ទោះជប់លៀងច្រើនយ៉ាងណា ក៏ដោយនៅតែរក្សារាងស្អាតដដែល

មនុស្ស​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​ភាព​សប្បាយរីករាយ​ទទួលទាន​អាហារ​ និង​ទទួលទាន​ស្រា​ជុំគ្នា​ ខណៈ​ពេល​មានកម្ម​វិធី​ជួបជុំ​គ្នា​ម្ដង​ៗ និង​ជាពិសេស​នៅក្នុង​ឱកាស​ចុងឆ្នាំ​នេះ​។ តែ​ពួកគេ​បាន​ភ្លេច​ថា​ ឆ្នាំមុន​ពួកគេ​បាន​ព្យាយាម​រក្សាសុខ​ភាព​ និង​រូបរាងកាយ​អស់​រយៈ​ពេញ​មួយឆ្នាំ​ហើយ​ ដោយ​ការ​មិន​ហ៊ាន​ទទួលទាន​អ្វី​ផ្ដេសផ្ដាស​នោះ​ទេ​។ កុំ​កង្វល់​ដោយសារ​ទង្វើ​ធ្វេសប្រហែស​មួយពេលនេះ​ឱ្យ​សោះ​ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូម​ប្រាប់​អំពី​វិធី​ទាំង5យ៉ាង​ក្នុង​ការ​ត្រៀមខ្លួន​ថែរក្សា​សម្រស់​រូបរាងកាយ​ឱ្យ​នៅតែ​ស្រស់​ស្អាត​ដូចដើម​ បើ​ទោះបីជា​មានកម្ម​វិធី​ត្រូវ​ទទួលទាន​ស្រា​ និង​អា​ហារ​ឆ្ងាញ់​ៗក៏ដោយ​។

1. កុំ​ឃ្លាន​តាម​ចង់
​នៅពេល​ចាប់ផ្ដើម​កម្មវិធី​ជប់លៀង​ ជា​ច្បាប់​ទម្លាប់​ងាយ​ៗហើយ​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ទៀត​នោះ​ គឺ​ “កុំ​ឃ្លាន​តាម​ចង់​” ព្រោះ​កាលដែល​អ្នក​បានឃើញ​អាហារ​ជាច្រើន​មុខ​ដាក់​តម្រៀប​គ្នា​នៅ​លើ​តុ​ ជាពិសេស​នា​រីៗ​តែងតែ​ចង់​ភ្លក្ស​ និង​រួសរាន់​ដួស​ញ៉ាំ​ជាច្រើន​មុខ​ទៅតាម​ចំណង់​នៃ​ការ​ឃ្លាន​ ក៏ដូចជា​បំពេញ​ឱ្យ​ឆ្អែត​ក្រពះ​។ ដូច​គ្នា​នោះ​ដែរ​ អាហារ​ជាច្រើន​មុខ​នោះ​ហើយ​ ដែល​មាន​សារធាតុ​ប្រូ​តេ​អុីន​ច្រើន​ ដែល​ងាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន​។ ការ​ត្រៀមខ្លួន​ជាមុន​នោះ​ គឺជា​ការ​ប្រសើរ​ ព្រោះ​អ្នក​ត្រូវ​រំឭក​ខ្លួនឯង​ថា​ អ្នក​កំពុង​រក្សា​ទម្ងន់​ និង​មិនសូវ​មាន​ចំណង់​អាហារ​នោះ​ទេ​ ពោល​គឺ​ ញ៉ាំ​ដើម្បី​តែ​ល្មម​ទ្រាប់​ពោះ​ប៉ុណ្ណោះ​។

2. ទទួលទានទឹក​ឱ្យ​ច្រើន​មុន​ពេល​ទទួលទាន​អាហារ​
ការ​ទទួលទានទឹក​ស្រប​ ឬមុន​ពេល​កំពុង​ទទួលទាន​អាហារ​មិន​មាន​គ្រោះថ្នាក់​ដល់​សុខភាព​នោះ​ទេ​ ហើយ​វា​ថែមទាំង​ជួយ​ឱ្យ​អាហារ​រឹង​ឆាប់​ទន់​ផង​ដែរ​។ ប៉ុន្ដែ​កុំ​ទទួលទានទឹក​ច្រើនពេក​មុន​ពេល​ដែល​អ្នក​លេប​អាហារ​ ដោយសារ​ការរំលាយអាហារ​ត្រូវការ​អង់ស៊ីម​ដែល​មាន​ក្នុងទឹក​មាត់​ជាចាំបាច់​។ មុន​ពេល​ទទួលទាន​អាហារ​ អ្នក​អាច​ត្រឹមតែ​ទទួលទានទឹក​មួយ​កែវ​ ដើម្បី​សង្កត់​ពោះ​ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ ឆាប់​ឆ្អែត​អាហារ​តែ​ប៉ុណ្ណឹង​ទៅ​បាន​ហើយ​។ សូម​កុំ​គិតថា​ វា​ប៉ះពាល់​ដល់​ក្រពះ​ និង​ការ​រំលាយ​អាហារ​មិនល្អ​ឱ្យ​សោះ​ ព្រោះថា​ ទឹក​វា​មិន​នៅក្នុង​ក្រពះ​យូរ​នោះ​ទេ​។ ជាទូទៅ​ ទឹក​ 300មីលីលីត្រ​ចំណាយពេល​ប្រមាណ10​ ទៅ15នាទី​ប៉ុណ្ណោះ​នៅក្នុង​ក្រពះ​។ វា​តែង​ហូរកាត់​អាហារ​ដែល​ត្រូវ​បាន​ទំពា​នោះ​ ផ្ដល់​សំណើម​ឱ្យ​អាហារ​ទាំងនោះ​ ហើយ​វា​នឹង​ចេញពី​ក្រពះ​វិញ​។ លើស​ពីនេះ​ទៅទៀត​ មិន​មានការ​ស្រាវជ្រាវ​ណា​រក​ឃើញថា​ ទឹក​អាច​រុញច្រាន​អាហារ​ចូលក្នុង​ពោះវៀន​ មុន​ពេល​ដែល​អាហារ​រលាយ​ទាំងស្រុង​នោះ​ទេ​ ប៉ុន្ដែ​អ្នក​វិទ្យាសាស្រ្ត​បាន​អះអាង​ថា​ ទឹក​មិន​មាន​ឥទ្ធិ​-ពល​លើ​ល្បឿន​នៃ​ការរំលាយអាហារ​នោះ​ទេ​។

3. ត្រៀម​រាងកាយ​ជាមុន​ មុន​ពេល​ទៅ​ចូល​រួម​នៅក្នុង​កម្មវិធី
​អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​ កម្មវិធី​ជប់លៀង​មាន​អាហារ​ជាច្រើន​ ហើយ​ជាពិសេស​គឺ​ស្រាក្រហម​។ ដើម្បី​រក្សា​រាង​ឱ្យ​បាន​ស្អាត​ដដែល​នោះ​ អ្នក​ត្រូវ​ប្រុងប្រៀប​ជាមួយ​ការរៀបចំ​ និង​កំណត់​អាហារ​ទាំង3ពេល​ឱ្យ​បាន​ច្បាស់ជា​មុន​សិន​។ អ្នក​ត្រូវ​កាត់បន្ថយ​អាហារ​ពេលថ្ងៃត្រង់​មួយ​ពេល​ ដោយ​ការ​ទទួលទាន​ជា​អាហារសម្រន់​ ដើម្បី​ត្រៀម​ទទួល​អាហារ​ពេលល្ងាច​បាន​បន្ថែម​បន្តិច​។ ឬមួយ​ក៏​អ្នក​អាច​រៀបចំ​អាហារ​ទាំង2​ពេល​ ព្រឹក​ និង​ថ្ងៃត្រង់​ ជា​អាហារសម្រន់​ ដើម្បី​ឱ្យ​ការ​ទទួលទាន​អាហារ​នា​ពេលល្ងាច​មាន​ភាព​សម​ល្មម​ស្មើគ្នា​វិញ​ ព្រោះ​ការ​ប៉ាន់ប្រមាណ​បរិមាណ​ទទួលទាន​អាហារ​គឺជា​គន្លឹះ​រក្សា​រាង​បាន​យ៉ាង​មានប្រសិទ្ធភាព​ និង​ធ្វើ​ឱ្យ​អ្នក​អស់​ក្ដី​កង្វល់​។

4. ការ​ទទួលទាន​ស្រា​ដោយមាន​ការកំណត់
​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញថា​ បើ​អ្នកទទួល​ទាន​ស្រា​ ឬស្រា​បៀរ​ក្នុង​កម្រិត​មួយ​សមល្មមនឹង​ផ្តល់​នូវ​ផលប្រយោជន៍​ចំពោះ​សុខភាព​ និង​មាន​ហានិភ័យ​តិច​។ អ្នកជំនាញ​សុខភាព​បាន​បន្ដ​ថា​ ភាគច្រើន​គឺ​យល់ស្រប​ថា​ បុរស​អាច​រីករាយ​នឹងជា​តិ​ស្រវឹង​ក្នុង​មួយថ្ងៃ​ដោយ​សុវត្ថិភាព​ពី10​ ទៅ20ក្រាម​ (គឺ​ស្រាបៀ​រក​ម្រិ​តជាតិ​អាល់កុល​ 10​ វ៉ុល​ ពីរ​កែវ​) និង​ស្ត្រី​បាន​ទទួល​ដំបូន្មាន​ឱ្យ​ទទួលទាន​ក្នុង​កម្រិត10ក្រាម​តែប៉ុណ្ណោះ​ចំពោះ​ស្រា​ ឬស្រា​បៀរ​។ អ្នក​ត្រូវ​ចាំ​ក្នុងចិត្ត​ថា​ អ្នក​គ្រាន់តែ​ទទួលទាន​បែប​ភ្លក្ស​រសជាតិ​នៃ​ស្រា​តែប៉ុណ្ណោះ​ ការ​ទទួលទាន​ច្រើន​នោះ​ងាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​ទៅវិញ​ទេ​។ ជាតិ​ស្រា​ ឬជាតិ​អាល់កុល​មាននៅ​ក្នុង​ស្រា​បៀរ​ ស្រា​ទំពាំងបាយជូរ​ ស្រា​ស និង​ស្រា​ផ្សេង​ៗទៀត​ បើ​អ្នកទទួល​ទាន​ច្រើនហួស​បរិមាណ​ ភាគច្រើន​អាច​បង្ក​ឱ្យ​មានការ​ឡើង​ទម្ងន់​ ជាពិសេស​ការ​រីក​ប៉ោង​នៃ​ខ្សែក្រវាត់​ពោះ​ដែល​ជា​រូបភាព​ដុះ​ក្បាលពោះ​នោះ​ហើយ​។

5. ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
ដើម្បី​សម្រក​ទម្ងន់​អ្នក​ត្រូវ​កាត់បន្ថយ​បរិភោគ​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ត្រូវ​ស្វែងយល់​អំពី​ប្រភេទ​ខ្លាញ់​ដែល​គួរ​បរិភោគ​ និង​មិន​គួរ​បរិភោគ​។ ប្រសិនបើ​អ្នក​ចង់​ផ្ដល់​ប្រូ​តេ​អុី​នដ​ល់​ខ្លួនប្រាណ​ អ្នក​គប្បី​ទទួលទាន​សាច់​ត្រី​ឱ្យ​បាន​ច្រើនជាង​សាច់សត្វ​ដទៃទៀត​៕

Advertisement