មូស​ចូលចិត្ត​ខាំ​មនុស្ស​ប្រភេទ​ណាខ្លះ​?

តើ​អ្នក​ធ្លាប់​អង្គុយ​ជាមួយ​មនុស្ស​ច្រើន​នាក់​ តែ​អ្នកខ្លះ​ក៏​រអ៊ូរទាំ​ថា​ មូស​ខាំ​រហូត​? តែ​អ្នកខ្លះ​ទៀត​ក៏​ប្រាប់​វិញ​ថា​ មិនធ្លាប់​ ឬមិន​មាន​មូស​ខាំ​សូម្បី​តែ​បន្ដិច​។ ចំណុច​នេះ​បាន​កើតជា​ចម្ងល់​សម្រាប់​មនុស្ស​មួយចំនួន​ជា​ខ្លាំង​ ថា​ហេតុអ្វីបានជា​មូស​ខាំ​តែ​គេ​ ហើយ​មិន​ខាំ​អ្នក​នោះ​អុីចឹង​? ដូច្នេះនៅ​ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន ចង់​ពន្យល់​ប្រាប់​ប្រិយមិត្ត​អ្នកអាន​ថា​ តើ​មនុស្ស​ប្រភេទ​ណា​ដែល​ចូលចិត្ត​មូស​ខាំ​ ? ចុះ​ហេតុអ្វីបានជា​អ្នកខ្លះ​មូស​មិន​ខាំ​? ពិត​ដែរ​ឬទេ​? មាន​វិធី​អ្វី​ដែល​អាច​ជួយការ​ពារ​មូស​មិន​ឱ្យ​ចូល​មក​កៀក​ខ្លួន​របស់​យើង​បាន​? តោះ​មក​ធ្វើការ​ស្វែងយល់​ទាំងអស់គ្នា​។

“មូស​” ចូលចិត្ត​ខាំ​មនុស្ស​ប្រភេទ​ណា​ ?
1. មនុស្ស​ដែល​បែកញើស​ចេញ​មក​ច្រើន​ ក្រៅពី​ក្លិន​ញើស​ហើយ​ នៅ​មាន​បញ្ហា​របស់​សីតុណ្ហភាព​ស្បែក​បញ្ចេញកម្ដៅ​មក​ខាងក្រៅ​ ព្រម​ជាមួយនឹង​ទឹក​ញើស​ផង​ដែរ​។
2. មនុស្ស​ដែល​មាន​សីតុណ្ហភាព​ស្បែក​ក្ដៅ​ជាង​មនុស្ស​ធម្មតា​។ ពោល​គឺ​មិន​សំដៅ​ទៅដល់​អ្នកជំងឺ​គ្រុនក្ដៅ​នោះ​ទេ​។
3. ក្រុម​មនុស្ស​ចូលចិត្ត​ហាត់ប្រាណ​។ ក្រៅ​ពី​បាន​បញ្ចេញ​ញើស​ និង​សារធាតុ​ខ្លាញ់​ដែល​ដុត​កម្ដៅ​ក្នុង​រាងកាយ​ឱ្យ​ចេញ​មក​ខាងក្រៅ​ហើយ​នោះ​ នៅ​មាន​សារធាតុ​កាបូន​ដែល​បាន​បញ្ចេញ​មក​ និង​ភាយ​ក្លិន​ជាប់​ខ្លួន​ថែមទៀត​ផង​។
ប្រសិនបើ​អ្នក​ហាត់ប្រាណ​នៅពេល​រសៀល​ នៅក្នុង​តំបន់​សួន​សាធារណៈ​ត្រ​ជា​ក់ៗ​ នោះ​ស្បែក​របស់​អ្នក​នឹង​ប្រឈម​ជាមួយ​ការ​ទាក់​ទាញ​ឱ្យ​មូស​ខាំ​បាន​យ៉ាង​ងាយ​។
4. ស្បែក​ក្មេង​តូច​ ដែល​មាន​លក្ខណៈ​ និង​ក្លិន​ ដែល​មូស​ហោះ​កាត់​ហើយ​ឈ្ងុយ​គួរ​ឱ្យ​ចង់​ខាំ​ជាង​ស្បែក​របស់​មនុស្ស​ធំ​។
5. ស្ត្រី​ងាយ​ត្រូវ​មូស​ខាំ​ជាង​បុរស​ ក៏​ព្រោះថា​ អ័​រមូ៉​នដែ​លមា​នប្រ​ភេទ​ខុសគ្នា​។
6. អ្នក​ដែល​ស្លៀកពាក់​ខោអាវ​ពណ៌​ងងឹត​ៗ ឬស្រ​អាប់​ៗ ឬប្រភេទ​ខោអាវ​វាល​ចេញ​សាច់​ ដែល​ជាហេតុ​បណ្ដាល​ឱ្យ​មូស​ចូលចិត្ត​ខាំ​ និង​ងាយ​ខាំ​បាន​ជាង​អ្នក​ដែល​ស្លៀកពាក់​ជិ​តៗ​ខ្លួន​។
7. មនុស្ស​ដែល​បែកញើស​បាតជើង​ ឬមិន​បាន​សម្អាត​នា​ម័យ​ជើង​បាន​ស្អាត​ ព្រោះថា​ ភាគច្រើន​សត្វ​មូស​ចូលចិត្ត​ខាំ​ និង​ប៊ឺ​តឈាម​តែ​ស្បែក​ដែល​មាន​ក្លិន​ខ្លាំង​ ហើយ​វា​ដេញ​តាម​ក្លិន​ញើស​ដែល​ជាប់នឹង​បាតជើង​។

វិធីការ​ពារ​មិន​ឱ្យ​មូស​ខាំ​
1. ប្រើប្រាស់​ថ្នាំ​ការពារ​មិន​ឱ្យ​មូស​ខាំ​ មិន​ថា​តែ​ប្រភេទ​ថ្នាំ​បាញ់​ លាប​ ម្សៅ​ គ្រី​ម ឬផ្សែង​បាញ់​នៅ​បរិវេណ​ផ្ទះ​ គឺ​អ្នក​ត្រូវតែ​ការពារ​ជាប់​ជានិច្ច​។
2. ជ្រើសរើស​ខោអាវ​ដែល​មាន​ពណ៌​ចែង​ចាំង​ភ្លឺ​ៗ។
3. ងូតទឹក​ជាប្រចាំ​ឱ្យ​រាងកាយ​បាន​ស្អាតបាត​ ប្រាសចាក​ក្លិន​ញើស​ និង​កាត់បន្ថយ​កម្ដៅ​ពី​ស្បែក​បាន​ល្អ​ប្រសើរ​។
4. ចៀសវាង​ពី​កន្លែង​ដែល​មាន​មូស​រស់នៅ​ដូចជា​ កន្លែង​ងងឹត​ មាត់ទឹក​ ក្នុង​ព្រៃ​ ឬនៅ​តាម​គុម្ព​ស្មៅ​។ បើ​ចាំបាច់​ណាស់​ អ្នក​គួរតែ​មាន​សម្លៀក​បំពាក់​ភ្លឺ​ៗ ហើយរុំ​ជិត​ដូចជា​ ខោជើងវែង​ និង​អាវដៃវែង​ជាដើម​។ មិន​ត្រូវ​ប្រើ​សម្លៀកបំពាក់​ដែល​មាន​សាច់​ស្ដើង​ៗ ឬក្រណាត់​ស្ដើង​មក​រុំ​ខ្លួន​នោះ​ទេ​។
5. ដាក់​មុង​ សំណាញ់​ រណាំ​ង ដែល​មូស​មិន​អាច​ចូលក្នុង​ផ្ទះ​បាន​ និង​មិន​ត្រូវ​បើក​បង្អួច​ចោល​នៅពេល​រសៀល​ និង​យប់​ឡើយ​ ព្រោះ​វា​ជា​ឱកាស​ដែល​មូស​អាច​ហើរ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​បាន​។
6. បំផ្លាញ​សំបុក​ និង​កន្លែង​ដែល​មូស​អាច​ពង​ និង​បង្ក​កំណើត​បាន​នៅក្នុង​បរិវេណ​ផ្ទះ​ ដូចជា​ ផើងផ្កា​ ថូផ្កា​ ធុងទឹក​ អាងទឹក​ដែល​មិន​មាន​គម្រប​ និង​កន្លែង​ចិញ្ចឹមសត្វ​ជាដើម​។
ក្រៅពី​មូស​ខាំ​ធ្វើ​ឱ្យ​យើង​រមាស់​ឈីបៗ​ហើយ​ រយៈពេល​ច្រើនថ្ងៃ​កន្លងទៅ​ បើ​នៅតែ​មាន​មូស​ខាំ​ទៀត​ នោះ​ស្បែក​របស់​អ្នក​អាច​នឹង​ឆ្លង​រោគ​វី​រ៉ុស​ ដែល​ធ្វើ​ឱ្យ​មាន​ជំងឺគ្រុនឈាម​ គ្រុន​រលាក​ស្រោមខួរ​ ម៉ា​ឡា​រៀ​ ឬគ្រុន​ស៊ី​កា​ជាដើម​។ ដូច្នេះ​ហើយ​បញ្ហា​មូស​ខាំ​ មិនមែន​ជា​បញ្ហា​ថ្មី​នោះ​ទេ​សម្រាប់​អ្នក​ ក៏ប៉ុន្ដែ​ការ​ប្រយ័ត្ន​ប្រយែង​ គឺជា​រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​។

ការ​កម្ចាត់​មូស​នៅក្នុង​ផ្ទះ​របស់​អ្នក​ ដោយ​វិ​ធី​ងាយ​ៗ
1. ខ្ទឹមស​ : អាហារ​ប្រើ​ប្រចាំថ្ងៃ​មួយ​នេះ​កុំ​មើលងាយ​ឱ្យ​សោះ​ ពីព្រោះ​ថា​វា​មាន​ក្លិន​អាច​បណ្តេញ​សត្វ​មូស​ឱ្យ​ចេញ​ឆ្ងាយ​បាន​។ វិធី​អនុវត្ត​គឺ​ ដំ​ខ្ទឹមស​ឱ្យ​បែក​រហូត​ចេញ​ទឹក​របស់​វា​មក​។ បន្ទាប់ពី​នោះ​ យក​ទៅ​ដាក់​ក្នុង​កូនចាន​ រួចហើយ​យក​ទៅ​ទុកចោល​នៅកន្លែង​ ដែល​សម្បូរ​សត្វ​មូស​ ព្រោះថា​ក្លិន​របស់​វា​អាច​បណ្តេញ​សត្វ​មូស​ឱ្យ​រត់ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​បាន​។2. ស្លឹក​ ឬដើម​ម្រះព្រៅ​ : ស្លឹក​ ឬដើម​ម្រះព្រៅ​ក៏អាច​ប្រើ​កម្ចាត់​សត្វ​មូស​បាន​ដូចគ្នា​ដែរ​ ប៉ុន្តែ​គ្រាន់តែ​ក្លិន​របស់​ម្រះព្រៅ​ងាយ​ហើរ​អស់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។ ហេតុនេះ​ឃើញថា​បើ​ចង់​ប្រើ​ស្លឹក​ ឬដើម​ម្រះព្រៅ​កម្ចាត់​សត្វ​មូស​ គប្បី​ធ្វើការ​ផ្លាស់​ប្តូរ​ឱ្យ​បាន​ញឹកញាប់​បន្តិច​។3. សម្បក​ក្រូចសើច​ : ប្រេង​នៅត្រង់​សម្បក​របស់​ក្រូចសើច​គេ​អាច​ប្រើ​ក្នុង​ការ​កម្ចាត់​សត្វ​មូស​បាន​ផង​ដែរ​។ ហេតុនេះ​អ្នក​ត្រូវ​ហាន់​សម្បក​ក្រូចសើច​ជា​ចំ​ណិ​តតូច​ៗ រួចហើយ​យក​ទៅ​ដាក់​នៅកន្លែង​ណាមួយ​សម្រាប់​ប្រើ​បណ្តេញ​មូស​។4. ជី​អង្កាម​ : ជា​បន្លែ​មួយ​ប្រភេទ​ទៀត​ដែល​គេ​អាច​ប្រើ​កម្ចាត់​សត្វ​មូស​បាន​ ដោយ​ទទួល​បាន​ផល​ល្អ​ផង​ដែរ​។ វិធី​ប្រើ​គឺ​ ត្រូវ​ញី​ស្លឹក​ស្រស់​ៗរបស់​វា​ រួច​យក​ទៅ​ដាក់​ត្រង់​ទីកន្លែង​ណាមួយ​នៅក្នុង​ផ្ទះ​ ដើម្បី​ប្រើ​កម្ចាត់​សត្វ​មូស​ទាំងនេះ​ឱ្យ​អស់​ទៅវិញ​។5. ជី​នាងវង​ : បន្លែ​មួយ​ប្រភេទ​នេះ​យើង​ក៏អាច​ប្រើ​តាមវិធី​ខាងលើ​ក្នុង​ការ​កម្ចាត់​សត្វ​មូស​បាន​ផង​ដែរ​។6. ស្លឹកគ្រៃ​ : ជា​រុក្ខជាតិ​ដែល​មាន​ភាព​ល្បី​ឈ្មោះ​ខាង​កម្ចាត់​សត្វ​មូស​ស្រាប់​ទៅ​ហើយ​។ ហេតុនេះ​យើង​អាច​រក​ស្លឹកគ្រៃ​មក​ដាំ​ក្បែរ​ផ្ទះ​ឱ្យ​បាន​ច្រើន​ ព្រោះថា​វា​អាច​បណ្តេញ​សត្វ​មូស​ឱ្យ​ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​ ដើម្បី​កុំឱ្យ​វា​មក​រំខាន​អ្នក​ និង​សមាជិក​ក្នុង​គ្រួសារ​បន្ត​ទៀត​៕

Advertisement