ចំណុច​ហាម​ធ្វើ​នៅពេល​កើតមុន​

មុន នរណាៗក៏​មិន​ចង់​កើត​ដែរ យើង​នាំគ្នា​រិះរក​វិធី​គ្រប់យ៉ាង​មក​ថែទាំ​ស្បែក ដើម្បី​កុំឱ្យ​កើតមុន តែបើ​កើតមុន​ឡើង​ហើយ​នោះ​ប្រហែលជា​កែកុន​អី​មិនបាន​ច្រើន​ប៉ុន្មានទេ មានតែ​ប្រញាប់​ព្យាបាល​ឱ្យ​វា​ឆាប់​បាត់​ពីលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យបាន​លឿន​បំផុត​ប៉ុណ្ណោះ។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ដំបូន្មានល្អៗក្នុងការ​ព្យាបាល​មុន​មក​ជម្រាបជូន​មិត្តអ្នកអាន​ក្នុង​ប្រធានបទ “រឿង 6យ៉ាង​ដែល​អ្នក​មិនគួរ​ធ្វើជា​ដាច់ខាត​ពេល​កើតមុន” ដើម្បី​ជួយ​ឱ្យ​មុន​ឆាប់​បាត់​ទៅវិញ ព្រោះ​មាន​ទង្វើ​ខ្លះ អ្នក​គិតថា​ជាការ​ព្យាបាល​មុន តែ​បែរជា​ហុច​ផលប៉ះពាល់​ដល់​រាងកាយ​របស់​អ្នក​ទៅវិញ​ក៏មានដែរ។

1. ជក់បារី

ក្រៅពី​នាំឱ្យ​កើត​មហារីក​សួត រោគ​បេះដូង និង​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជ្រីវជ្រួញ​ហើយ​នោះ ការជក់បារី​នៅ​ធ្វើឱ្យ​សរសៃឈាមតូចៗនៅក្រោម​ស្បែក​បង្រួញ​ខ្លួន ធ្វើឱ្យ​អុក​ស៊ី​ហ្សែ​៊​ន​ដែលមាន​តួនាទី​ចិញ្ចឹម​កោសិកា​ស្បែក​ដែល​ត្រូវ​ដឹកជញ្ជូន​តាម​សរសៃឈាមតូចៗទាំងនោះ​ត្រូវ​ថយចុះ​ធ្វើឱ្យ​ស្បែក​របស់​អ្នកទទួល​នូវ​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​ស្បែក​ឡើង​ស្រអាប់​ខ្មៅ ឆាប់​ចាស់​ជ្រីវជ្រួញ​យារ នាំឱ្យ​មុន​មិន​ងាយ​ជា​បាត់​ទៅវិញ​នោះទេ គឺ​ពិតជា​អាក្រក់​ខ្លាំងណាស់។

2. ប្រើ​ថ្នាំ​ដែលមាន​ចំណែក​ផ្សំ​របស់ ស្ទៀ​រ៉​យ​ដ៍ (Steroid)

ក្នុងអំឡុង​ពេលដែល​កើតមុន​អ្នក​គួរ​ឈប់​ប្រើ​ថ្នាំលាប​ទាំងឡាយណា​ដែលមាន​ចំណែក​ផ្សំ​របស់​សារធាតុ​ស្ទៀ​រ៉​យ​ដ៍​ព្រោះ​អាច​នឹង​ធ្វើឱ្យ​ការកើត​មុន​របស់​អ្នក​រឹតតែ​យ៉ាប់យ៉ឺន និង​អូស​បន្លាយពេល​កាន់តែ​យូរ​ឡើង។ ទោះជា​ថ្នាំ​ដែលមាន​សារធាតុ ស្ទៀ​រ៉​យ​ដ៍ ធ្វើឱ្យ​មុន​ដែល​កំពុង​ក្លាយ​ឆាប់​ជា​ល្អ​ក៏ពិតមែន តែ​ការពិត​វិញ វា​មិនបាន​កែប​ញ្ហា​ដើមហេតុ​នៃ​ការ​កើតមុន​នោះទេ ដូច្នេះ​មុន​ដែលមាន​នៅលើ​ផ្ទៃមុខ​របស់​អ្នកនឹង​កើតឡើង​ទៀត​ជា​បន្តបន្ទាប់ ហើយ​សភាព​ស្បែក​ដែល​បាន​ប្រើ​សារធាតុ ស្ទៀ​រ៉​យ​ដ៍ ច្រើនដង​ហើយ​នោះ នឹង​រឹតតែ​យ៉ាប់យ៉ឺន​ឡើងជា​បន្តបន្ទាប់។

3. ទទួលទាន​ថ្នាំ​សម្លាប់​មេរោគ

ការទទួល​ទាន​ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដើម្បី​ព្យាបាល​អាការ​កើតមុន មិនមែនជា​មធ្យោបាយ​ដែល​ល្អ​នោះទេ ព្រោះ​វា​នឹង​ហុច​ផល​មិនល្អ​ដល់​ស្បែក និង​សភា​ពនៃ​ការកើត​មុន​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យមាន​រយ:ពេល​កាន់តែ​យូរ ហើយ​ថែមទាំង​បំផ្លាញ​ប្រព័ន្ធ​ផ្នែក​ខាង ក្នុងនៃ​រាងកាយ​របស់​អ្នក​ថែម​ទៀតផង។  ដោយសារតែ​ថ្នាំ​សម្លាប់​មេរោគ​ខ្លះ​ដូចជា តេ​ត្រា​ស៊ី​ឃ្លី​ន (Tetracycline) មិនអាច​ញែក​មេរោគ​ដែល​ល្អ ឬ​អាក្រក់​ចេញពី​គ្នា​បាន​នោះទេ ដូច្នេះ​ធ្វើឱ្យ​បាក់តេរី​ដែល​ល្អ​ក៏ត្រូវ​បំផ្លាញ​អស់​ដែរ រួមទាំង​បាក់តេរី​ដែលមាន​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ក៏ត្រូវ​កម្ចាត់​ចោល​ដែរ ធ្វើឱ្យ​ផ្សិត និង​ប៉ារ៉ាស៊ីត​ដែល​បង្កប់​នៅក្នុងរាងកាយ​ចេញមក​រុក​គួ​ន​ប្រព័ន្ធ​ការងារ​ផ្ទៃក្នុង ជាពិសេស​ប្រព័ន្ធ​សំខាន់​មួយ​គឺ ថ្លើម ដែលមាន​តួនាទី​ទទួលខុសត្រូវ​ក្នុង​កម្មវិធី​ព្យាបាល​ខ្លួនឯង​របស់​កោសិកា​ស្បែក​ទៀតផង។

4. កោរ​រោម​លើ​ផ្ទៃមុខ ដោយ​កាំបិត​កោរ​ដែលមាន​ផ្លែ​ច្រើន​ជាន់

កាំបិត​កោរ​ប្រភេទ​មាន​ផ្លែ​ច្រើន​ជាន់ (3-4ជាន់) មានគុណ​សម្បត្តិ​ល្អ គឺ​កោរ​បាន​រលីង​ស្អាត តែ​វា​ក្លាយជា​គុណវិបត្តិ​ចំពោះ​ស្បែក​ដែល​កើតមុន​ទៅវិញ ជាពិសេស​មុន​ដែល​កំពុង​ទុំ ឬ​ជិត​ក្លាយ ព្រោះ​វា​នឹង​កកិត​លើ​ស្បែក​ធ្វើឱ្យ​ស្បែក​មុខ​កាន់តែ​ឡើង​ក្រហម ឬ​ក្លាយជា​ដំបៅ​តែម្តង។ បើ​ត្រូវការ​កោរ​រោម​មុខ​ក្នុងអំឡុងពេល​កើតមុន​នោះ ចូរ​ជ្រើសរើស​ប្រើ​កាំបិត​កោរ​ដែលមាន​ផ្លែ​តែមួយ​ជាការ​ប្រសើរ​បំផុត។

5. ច្របាច់ កេះ អេះ និង​ញេច

មិន​ថា​យ៉ាងណាក៏ដោយ ក៏​មិនត្រូវ​ច្របាច់ កេះ អេះ ញេច ឬ​ប៉ះពាល់​កន្លែង​ដែល​កើតមុន​ជាដាច់ខាត ទោះជា​អ្នកមាន​អារម្មណ៍​ថា វា​គួរឱ្យ​ចង់​ញេច ឬ​ញេច​ហើយ​ប្រហែលជា​ឆាប់​ជា​យ៉ាងណាក៏ដោយ ព្រោះ​វា​អាច​ប្រថុយ​នឹង​ការធ្វើឱ្យ​ស្បែក​នៅ​ម្តុំ​នោះ​រលាក​ក្លាយ​រឹតតែ​ធំ​ឡើងនិង​ស៊ី​ជ្រៅ​ទៅក្នុង​សាច់​មុខ​ថែម​ទៀតផង។ វិធី​ដែល​ល្អ​គឺ​ទុក​ដៃ​នៅ​ឱ្យ​ស្ងៀម ហើយ​ទុកឱ្យ​គ្រូពេទ្យ​ព្យាបាល​មុន​ឱ្យ​វិញ​ទើប​ប្រសើរ​ជាង។

6. ទទួលទាន​វីតាមីន A ច្រើន​ជ្រុល​ពេក

វីតាមីន A ពី​ប្រភព​ធម្មជាតិ​ដូចជា នៅក្នុង​បន្លែ​ផ្លែឈើផ្សេងៗនោះ មាន​ចំណែក​ជួយ​ក្នុង​កម្មវិធី​ព្យាបាល​ខ្លួនឯង​របស់​ស្បែក​បាន​យ៉ាង​ល្អប្រសើរ តែបើ​វីតាមីន A តាមរយ:ការទទួល​ទាន​អាហារ​បំប៉ន ដែល​ទទួលទាន​ត្រឹម​តែមួយ​គ្រាប់​ក៏​ផ្តល់នូវ​បរិមាណ​វីតាមីន A ដ៏​ច្រើន​នោះ បែរជា​ទៅ​បំផ្លាញ​ប្រព័ន្ធ​ធ្វើ​ការងារ​របស់​ថ្លើម និង​ហុចផលប៉ះពាល់​ដល់​សុខភាព​ទៅវិញ ដូច្នេះ​ទោះជា​ដឹងថា វីតាមីន A ល្អ​ចំពោះ​ស្បែក​ក៏ដោយ ក៏​មិនចាំបាច់​ត្រូវ​សង្កត់ធ្ងន់​ទៅលើ​ការ​ទទួលទាន​ថ្នាំ​វីតាមីន A បំប៉ន​នៅក្នុង​អំឡុងពេល​កើតមុន​នោះដែរ។

នាំគ្នា​ព្យាបាល​មុន​យ៉ាង​ត្រឹមត្រូវ​តាម​វិធីសាស្ត្រ​ដ៏​ល្អ ដោយ​ការ​នឹក​ដល់​ចំណុច​ហាមឃាត់​ទាំង 6យ៉ាង​ខាងលើនេះ​ជាប់​ជានិច្ច នឹងធ្វើ​ឱ្យ​មុន​ឆាប់​ជា  ហើយ​ស្បែក​មុខ​របស់​អ្នក​ក៏​ស្រស់ស្អាត​បានយូរ​ថែម​ទៀតផង៕

Advertisement