានន័យថា អ្នកកើតមកដើម្បីធ្វើជាចៅហ្វាយលើខ្លួនឯងយ៉ាងពិតប្រាកដ។ បើអ្នកនៅមិនទាន់បានចាប់ផ្ដើមបើកមុខជំនួញជារបស់ខ្លួនឯងនោះ អ្នកគួរតែបើកហើយ…រឹតតែឆាប់ រឹតតែល្អ ព្រោះអ្នកកំពុងមានកម្ដៅគ្រប់គ្រាន់សម្រាប់ការបោះជំហានទៅមុខបានយ៉ាងល្អហើយ។ពិន្ទុ 91 – 99 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “ល្អណាស់”។ មានន័យថា អ្នកមានភាពត្រៀមរួចជាស្រេចលើគ្រប់ផ្នែកសម្រាប់ការចាប់ផ្ដើមមុខជំនួញរបស់ខ្លួនឯង។ ដូច្នេះ ចូរកុំបង្អង់យូរ  ព្រោះដំណើរផ្លូវនៃភាពជោគជ័យនៅខាងមុខកំពុងតែបើកចំហ និងរង់ចាំអ្នក។ពិន្ទុ 72 – 90 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “ល្អ”។  មានន័យថា អ្នកមានគុណសម្បត្តិ និងភាពត្រៀមរួចជាស្រេចក្នុងការធ្វើជាសហគ្រិនដែលនឹងទទួលជោគជ័យ  តែក៏នៅមានចំណុចខ្សោយជាច្រើនចំណុចទៀតដែរ។ ជំនាញលើចំណុចដែលអ្នកខ្វះ អ្នកអាចសិក្សារកចំណេះដឹងបន្ថែមបាន ឬមិនទេ ក៏ជួលមនុស្សពីក្រៅឱ្យចូលមកជួយបាន។

ពិន្ទុ 40 – 71 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “កណ្ដាល ឬមធ្យម”។  មានន័យថា នៅមិនទាន់ប្រាកដច្បាស់ថា តើអ្នកត្រៀមជាស្រេចក្នុងការធ្វើជាចៅហ្វាយលើខ្លួនឯង និងអ្នកដទៃហើយឬនៅទេ?។ អ្នកនៅខ្វះគុណសម្បត្តិច្រើនប្រការ ដែលអនាគតសហគ្រិនជោគជ័យមិនគួរមើលរំលង​  តែបើអ្នកនៅតែមានតម្រូវការចង់បើកមុខជំនួញរបស់ខ្លួនឯងឱ្យបាននោះ អ្នកនឹងជួបឧបសគ្គដ៏ច្រើននាពេលអនាគត ដែលអាចនឹងធ្វើឱ្យអ្នកបរាជ័យយ៉ាងអស់ក្បាច់មិនខាន។ពិន្ទុ ទាបជាង 40 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “មិនសូវល្អ”។  មានន័យថា មិនចង់ប្រាប់សោះថា អ្នកគួរតែបំភ្លេចក្តីសុបិនដែលចង់ក្លាយជាចៅហ្វាយលើខ្លួនឯងនោះចោលទៅ។ ការធ្វើជំនួញមិនមែនជាដំណើរផ្លូវរបស់អ្នកទេ អ្នកប្រហែលជាស័ក្តិសមនឹងការងារដែលអ្នកកំពុងធ្វើហ្នឹងច្រើនជាង។  ដូច្នេះចូរកុំមក​ខាតពេលអង្គុយនឹកស្រមៃទៅដល់អ្វីដែលវាមិនអាចក្លាយជាការពិតបានធ្វើអី៕
រៀបរៀងដោយ តាវ៉ែនតា

Advertisement