ធ្វើយ៉ាងណា​ដើម្បី​ឱ្យជើង​ស្អាត និង​សិច​ស៊ី?​

ការដណ្តើម​គ្នា​បង្អួត​ភាព​សិច​ស៊ី បង្ហាញ​សាច់​ជើង​សខ្ចី មាន​ទាំង​ជើង​ស្រ​ឡូ​នតូចៗ និង​ជើង​ទ្រលុកទ្រលន់​តាមរ​យៈ​ការ​ស្លៀក​សម្លៀកបំពាក់ខ្លីៗ គឺជា​សកម្មភាព​ដែល​កំពុង​ពេញនិយម​បំផុត​សម្រាប់នារីៗ ជាពិសេស​គឺ​យុវតី​សម័យថ្មី​នេះ​តែម្ដង។ ប្រាកដ​ណាស់​ថា អ្នកណាៗក៏​នឹង​លួច​កោតសរសើរ​អ្នក​ដែរ ប្រសិនបើ​គេ​បានឃើញ​ជើង​ដ៏​ស្រស់ស្អាត មើលទៅ​មាន​សភាព​ទន់​រលោងរ​បស់​អ្នក។ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​មិនទាន់មាន​ទំនុកចិត្ត​ថា ជើង​របស់​អ្នកមាន​សភាព​ស្រស់ស្អាត​គ្រប់គ្រាន់​ក្នុងការ​ប្រណាំងប្រជែង​ជាមួយ​អ្នកដទៃ​ទេនោះ សូម​ចាប់ផ្តើម​ថែរក្សា​ជើង​របស់​អ្នក​ឱ្យបាន​ស្អាត​ចាប់ពីពេលនេះ​តទៅ។

ដុសខាត់​កែងជើង៖ បង្កើត​ទម្លាប់​ក្នុងការ​ដុសខាត់​កែងជើង និង​បាតជើង​ឱ្យបាន​ស្អាត​ដោយ​ច្រាស ឬ​ថ្ម​ខាត់ មុននឹង​ដុស​អ្នក​គួរ​ត្រាំ​ជើង​របស់​អ្នក​ទៅក្នុង​ទឹក (ប្រសិនបើ​ត្រាំ​ជាមួយ​ទឹក​ក្តៅឧណ្ហៗកាន់តែ​ល្អ) ប្រមាណ​ជា10-15នាទី​ជាមុនសិន ដើម្បីឱ្យ​ស្បែកជើង​របស់​អ្នក​ទន់​ងាយស្រួល​ក្នុងការ​ដុស​សម្អាត​សារធាតុ​កខ្វក់ និង​ស្បែកចាស់ៗចោល។ ប្រសិនបើ​ជើង​របស់​ស្ងួត និង​មាន​សភាព​ប្រះ​បែក​នោះ អ្នក​ត្រូវតែ​ផ្តល់​សំណើម​ឱ្យជើង​របស់​អ្នក។ មាន​ផលិតផល​ច្រើនណាស់​ដែល​អាចឱ្យ​អ្នក​ជ្រើសរើស​ប្រើប្រាស់ ដូច្នេះ​វា​ពិតជា​មិន​ពិបាក​ទេ​បើ​គ្រាន់តែ​ចង់​ស្វែងរក​ផលិតផល​មួយ​ដែល​ត្រូវ​នឹង​អ្នកនោះ។

ធ្វើ​ចលនា និង​ម៉ាស្សា​ជើង៖ ម្រាមជើង និង​ប្រអប់ជើង​ក៏​អាច​បង្កើន​ភាពស្រស់ស្អាត​ឱ្យ​អ្នក​បានដែរ ហេតុនេះ​ការ​ទាញ​ម្រាមជើង ច្របាច់ ធ្វើ​ចលនា​ចុះឡើង និង​ការ​ម៉ាស្សា​ប្រអប់ជើង​ដោយ​ប្រេង​អូ​លីវ ឬ​ប្រេងដូង​ជាដើម​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការបន្ថែម​ភាព​តឹង​ណែន​ដល់​ប្រអប់ និង​ម្រាមជើង​របស់​អ្នក។

សម្អាត​ជើង​ឱ្យ​ស្អាត៖ ការលាង​សម្អាត និង​ជូត​ជើង​របស់​អ្នក​ឱ្យបាន​ស្អាត និង​ស្ងួត​ល្អ គ្រប់កន្លែង ពិសេស​គឺ​នៅ​ចន្លោះ​ម្រាមជើង​ជាដើម​នោះ​គឺជា​ចំណុច​មួយ​ដែល​អ្នក​មិនគួរ​ភ្លេច​ជាដាច់ខាត។

កុំ​មើលរំលង​ស្បែកជើង​ដែល​អ្នក​ពាក់៖ ស្បែកជើង​ស្អាត​ល្អ​ពិតប្រាកដ​មិន​ត្រឹមតែ​ជា​ម៉ូដ​ដែល​អាច​លើក​សម្រស់​ជើង​តែប៉ុណ្ណោះ​ទេ តែ​វា​ត្រូវតែ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្លៀកពាក់​ផងដែរ។ សូម​ចាំ​ថា ស្បែកជើង​ដែល​មិន​ធ្វើឱ្យ​ឈឺ​ជើង និង​ងាយស្រួល​ដើរ​គឺជា​ជម្រើស​ទីមួយ​ដែល​អ្នក​ត្រូវ​គិតដល់៕

Advertisement