សួនច្បារ​ក្នុង​ផើង​ជម្រើស​របស់​អ្នក​ដែល​មាន​ទីធ្លា​តិច​ឬអ្នក​ស្នាក់នៅ​ផ្ទះល្វែង​ជាន់លើ​

បើ​លោកអ្នក​ជា​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​ដែល​រស់នៅ​ក្នុង​ផ្ទះល្វែង​ជាន់លើ​ដែល​មាន​ទីធ្លា​តូច​ តែ​ចិត្តធំ​ ចង់​បែងចែក​ទីកន្លែង​ដ៏​មានកំណត់​នៅក្នុង​ផ្ទះ​(ល្វែង​)របស់​ខ្លួន​ឱ្យ​មាន​ពណ៌ខៀវខ្ចី​​​ ​ស្រស់ស្រាយ​របស់​រុក្ខជាតិ​ ឬចង់​ទាញ​យក​ធម្មជាតិ​ចូល​មក​ធ្វើជា​ផ្នែក​មួយ​របស់​ជីវិត​ តែ​ទាស់​ត្រង់​ទីធ្លា​(មុខ​)ផ្ទះ​វា​មាន​តូច​ពេក​ គិត​ចង់​ធ្វើ​អី​ថែម​(សួនច្បារ​) ក៏​វា​មិនបាន​ដូច​ចិត្ត​ប្រាថ្នា​នោះ​… សូម​ប្រាប់​ថា​ ពេលនេះ​មិន​ចាំ​បាច់​បារម្ភ​ទៀត​ទេ​ ព្រោះ​យើង​មាន​អៃ​ឌៀ​ល្អ​ៗមក​ជម្រាប​ជូន​អ្នក​ដែល​មាន​ “ទីធ្លា​តូច​” តែ​ចិត្តធំ​ទាំងឡាយ​ឱ្យ​បាន​សប្បាយ​ចិត្ត​ដូចតទៅ​៖

សួនច្បារ​ក្នុង​ផើង​ ជម្រើស​របស់​អ្នក​ដែល​ផ្ទះ​មាន​ទីធ្លា​តូច​ ឬអ្នក​រស់នៅ​ក្នុង​ផ្ទះល្វែង​ជាន់លើ​
សួនច្បារ​ក្នុង​ផើង​ គឺជា​ចម្លើយ​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​អ្នក​ដែល​ស្នាក់អាស្រ័យ​នៅក្នុង​ទី​កន្លែង​ដែល​មានកំណត់​ ដូចជា​ នៅក្នុង​ខុន​ដូ​ ឬផ្ទះល្វែង​ក្នុង​ទីក្រុង​ជាដើម​ព្រោះ​…៖
1. ផើងផ្កា​ងាយស្រួល​ទុកដាក់​ រៀបចំ​ និង​ក្នុង​ទីធ្លា​តូច​ចង្អៀត​ក៏អាច​នៅ​បាន​។
2. ផើងផ្កា​ មិន​ប្រកាន់​ទីកន្លែង​ អាច​លើក​ទៅ​នេះ​ទៅ​នោះ​បាន​ មិន​ចេះ​ខឹង​ និង​សុខចិត្ត​ទៅតាម​ចិត្ត​យើង​ជានិច្ច​។
3. ផើងផ្កា​ អាច​រៀបចំ​តុបតែង​ឱ្យ​ស្អាត​បាន​ច្រើនបែប​ ច្រើនយ៉ាង​ និង​យ៉ាង​សមសួន​ គ្រាន់តែ​តុបតែង​ផើង​ ទីកន្លែង​បន្តិចបន្តួច​ប៉ុណ្ណោះ​ និង​មិន​ចាំបាច់​ចំណាយ​ដើមទុន​ និង​កម្លាំង​កំហែង​ច្រើន​ទៀតផង​។

ការរៀបចំ​សួនច្បារ​ក្នុង​ផើង​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ ដោយ​គ្រាន់តែ​លោកអ្នក​ជ្រើសរើស​ដើមផ្កា​ណា​ដែល​លោកអ្នក​ស្រឡាញ់​ចូលចិត្ត​ ដាក់ដាំ​នៅក្នុង​ផើង​ដែល​មាន​រូបរាង​ និង​ក្បាច់​ក្បូរ​ស្អា​តៗ​ ដាក់​តម្រៀប​គ្នា​យ៉ាង​មាន​ស្ទីល​ តែ​ប៉ុណ្ណឹង​លោកអ្នក​នឹង​បាន​សួនច្បារ​ដ៏​តូច​ស្អាត​មួយ​នៅក្នុង​ផ្ទះ​ដូច​ក្តី​ប្រាថ្នា​បាត់​ទៅ​ហើយ​។

ចំណុច​ដែល​គួរ​ដឹង​ សម្រាប់​ការរៀបចំ​សួន​ច្បារ​ក្នុង​ផើង​អ្នក​ដែល​អាច​រស់នៅ​ជាមួយនឹង​ដើមផ្កា​នៅ​ក្នុង​ផើង​បាន​គួរតែ​ដឹង​បន្តិច​ដែរ​ថា​ ដើមផ្កា​ដែល​ដាំ​នៅក្នុង​ផើង​ ត្រូវតែ​ឧស្សាហ៍​មើលថែ​ទាំ​ឱ្យ​បាន​ញឹកញាប់​ជាង​ដើមផ្កា​ដែល​ដាំ​នៅ​លើ​ដី​ ជា​ពិសេស​រឿង​ទឹក​ ដី​ និង​ពន្លឺថ្ងៃ​ ត្រូវតែ​យកចិត្ត​ទុកដាក់​ជាពិសេស​ ដោយសារតែ​ដើមផ្កា​ដែល​ដាំ​នៅក្នុង​ផើង​មាន​ដី​តិច​ជាង​ និង​អាច​ខ្វះខាត​សារធាតុ​ចិញ្ចឹម​ ងាយ​ខ្វះ​សំណើម​ជាង​ដើមផ្កា​ដែល​ដាំ​នៅ​លើ​ដី​ហ្នឹងឯង​៕

Advertisement