ឈឺ-កគួរញ៉ាំអ្វីខ្លះ?

នៅពេល​មិន​ស្រួលខ្លួន​ ឬឈឺថ្កាត់​ យើង​តែង​ភាវនា​សុំ​កុំឱ្យ​ឈឺ​-ក តែ​ភាគច្រើន​ មុននឹង​គ្រុនក្ដៅ​ខ្លួន​ វា​ច្រើនតែ​កើតមាន​អាការ​ឈឺ​-កជា​សញ្ញា​ដាស់តឿន​ដំបូង​គេ​ជានិច្ច​។ មិនថា​អ្ន​កណាៗ​ក៏​មិន​ចង់​ឈឺ​-កដែរ​ ព្រោះ​គ្រប់​ៗគ្នា​បានដឹង​ពី​ភាព​ពិបាក​វេទនា​ដែល​ជួនកាល​ និ​យាយ​ឮៗ​ក៏​មិនបាន​ ពេលខ្លះ​សំឡេង​ផ្លាស់ប្ដូរ​ ញ៉ាំ​អាហារ​មិន​ឆ្ងាញ់​ ហើយដែល​សំខាន់​ គឺ​ខាន​បាន​ញ៉ាំ​អា​ហារ​ឆ្ងាញ់​ៗមួយគំនរ​ទៀត​។

ព្រោះ​នៅក្នុង​បំពង់ក​មាន​បំពង់អាហារ​ដែល​បញ្ជូន​អាហារ​ពី​មាត់​ចូល​ទៅ​រក​ក្រពះ​ និង​ពោះវៀន​ ដើម្បី​ធ្វើការ​រំលាយ​ ដូច្នេះ​នៅពេល​ណា​ដែល​ឈឺ​-ក រឿង​សំខាន់​គឺ​កុំ​រុក​គួ​នរំ​ខាន​បរិវេណ​ខាងក្នុង​បំពង់ក​ខ្លាំងពេក​ ព្រោះ​បំពង់ក​អាច​នឹង​កំពុង​រលាក​ ទើប​ធ្វើ​ឱ្យ​យើង​ខាន​បាន​ញ៉ាំ​អាហារ​ដែល​ប្រក្រតី​យើង​អាច​ញ៉ាំ​បាន​យ៉ាង​សប្បាយ​ៗ។ ដូច្នេះ​បើ​ចង់ឱ្យ​អាការ​ឈឺ​-កនេះ​ឆាប់​ជា​ ឬធូរ​ស្រាល​ឡើង​នោះ​ ចូរ​នាំគ្នា​ញ៉ាំ​អាហារ​ខាងក្រោម​នេះ​វិញ​ប្រសើរ​ជាង​៖

១.​ ទឹកដោះគោ​
អំឡុង​ពេល​ឈឺ​-ក អាច​ធ្វើ​ឱ្យ​យើង​មិនសូវ​បាន​ញ៉ាំ​អ្វី​ច្រើន​ទេ​ ដូច្នេះ​ ទឹកដោះគោ​គឺជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​រាវ​ដែល​មានគុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ច្រើន​ ហើយ​ថែមទាំង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ខ្វះ​ជាតិទឹក​ដែល​អ្នក​ឈឺ​-កជាច្រើន​នាក់​អាច​ត្រូវ​ប្រឈម​(មិនសូវ​ចង់​ញ៉ាំ​ទឹក​ ព្រោះ​ឈឺ​-ក)។ ក្រៅពី​បាន​ទទួល​ប្រូ​តេ​អុីន​ពេញ​ៗហើយ​ នៅ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ពោះ​ទៀតផង​។កុំ​ភ្លេច​ ជ្រើសរើស​ញ៉ាំទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​កុំឱ្យ​ឈឺ​ក្រហាយ​សាច់​ភ្នាស​ក្នុង​បំពង់ក​។

២. ស៊ុប​មី​គៀវ​
បើ​នៅ​ប្រទេសក្រៅ​ អាច​នឹង​ជ្រើស​រើ់​សទ​ទួល​ទាន​អាហារ​ប្រភេទ​សរ​សៃៗ​ ទន់​ៗ ដូចជា​ សរសៃ​មី​ផា​ស្តា​ រ៉ា​វី​អូ​លី​ ជាដើម​ តែបើ​នៅ​ស្រុក​យើង​ ស៊ុប​មី​គៀវ​ គឺជា​អាហារ​ដែល​ងាយស្រួល​ទំពា​ ងាយស្រួល​លេប​ ហើយ​ទឹក​ស៊ុប​ក្ដៅ​ៗថែមទាំង​ជួយ​ធ្វើ​ឱ្យ​ស្រឡះ​បំពង់ក​ទៀតផង​។ តែ​សូម​ចៀសវាង​គៀវ​បំពង​ និង​ខ្ទឹម​បំពង​ ព្រោះ​អាច​រឹតតែ​ធ្វើ​ឱ្យ​អាការ​ឈឺ​-កកាន់តែ​យ៉ាប់យ៉ឺន​ឡើង​។

៣. បបរសាមចូក​
គ្មាន​អាហារ​សម្រាប់​អ្នកជំងឺ​ណា​ដែល​ល្អ​ជាង​បបរសាមចូក​ឡើយ​ ព្រោះ​អង្ករ​ជា​ខា​បូ​ហាយ​ដ្រេ​តដ៏​សំខាន់​ដែល​ជួយ​ឱ្យ​កម្លាំងថាមពល​អាច​ទៅជាមួយ​យើង​បាន​ពេញមួយថ្ងៃ​ និង​ថែមទាំង​មិន​ឈឺ​ក្រហាយ​បំពង់ក​ ឬធ្វើ​ឱ្យ​ឈឺ​-កដូច​បាយ​ស្រួយ​ផ្សេង​ៗទៀតផង​។ បើសិនជា​ធុញទ្រាន់​បបរ​ធម្មតា​ ក៏អាច​ប្ដូរ​មក​ជា​បបរសាមចូក​បាន​ ដោយ​ជ្រើសរើស​យក​រសជាតិ​ដែល​មិន​ប្រៃ​ខ្លាំង​ ដាក់​សាច់​ជ្រូក​កិន​ម៉ដ្ឋ​ វា​នឹង​ជួយ​បង្កើន​សារធាតុ​អាហារ​ក្នុង​អាហារ​មួយ​ចាន​នោះ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម​បាន​យ៉ាង​ងាយ​(និង​កុំ​ដាក់​ខ្ទឹម​បំពង​)។

៤. ស៊ុតស្រុស​
ក្នុងអំឡុងពេល​ដែល​រាងកាយ​ត្រូវការ​ប្រូ​តេ​អុី​នដើម្បី​បន្ថយ​អា​-ការ​ឈឺ​-កឱ្យ​បាន​លឿន​នោះ​ ស៊ុត​ក្រឡុក​ចៀន​ ស៊ុត​ចៀន​ជ័រ​ព្នៅ​អាច​មិនមែន​ជា​ជម្រើស​ដែល​ល្អ​បំផុត​នោះ​ទេ​ ឯស៊ុតស្ងោរ​ក៏អាច​នឹង​ស្ងួត​រហូត​ពិបាក​នឹង​លេប​ផង​ដែរ​ តែបើ​សិន​ជា​ស៊ុត​ស្រុស​ដែល​មាន​លក្ខ​ណៈ​ខាប់​ៗទន់​ៗ និង​ងាយ​ស្រួល​លេប​វិញ​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​យើង​ញ៉ាំ​ស៊ុត​បាន​យ៉ាង​មាន​សេចក្ដីសុខ​ខ្លាំង​ឡើង​។ ក្រៅ​ពីនេះ​ ស៊ុត​ថែមទាំង​ជា​អាហារ​ដែល​ពោរពេញ​ដោយ​គុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ជាច្រើន​ មិន​ថា​តែ​ប្រូ​តេ​អុីន​ វីតាមីនA​, B5​, B2​ ស័ង្កសី​ និង​ជាតិ​ខ្លាញ់​ល្អ​ទៀតផង​។

៥. ផ្លែឈើ​ក្រឡុក​
ជាប្រក្រតី​ យើង​នឹង​ណែនាំ​ឱ្យ​ញ៉ាំ​ផ្លែឈើ​ជា​ចំ​ណិ​តស្រស់​ៗខ្លាំង​ជាង​ តែបើ​សិន​ជា​កំពុង​ឈឺ​-ក ការ​យក​ផ្លែឈើ​ស្រស់​ទៅ​កិន​ក្រឡុក​ឱ្យ​ម៉ដ្ឋ​(ទាំង​កាក​)ក៏​ជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​លោកអ្នក​បាន​ទទួល​វីតាមីន​ពី​ផ្លែឈើ​កាន់តែ​ងាយស្រួល​ឡើង​ក្នុង​ខណៈ​ដែល​លោកអ្នក​នៅ​មាន​អាការ​ឈឺ​-ក។ តែ​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ ត្រូវ​កិន​ក្រឡុក​ផ្លែឈើ​ជាមួយ​កាក​(ហាម​ដាក់​ទឹកកក​) ហាម​ញែកចេញ​ ឬស្រង់​យក​កាក​ចេញ​ជាដាច់ខាត​ មិន​ដូច្នោះ​ទេ​ លោកអ្នក​នឹង​ទទួល​បាន​ត្រឹមតែ​ជាតិ​ស្ករ​សុទ្ធ​ៗ ដោយ​នឹង​ទទួល​បាន​វីតាមីន​តិច​បំផុត​។

៦. ទឹក​ស្ងោរ​ឆ្អឹង​ស៊ុប​
គ្មាន​ទឹកស៊ុប​ណា​នឹង​ឆ្ងាញ់​ ហុត​ស្រួល​បំពង់ក​ស្មើនឹង​ទឹកស៊ុប​ដែល​ស្ងោរ​រម្ងាស់​ពី​ឆ្អឹង​សត្វ​ឡើយ​។ ក្រៅពី​រសជាតិ​ឈ្ងុយឆ្ងាញ់​តាម​ធម្មជាតិ​ដោយ​មិន​ចាំបាច់​ថែម​គ្រឿង​ហើយ​នោះ​ ការ​ហុត​ទឹកស៊ុប​ក្ដៅ​ឧណ្ហ​ៗនៅ​ជួយ​កាត់បន្ថយ​អាការ​រលាក​ ហើម​នៅក្នុង​បំពង់ក​ ហើយ​ថែមទាំង​ជួយ​កាត់​បន្ថយ​អាការ​ប្រថុយប្រថាន​ក្នុង​ការ​ឆ្លង​មេរោគ​បាន​ទៀតផង​៕

Advertisement