បើករឿងក្តីដ៏ឃោរឃៅមួយ គូស្នេហ៍មួយគូចាប់ពង្រត់ស្រីក្រមុំម្នាក់ ឃុំឃាំងក្នុងក្តារមឈូស ធ្វើទារុណកម្ម រំលោភ អស់រយៈពេល 7 ឆ្នាំ

បើក​រឿង​ក្តី​ដ៏​សែន​ឃោរឃៅ​ ៖ គូ​ស្វាមីភរិយា​អាមេរិកាំង​ចាប់ពង្រត់​ស្រីក្រមុំ​អាយុ​ 20ឆ្នាំ​ម្នាក់​ ឃុំឃាំង​នៅក្នុង​ក្តារមឈូស​រយៈពេល​ 7ឆ្នាំ​ និង​លែង​ចេញ​មក​តែ​នៅពេល​ណា​ដែល​ត្រូវការ​រំលោភ​ និង​ធ្វើទារុណកម្ម​ប៉ុណ្ណោះ​។

រឿង​នេះ​អាច​រាប់​បាន​ថា​ គឺជា​ហេតុការណ៍​មួយ​ក្នុងចំណោម​ហេតុការណ៍​ដ៏​សាហាវឃោរឃៅ​ខ្លាំង​បំផុត​ ដែល​ក្លាយជា​រឿង​ក្តី​ដ៏​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋអាមេរិក​ សម្រាប់​ករណី​របស់​ ខលលីន​ ស្ទែ​ន នាងក្រមុំ​វ័យ​ 20ឆ្នាំ​ម្នាក់​ដែល​ត្រូវ​គូ​ស្វាមី​-ភរិយា​ ជនជាតិ​អាមេរិកាំង​ចាប់ពង្រត់​យក​ទៅ​ឃុំឃាំង​នៅក្នុង​ក្តារមឈូស​ និង​ធ្វើទារុណកម្ម​អស់​រយៈពេល​ដល់ទៅ​ 7ឆ្នាំ​ពេញ​។

កាលពី​ថ្ងៃ8​ ខែកញ្ញា​ ឆ្នាំ2016​ គេហទំព័រ​ មី​រើរ៍​ បាន​លើកយក​បទ​ពិសោធ​ដែល​ប្រៀប​ដូចជា​ការ​ធ្លាក់​នរក​ទាំង​រស់​របស់​ ខលលីន​ ស្ទែ​ន មក​រាយការណ៍​ជាថ្មី​ម្តង​ទៀត​ ដោយ​រឿងរ៉ាវ​ទាំងអស់​បាន​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ1​ ក្នុង​ឆ្នាំ1977​ ដែល​ខណៈនោះ​ខល​លី​នកំ​ពុង​ស្ថិត​ក្នុង​វ័យ​ 20ឆ្នាំ​ បាន​បក់ដៃ​សុំ​ដោយសារ​តាម​រថយន្ត​របស់​គូ​ស្វាមី​ ភរិយា​ ខា​មេ​រ៉ន់​ និង​ ចា​នី​សហ៊ុ​កគើរ​ នៅ​តាមផ្លូវ​ដើម្បី​បន្តដំណើរ​ទៅមុខ​ ដោយ​មិន​នឹកស្មាន​ដល់​ថា​ នេះ​គឺជា​ការសម្រេច​ចិត្ត​ដែល​ខុសឆ្គង​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​របស់​ខ្លួន​ឡើយ​។

ខលលីន​ និយាយ​ថា​ ពី​ដំបូង​នាង​គិតថា​ ទាំង​ 2នាក់​នោះ​ ប្រហែលជា​គួរ​ឱ្យ​ទុកចិត្ត​បាន​ ព្រោះ​ពួកគេ​ធ្វើដំណើរ​មក​ជាមួយ​ទារក​តូច​មួយ​ផង​ដែរ​ តែ​រួចហើយ​ បន្ទាប់ពី​ពេលវេលា​កន្លង​ផុត​ទៅ​បាន​ត្រឹមតែ​ 1ម៉ោង​ប៉ុ​ណ្នោះ​ ខា​មេ​រ៉ន់​ ដែល​ជា​អ្នកបើកបរ​ក៏បាន​នាំ​នាង​ទៅដល់​កន្លែង​ស្ងាត់​មួយ​ រួច​ប្រើ​កាំបិត​ភ្ជង់​បំបិទមាត់​នាង​ ចងដៃ​ចងជើង​របស់​នាង​ មុននឹង​យក​ប្រអប់​ឈើ​មួយ​មក​គ្រប​ក្បាល​នាង​ និង​នាំ​នាង​ដើរតម្រង់ទៅ​ផ្ទះ​របស់​ពួកគេ​ដែល​ស្ថិតនៅ​ក្នុង​ រេ​ដប្លា​ហ្វ​ រដ្ខ​ខា​លី​ហ្វ័​រនៀ​។

ខណៈនោះ​ខលលីន​គិតថា​ នាង​ប្រហែលជា​លែង​មានជីវិត​រស់នៅ​តទៅទៀត​ហើយ​ តែ​ការពិត​វិញ​ មើលទៅ​វា​ហាក់ដូចជា​សាហាវឃោរឃៅ​ខ្លាំង​ជាង​នោះ​ទៅទៀត​ នៅពេល​ដែល​គូ​ស្វាមីភរិយា​ចិត្តកំណាច​នោះ​ បាន​ឃុំឃាំង​ជនរងគ្រោះ​ក្រមុំ​នៅក្នុង​ក្តារមឈូស​ឈើ​មួយ​ ដែល​លាក់​ទុក​នៅ​ខាងក្រោម​គ្រែ​របស់​ពួកគេ​ទាំងគូ​ និង​អនុញ្ញាត​ឱ្យ​នាង​ចេញ​មក​ក្រៅ​បានតែ​ក្នុង​ពេលណា​ដែល​ខា​មេ​រ៉ន់​ត្រូវការ​រំលោភ​ និង​ធ្វើទារុណកម្ម​ដោយ​វិ​ធី​ផ្សេង​ៗតែប៉ុណ្ណោះ​។ ពេញ​មួយរយៈពេល​នៃ​សេចក្តី​ទុក្ខ​ដ៏​យូរអង្វែង​ដល់ទៅ​ 7ឆ្នាំ​នោះ​ មានរឿង​តែមួយគត់​ដែល​ធ្វើ​ឱ្យ​នាង​មាន​សេចក្តី​សុខ​បាន​នោះ​គឺ​ ការ​គេច​ចេញពី​ការពិត​ និង​បណ្តោយ​ខ្លួនឯង​ឱ្យ​អណ្តែត​ចេញពី​ការពិត​ដ៏​សាហាវឃោរឃៅ​នេះ​ នឹកស្រមៃ​តែខ្លួន​ឯង​ថា​ កំពុងតែ​ស្ថិតនៅ​ក្នុង​ទីកន្លែង​មួយ​ដែល​មាន​សេចក្តី​សុខ​ និង​ឡោមព័ទ្ធ​ដោយ​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត​នាង​។

រហូត​នៅទីបំផុត​ ខល​លី​នក៏​រត់ចេញ​រួចពី​រណ្តៅ​នរក​នោះ​បាន​នៅ​ខែសីហា​ ឆ្នាំ1984​ និង​បាន​នាំ​ឆ្ពោះទៅ​រក​ការ​ចាប់ខ្លួន​ និង​ដំណើរការ​កាត់ក្តី​គូ​ស្វាមីភរិយា​ចិត្តឃោរឃៅ​នោះ​។ យ៉ាងណាក៏ដោយ​ ចា​នីស​ បាន​ទទួលការ​ឃុំគ្រង​អំពី​តុលាការ​បន្ទាប់ពី​នាង​បាន​ផ្តល់​នូវ​សហការ​ធ្វើជា​សាក្សី​ក្នុង​ទង្វើ​ឧក្រិដ្ឋ​អសីលធម៌​របស់​ខា​មេ​រ៉ន់​ជា​ស្វាមី​ ដែល​នៅទីបំផុត​ ខា​មេ​រ៉ន់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ព័ន្ធ​នា​គារ​ចំនួន​ 104ឆ្នាំ​។

ចាប់ពី​ពេលនោះ​ រហូតមកដល់​ពេលនេះ​ ពេលវេលា​បាន​កន្លងទៅ​អស់​ជាច្រើន​សិប​ឆ្នាំទៅ​ហើយ​ ទីបំផុត​ ខល​លី​នក៏​អាច​ត្រឡប់​មក​រស់នៅ​យ៉ាង​មាន​សេចក្តី​សុខ​ជាថ្មី​ម្តង​ទៀត​បាន​ ក្រោយពី​ឆ្លងកាត់​បទ​ពិសោធ​ដ៏​សែនអាក្រក់​កាលពី​អតីតកាល​ ខណៈ​ដែល​រឿងរ៉ាវ​របស់​ ខលលីន​ អ្នក​ដែល​ត្រូវ​បាន​គេ​ហៅថា​ “ស្រ្តី​ក្រមុំ​ក្នុង​ក្តារមឈូស​” និង​ថែមទាំង​ត្រូវ​បាន​នាំ​យក​មក​ផលិត​ជា​ខ្សែភាពយន្ត​រឿង​ Girl​ in​ the​ Box​ ដែល​បាន​កំណត់​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​អាមេរិក​កាលពី​ពេល​កន្លងមក​ទៀតផង​៕

Advertisement